សិស្សកម្ពុ​ជា​២រូប ទទួល​បាន​មេដាយ​សំរិទ្ធ និង​ពាន​រង្វាន់​កិត្តិយស ក្នុង​ការ​ប្រលង​រូប​វិទ្យា​អូឡាំព្យាដ​អន្តរជាតិ​ នៅឥណ្ឌា

សិស្ស​ពូកែ​កម្ពុជា​ចំនួន​២នាក់ ម្នាក់ទទួល​បានមេដាយ​សំរិទ្ធ និងម្នាក់​ទៀត ទទួល​បាន​ពាន​កិត្តិយស ក្នុង​ការប្រលង​រូបវិទ្យា​ អូឡាំព្យាដ អន្តរ​ជាតិ លើកទី​៤៦​នៅ​ប្រទេស​ឥណ្ឌា។

4បើតាម​លោកស្រី គឹម សេដ្ឋានី រដ្ឋ​លេខា​ធិការក្រសួង​​អប់រំ​យុវជន និងកីឡា​ បាន​មាន​ប្រសាសន៍ កាលពី​ថ្ងៃទី​១៣ កក្តដា ខណៈ​ ពេល​ដែល​លោក​ស្រី ទៅ​ទទួល​ស្វាគមន៍​ការ​ត្រឡប់​មកវិញ​របស់​សិស្ស​ពូកែ​នៅ​ព្រលាន​យន្ត​ហោះ​ ភ្នំ​ពេញ​អន្តរជាតិ​ ឲ្យដឹង​ថា​ក្រសួង​បាន​បញ្ជួន​សិស្ស​ពូកែ​ចំនួន​៥នាក់ ឲ្យ​ចូល​រួម​ប្រលង​រូបវិទ្យា​អូឡាំព្យាដ អន្តរ​ជាតិ នៅ​ប្រទេស​ឥណ្ឌា ចាប់ពី​ថ្ងៃទី០៥ ដល់​ថ្ងៃ​ទី១២ ខែកក្តដា ឆ្នាំ២០១៥។ ក្នុង​ចំណោម​សិស្ស​ទាំង៥​នាក់​នោះ មានតែ​សិស្ស​ចំនួន​២នាក់​ប៉ុណ្ណោះ ទទួល​បានមេដាយ​ម្នាក់ និងទទួល​បានពាន​រង្វាន់កិត្តិ​យស ម្នាក់ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​៣៨០នាក់​មកពី​ ៨៦​ប្រទេស។

លោកស្រី​បានបន្តថា សិស្សទទួល​បានជ័លា​ភី​ពីរ​នាក់នោះ​គឺទី១ប្អូន​ប្រុស ហេង សូវីរ៉ូ រៀន​នៅ​វិទ្យាល័យ​បាក់ទូក​រាជធានី​ភ្នំ​ពេញ ទទួល​បាន​មេដាយ​សំរិទ្ធ និងប្អូន​ស្រី ប្រាក់ ស៊ីវហួរ រៀននៅ​វិទ្យាល័យ មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ ទទួល​បាន ​ពាន​កិត្ត​យស។

លោកស្រី​បានរំលឹ​កថា ការប្រលងរូប​វិទ្យា អូឡាំ​ព្យាដ ទ្វីប​អាស៊ី លើកទី​១៦ នៅ​ប្រទេស​ចិន ដែល​ប្រព្រឹត្តិ​ទៅពីថ្ងៃ​ទី០៣ ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ ប្អូនប្រុស ហេង សូវីរ៉ូ ក៏ទទួល​បានមេដាយ​សំរិទ្ធ និងប្អូន​ស្រី ប្រាក់ ស៊ីវហួរ ទទួល​បានពាន​ កិត្ត​យស​ដែរ។

ប្អូនស្រី ប្រាក់ ស៊ីវហូរ បាននិយាយ​ថា​«ទោះ​បីជាខ្ញុំ​មិនទទួល​បាន​មេដាយក៏ដោយ​ក៏ខ្ញុំមាន​ភាព​សប្បាយ​​រីក​​រាយ​ណាស់​ដែលទទួល​ពាន​រង្វាន់​កិត្តយស​នេះ ព្រោះថា​ពាននេះ​វាសក័​សម​នឹង​សមត្ថភាព​របស់ខ្ញុំ​ហើយ»។ ចំណែក​ប្អូនប្រុស ហេង សូវីរ៉ូ បាននិយាយ​ឲ្យដឹងដែរ​ថា «ខ្ញុំពិតជា​មានមោទ​នភាពខ្លាំង​ណាស់ ដែលទទួល​បានមេដាយ​សំរិទ្ធ​នេះ ហើយខ្ញុំ​នឹងបន្ត​ខិតខំ​យក​មេដាយ​ជួនជាតិ​មាតុភូមិ ឲ្យបាន​ច្រើនទៀត​​​នៅក្នុង​កម្មវិធី​ប្រលង​លក្ខណៈ​អន្តរជាតិ​ក្រោយៗ​ទៀត»។

ប្អូនទាំងពីរ​បានលើក​ឡើងដូចគ្នា​ថា អ្វីដែលសិស្ស​កម្ពុជា​ទៅចូលរួម​ប្រលង​មានពិន្ទុ​ទាបជាង​គេ​គឺលើ​វិញ្ញា​ពិសោធន៍។ ដូច​នេះ​ប្អូនទាំង​ពីរសូម​សំណូមពរ​ដល់ក្រសួង​អប់រំ​យុវជន​និងកីឡា​ជួយផ្តល់​នូវសម្ភារៈ​ពិសោធន៍​ឲ្យបាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យសិស្ស​មាន​សមត្ថភាព​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​គេលើ​ផ្នែកនេះ។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​ក្រសួង អប់រំ​យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា នេះជា​កិត្តិយស​ដ៏ថ្លៃថ្លា របស់​ប្រទេស​កម្ពុជា ដែលមាន​សិស្សទទួល​បានមេដាយ​សំរិទ្ធ និងពាន​រង្វាន់​កិត្តិ​យស។ លោកស្រី​បានជំរុញ​ឲ្យសិស្ស​បន្តខិត​ខំប្រឹង​ប្រែងរៀន​សូត្រជា​បន្តទៀត ដើម្បី​ឈានទៅ​ដណ្តើម​បានមេដាយ​ជួនប្រទេស​ជាតិ។ លោកស្រី​បានអំពាវ​នាវដល់​សិស្សា​នុសិស្ស​យើង នៅទូទាំង​ប្រទេស សូមយក​សិស្ស​ពូកែ​ជាគំរូ ដើម្បី​សិក្សា​ឲ្យបាន​ពូកែ​ហើយជៀស​វាងនូវអំពើ​អបាយមុខ​ផ្សេង​ៗ​ដូចជា​បញ្ហាគ្រឿង​ញៀន​ជាដើម​ត្រូវជៀង​វាងឲ្យ​ឆ្ងាយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative