ក្រសួង​សុខាភិបាល​ បន្ត​យុទ្ធនា​ការ​​ស្រាវ​ជ្រាវ​ករណី​​របេង​ដល់​អ្នក​ទោស​​នៅ​ពន្ធនា​គា ខេត្ត​ស្វាយរៀង

បជ្ឈ​មណ្ឌល​ជាតិ​​​កំចាត់​​រោគ​របេង​ និង​ហង់សិន​​នៃ​ក្រសួង​សុខា​ភិបាល​​ កាលពី​ថ្ងៃទី​១៣ ខែកក្តដា ឆ្នាំ​២០១៥ បាន​បន្ត​បើក​យុទ្ធនា​ការ​ចុះ​​ស្រាវ​ជ្រាវ​រក​ករណី​ជំងឺ​​របេង​​ថ្មី តាមបែប​សកម្ម​​នៅ​​ពន្ធនា​​គា​ខេត្ត​ស្វាយរៀង។

1លោកវេជ្ជ​បណ្ឌិត ​​ ម៉ៅ តាន់អ៊ាង​ ទី​ប្រឹក្សា​អម​​ក្រសួង​​សុខា​ភិបាល​ និងជា​ប្រធាន​មជ្ឈ​មណ្ឌល​​ជាតិ​កំចាត់​ជំងឺ​របេង​និង​ហង់សិន​បាន​មាន​ប្រសាសន៍​ថា​នេះ​គឺជា​លើកទី២​ហើយ​ដែល​កម្មវិធី​ជាតិ​ស្រាវ​ជ្រាវ​រក​ករណី​ជំងឺ​របេង​នៅ​តាម​ពន្ធនា​គារ​​ដែល​លើក​ទី​១​ធ្វើនៅ​ខែ​មិថុនា​នៅ ពន្ធនា​គារ​ត្រពាំង​ថ្លុង និង​ពន្ធនា​គារ​ខេត្ត​កំពង់ចាម។

លោកបាន​បន្តថា យុទ្ធនា​ការ​ចុះ​ស្រា​វជ្រាវ​រក​ករណី​​ជំងឺ​របេង​ថ្មី​ តាមបែ​ប​សកម្ម​នៅ​តាម​ពន្ធនា​គារនេះ​ ធ្វើ​ឡើង​ក្នុង​​គោល​​​បំណង​ ដើម្បី​ស្វែង​ករណី​រ​បេង​ថ្មីៗ​បន្ថែម​ទៀត​ ព្រោះ​ថា​នៅក្នុង​​ពន្ធនា​គារ​ ជាកន្លែង​ដែលមាន​​មនុស្ស​នៅ​កកកុញ​ និងប្រមូល​ផ្តុំច្រើន​​ងាយស្រួល​​ក្នុងការ​ចំលង​ជំងឺ​របេង​។ លោកបាន​បន្តែមទៀត​ថាយុទ្ធនា​ការ​នេះ​ចាប់ផ្តើម​ពី​ខែ​មិថុនា​ រហូតដល់​​ខែតុលា​ ឆ្នាំ២០១៥ ​ដោយចាប់​ផ្តើមធ្វើ​ការ​ស្រាវ​​ជ្រាវនៅ​​ពន្ធនាគារ​ខេត្ត​​កំពង់ចាម​ និង​ពន្ធនាគារ​ត្រពាំង​ថ្លុង ​និងថ្ងៃនេះ​នៅ​ពន្ធនា​គារ​ខេត្ត​ស្វាយរៀង។ លោកបាន​បញ្ជាក់​ថាបន្ទាប់​មក យើង​នឹង​ពង្រីកបន្ត​បន្ទាប់​​ទៀត​ដូចជា​ ពន្ធនាគា​ខេត្ត​កំពង់ស្ពឺ​ ពន្ធនាគារ​តាកែវ​ ពន្ធនាគារ​តាខ្មៅ​ ខេត្ត​កណ្តាល​ ពន្ធនាគារ​​ខេត្ត​ព្រៃវែង​ ពន្ធនាគារ​​ខេត្ត​កំពត​ ពន្ធនាគារ​ខេត្ត​កោះកុង​ ពន្ធនាគារ​​ខេត្តព្រះសីហនុ​ ពន្ធនាគារ​​ខេត្ត​សៀមរាប​ ពន្ធនាគារ​​ខេត្ត​កំពង់ធំ​ ពន្ធនាគារ​​ខេត្ត​ព្រះវិហារ​ និងពន្ធនាគារ​ខេតក្រចេះ។​

លោកបាន​បន្ថែម​ថា ​«នៅក្នុង​ពន្ធនា​គារ​​ មានអ្នក​ទោស​ប្រមូល​​ផ្តុំ​គ្នាច្រើន ​មកពី​គ្រប់​មជ្ឈដ្ឋាន​ហើយ​យើង​មិនដឹង​ថា​អ្នក​ទោស ណា​មិន​មានជំងឺ​របេង ​ឬអត់​នោះទេ​ មានតែ​ធ្វើរោគ​វិនិច័្ឆយ​ទេ​ទើបដឹង ដើម្បី​ដុំឲ្យមេរោគ​​នេះចំលង​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។ បើរក​ឃើញ​ថាមាន​ អ្នកទោស​ណាម្នាក់​ មានមេរោគ​របេង​​យើង​ដាក់ការ​ព្យាបាល​ភ្លាម​ ដើម្បីកុំ​ឲ្យចំលង​​ដល់អ្នក​ផ្សេងទៀត​​ហើយ​ដើម្បី​ធ្វើការ​ងារ​នេះ​​រលូន​ទៅបាន​លុះត្រា ​តែមាន​ការចូល​រួមពី​មន្ត្រី​​ពន្ធនាគារ»។

លោកវេជ្ជ​បណ្ឌិត ​ម៉ៅ តាន់ អ៊ាង ​បានមានប្រសាសន៍ឲ្យដឹងទៀតថា​ ចំពោះការងាររបេងនៅក្នុងពន្ធ​នា​គារ​​នេះដែរ គិតមក​ ដល់​​ឆ្នាំ២០១៤​ កន្លងទៅនេះ​ សេវារបេងក្នុងពន្ធនាគារ​សរុបមានចំនួន​២៦​កន្លែង​ ក្នុងចំណោម២៧​កន្លែង នៅទូទាំង​ប្រទេសហើយយើង​បានស្រាវជ្រាវរកឃើញ​ទណ្ឌិតដែលមានឆ្លងជំងឺរ​បេង​ ចំនួន២២៩នាក់។

លោកបានបន្ថែមថា​ ក្រៅពីចុះស្រាវជ្រាវរក​ករណី​របេងតាមពន្ធនាគារ​ហើយ មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង ​និងហង់សិន ក៏បានចុះស្រាវជ្រាវរ​កករណីរបេង​ តាមបែបសកម្មនេះ​ នៅតាមស្រុកប្រតិបតិ្ត​ចំនួន៤៣​ ដោយសហការជា​មួយអង្គការជា​ដៃ គូរចំនួន៥ដោយចុះតាមសហគមន៍​ និងតាមវត្តអារាម​ដោយផ្តោតលើជនងាយ​រងគ្រោះដោយសារជំងឺ​របេងនេះ​ ដូចជាកុមារអ្នកផ្ទុកមេរោគអេដស៍​ អ្នកជំងឺទឹកនោមផ្អែម​ព្រះសង្ឃលោកអាចារ្យ​ ដូនជី និងក្មេងវត្ត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative