ផ្តល់​ម៉ាស៊ីន​ជីនអិចស្ពើត មាន​សមត្ថភាព​ខ្ពស់​រក​ករណី​ជំងឺ​របេង​ដល់​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​ពញាក្រែក

ក្នុងគោល​បំណង បង្កើន​ការងារ​ស្រាវជ្រាវ​រក​ករណី​ជំងឺ​របេង ពិសេស​ជំងឺ​របេង​ដែលស៊ាំ​ថ្នាំ​ឲ្យកាន់​តែមាន​ប្រសិទ្ធ​ ភាព​ លឿន​នោះ​មជ្ឈ​មណ្ឌល​ជាតិ កំចាត់​រោគ​រ​បេង និង​ហង់សិន​(CENAT) កាលពី​ថ្ងៃទី​១០ ខែ​កក្តដា ឆ្នាំ​២០១៥ បាន​ធ្វើការ​ប្រគល់ម៉ាស៊ីន​ជីន​អិចស្ពើត​(Xpert MTB/RIF) ដែលជា​ម៉ាស៊ីន​មាន សមត្ថភាព​អាចស្រាវ​ជ្រាវ​ករណី​របេង​ធម្មតា​ និង​របេង​ស៊ាំថ្នាំ​បានលឿន​ឆាប់​រហស័​ដល់មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពញា​ក្រែក​ ខេត្តត្បូងឃ្មុំ។

1ពិធី​ប្រគល់ និងទទួល​នេះ បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព លោក​វេជ្ជ​បណ្ឌិត​ ម៉ៅ តាន់អ៊ាង ទី​ប្រឹក្សា អម​ក្រសួង​សុខាភិបាល និងជា​នាយក​មជ្ឈ​មណ្ឌល​ជាតិ​ កំចាត់​រោគ​របេង និង​ហង់សិន​(CENAT) និង​មន្ត្រី​សុខា​ភិបាល ខេត្ត​កំពង់​ ខេត្តត្បូងឃ្មុំ។

លោកវេជ្ជ​បណ្ឌិត ម៉ៅ តាន់អ៊ាង បាន​មាន​ប្រសាសន៍​ថា ម៉ាស៊ីន​ជីនអិច​ស្ពើត ជាម៉ាស៊ីន មាន​សមត្ថ​ភាព​ខ្ពស់ អាច​ស្រាវ​ជ្រាវ​ករណី​របេង​ធម្មតា និង​របេង​ស៊ាំថ្នាំ​លឿន​ឆាប់​រហស័ ដោយវា​អាចចាប់​បានមេ​រោគល្អ និងខ្លាំង​ជាង​ម៉ាស៊ីន​មីក្រូ​ស្កុប​ទៅទៀត។ លោកបាន​លើក​ទៀតថា​ជាក់ស្តែង​ក្នុង​ចំណោម​មនុស្ស​១០០​នាក់ ម៉ាស៊ីន​មីក្រូស្កុប​ចាប់បាន​តែ៣០​នាក់ទេ តែ​ម៉ាស៊ីន​នេះអាច​ចាប់​បាន​រហូត​ដល់​៦០នាក់។

លោកវេជ្ជបណ្ឌិត បានបន្ត​ថា​ម៉ាស៊ីន​នេះ អាចរក​ឃើញ​ករណី​របេង​ធម្មតា និងរបេង​ស៊ាំថ្នាំ​តែ​ក្នុង​រយៈ​ពេល​តែ៩០នាទី​ប៉ុណ្ណោះ​ដែលជា​​ធម្មតា​ការធ្វើ​រោគ​វិច្ឆ័យរក​របេង​ស៊ាំថ្នាំ​ត្រូវប្រើ​ពេល​ប្រមាណ​ពី៣​ទៅ​៨សប្តាហ៍។

លោកបានបន្តទៀត​ថា យើងបាន​ដាក់​ម៉ាស៊ីន​នេះ តាំងពី​ខែកម្ភៈ ឆ្នាំ​២០១២ នៅខេត្ត​បាត់ដំបង ហើយ​រហូត​មកដល់​ពេលនេះ​យើងបាន​ដាក់​ពង្រាយ​ម៉ាស៊ីននេះបាន​ចំនួន​១៤គ្រឿង ហើយ​នៅតាម​រាជធានី ខេត្ត​ចំនួន១០ រួមទាំង​ខេត្ត​កំពង់ស្ពឺ និង​ថ្ងៃទី​២១ ដាក់​១គ្រឿង​ទៀត នៅ​ខេត្តកំពត។ លោកវេជ្ជ​បណ្ឌិត ម៉ៅ តាន់អ៊ាង បានឲ្យដឹង​ថា តាម​គំរោង​យើងនឹង​ដាក់​ម៉ាស៊ីន​នេះគ្រប​ ដណ្តប់ នៅតាម​មន្ទីរពេទ្យ​បង្អែក​នៅទូទាំង​ប្រទេស​នៅឆ្នាំ​២០១៨​ខាងមុខ។

លោកបាន​បន្តថា ការដា​ក់ម៉ាស៊ីន​ជីនអិច​ស្ពើត នៅតាមមន្ទីរ​ពេទ្យ​​បង្អែក ទូទាំង​ប្រទេស គឺដើម្បី​ស្រាវជ្រាវ​ករណី​ជំងឺ​របេង​ធម្មតា ជំងឺ​អេដស៍ និងជំងឺ​របេង​ស៊ាំថ្នាំ ពោលគឺ​ស្រាវជ្រាវ​លើប្រជាពល​រដ្ឋ ដែលមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ជំងឺ​របេង​ដូចជា​អ្នកជាប់​ពន្ធ​ធនាគារ អ្នកជំងឺ​ទឹកនោម​ផ្អែម​ជាដើម។ លើសពីនេះ​ទៅទៀត​ម៉ាស៊ីន​នេះត្រូវ​បាន​កម្មវិធី​ជាតិបាន​ប្រើប្រាស់​ស្រាវជ្រាវ​ករណី​ជំងឺ​របេង​តាមបែប​សកម្ម​នៅតាម​សហគមន៍​មួយចំនួន​ផងដែរ។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានមាន​ប្រសាសន៍​ថា «កាល​ណាយើង​ធ្វើរោគ​វិនិច្ឆ័យ បានលឿន​យើងក៏​អាចជួយ​សង្គ្រោះអាយុ​ជីវិត អ្នកជំងឺ​បានទាន់​ពេលវេលា​ដែរ។ ដូចនេះ​បើចង់​ជួយអ្នក​ក្រគឺ​ត្រូវជួយ​អ្នកជំងឺ​រ​បេង​ឲ្យបាន​ជាសះស្បើយដែល​នេះ​គឺ​ជាចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​កាត់​បន្ថយ​ភាពក្រីក្រ និង​កាត់​បន្ថយ​អត្រា​ឈឺ និងស្លាប់​ដោយសារ​ជំងឺ​របេង​នេះ​ទៀត​ផង​»។

គួរបញ្ជាក់ថា កម្មវិធី​ជាតិ​ បានដាក់​ប្រើប្រាស់​ម៉ាស៊ីន​ជីនអិចស្ពើត​នេះ តាមកា​រ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក ហើយ​ម៉ាស៊ីន​នេះក្នុង​១គ្រឿង មានតំលៃ​ប្រមាណ​២ម៉ឺន​ដុ​ល្លា​អាមេរិក។ ម៉ាស៊ីន​ដែលកម្មវិធី​ជាតិ​ប្រើប្រាស់​បច្ចុប្បន្ន​នេះគឺ​ជាការ​ជួយ​ឧបត្ថម្ភ​ពីអង្គការ UNITAID តាមរយៈ​អង្គការ​សុខភាព​ពិភពលោក TB REACH ,MSF, TB CARE, USAIDនិងCHC។

តំណាង​មន្ទីរពេទ្យ​បង្អែក ស្រុក​ពញា​ក្រែក បាន​សំដែង​នូវអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដែល​មជ្ឈ​មណ្ឌល​ជាតិ កំចាត់​រោគ​របេង​ និង​ហង់សិន ដែលបា​នផ្តល់​ម៉ាស៊ីន​ជីន​អិចស្ពើត ដល់មន្ទីរ​ពេទ្យខេត្ត​នាពេល​នេះ។ ដោយចាត់​ទុកការ​ផ្តល់ម៉ាស៊ីន​នេះពិត​ជា​មានសារៈ​សំខាន់​ណាស់ ដែល​អាចឲ្យ​មន្ទីរ​ពេទ្យ មានលទ្ធភាព​ក្នុងការ​បង្កើន​ប្រសិទ្ធ​ភាព​រកករណី​របេងកាន់​តែបាន​ច្រើនថែម​ទៀតស្រប​ទៅតាម​ទឹសដៅ​របស់កម្ម​វិធី​ជាតិ ក្នុងការ​ចូលរួម​ចំណែក​កាត់​បន្ថយ​អត្រាឈឺ និងស្លាប់​ដោយសារ​ជំងឺ​របេង​កាន់តែ​ ថយចុះ»។  តំណាង​មន្ទីរ​ពេទ្យ​នោះសង្ឃឹម​ថា ក្រោយពីទទួលបាន​ម៉ាស៊ីន​នេះ ហើយការ​ងារស្រាវ​ជ្រាវ​រកករណី​របេង និងជំងឺ​របេង​ស៊ាំថ្នាំ នៅខេត្ត​កាន់តែ​មានភាព​ល្អប្រសើរ​ឡើង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative