អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​សសៃ​ឈាម​ខួរ​ក្បាល​កំពុង​កើនទ្បើង

អត្រា​ស្លាប់ដោយសារ​ជំងឺ​សសៃ​ឈាម​ខួរ​ក្បាល​បាន និង​កំពុង​កើន​ទ្បើង​គួរ​​ឲ្យ​ព្រួយ​បារម្ភ​នៅលើ​ពិភព​លោក ព្រោះ​ជំងឺ​នេះ​បាន​ និង​កំពុង​ក្លាយ​ជា​បញ្ហា​សុខភាព​​សាធារណៈ។

2លោកវេជ្ជ​បណ្ឌិត ច័ន្ទសំទ្បេង បំរើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បានថ្លែង​​ឲ្យដឹង​កាលពី​សប្តាហ៍​មុនថា ប្រជាពល​​រដ្ឋខ្មែរ​យើង​តែងតែ​គិតថា​ជំងឺ​ដាច់​​សសៃ​​ឈាម​ខួរក្បាល ជាជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ប៉ុន្តែ​​បើ​និយាយ​ពីជំងឺ​ស្លាប់​មួយ​ចំហៀ​ង​ខ្លួនគឺ​មាន​ទំហំធំ ក្នុងនោះ​មានជំងឺ​ដាច់​សសៃ​ឈាម​ខួរក្បាល​ផង និងជំងឺ​ផ្សេងៗ​​ផង។ លោកបន្ត​ថា ការពិត​ជំងឺ​សសៃ​ឈាម​ខួរក្បាល​មាន ដូចជា ជំងឺស្ទះ​សសៃ​​ឈាម​​ខួរក្បាល ជំងឺ​លៀន​សសៃ​ឈាម ឬហូរ​ឈាម​ចូលក្នុង​សាច់ខួរ​ក្បាល និងជំងឺ​​សសៃ ​វែន​ខួរ​ក្បាល។

លោកបន្តថា ជំងឺ​សសៃ​ឈាមខួរ​ក្បាល នៅ​ប្រទេស​កម្ពុជា​មាន​ច្រើន​ណាស់ ដោយវា​ស្ថិតក្នុង​ជួរទី១ នៃអ្នក​ជំងឺ​ដែលមក ​សម្រាក​ក្នុងមន្ទីរ​ពេទ្យ នៃផ្នែក​ប្រាសាទ​​សាស្រ្ត ហើយពី​មុនមកគេ​គិតថាវា​ជាមូល​ហេតុទី៣​នៃពិការ​ភាព និង​​មរណៈ​ភាព​​នៅ​​លើពិភព​លោក ប៉ុន្តែ​តាមការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗគេ​គិតថា ជំងឺ​​សសៃ​ឈាម​ខួរ​ក្បាល​នេះ នឹងក្លាយ​ជាមូល​ហេតុ​ស្លាប់​ច្រើន​ជាង​គេទី១ នៅលើ​ពិភព​លោក​ក្នុង​ពេល​​ឆាប់ៗ​នេះ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ សំទ្បេង បាន​បន្តថា ជំងឺនេះ​ភាគច្រើន​កើតលើ​មនុស្ស​​វ័យ​ចំ​ណាស់ ដែលមាន​អាយុ​ចាប់ពី​៥០ ទៅ​៦០ ឆ្នាំ​ទ្បើងទៅ ប៉ុន្តែវា​ក៏មានកើត​លើអ្នក​​មានវ័យ​ក្មេងដែរ ដោយសារ​គាត់មាន​ជំងឺ​បេះដូង តែមិន​បានឲ្យ​គ្រូពេទ្យ​ឯកទេស​ធ្វើ​ការ​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ ក៏បណ្តាល​ឲ្យមាន​កំណក​ឈាមក្នុង​បេះដូង​ហើយវា​រ​សាត់​អណ្តែត​ទៅទើ នៅកន្លែង​ណាមួយ​ធ្វើឲ្យ​ស្ទះ​សសៃ​ឈាមខួរ​ក្បាល និងបណ្តា​ល​ឲ្យកើត​ជំងឺ​សសៃ​ឈាមខួរ​ក្បាល។

លោកបន្តថា គ្រោះថ្នាក់​សសៃ​ខួរក្បាល មានមូល​ហេតុ ដូចជា ស្ទះសសៃ​​ឈាម​ដោយ​សារ​ស្ទះ​​ខ្លាញ់​ក្នុង​សសៃ​ឈាម ព្រោះ​អ្នក​ជំងឺ​គាត់មាន​ជំងឺ​លើស​ឈាម​​ និង​ជំងឺ​​ទឹកនោម​ផ្អែម បណ្តាល​ឲ្យកក​ខ្លាញ់​ក្នុង​សសៃ​ឈាម និង​បណ្តាល​ឲ្យ​ពិបាក​​ហូរ​​ឈាម ធ្វើឲ្យ​មាន​កា​រស្ទះ​នៅសសៃ​ឈាម ដែលធ្វើ​ឲ្យចរន្ត​ឈាម​​ស្ទះ​មិនអាច​​ហូរទៅ​កាន់​កោសិកា​​ខួរក្បាល ធ្វើឲ្យ​អុក​ស៊ីសែន​ចិញ្ចឹម​​ខួរក្បាល​មិនគ្រប់​គ្រាន់ ហើយធ្វើ​ឲ្យ​កោ​សិកា​ខួរក្បាល​បាត់បង់​មុខងារ​របស់ខ្លួន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៤​ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative