ក្រសួង​អប់រំ បញ្ជួន​សិស្ស​ពូកែ ចូលរួម​ប្រលង​គណិត​វិទ្យា​អូឡាំព្យាដ​អន្តរ​ជាតិ នៅ​ប្រទេស​ថៃ

ក្រសួង​អប់រំ​យុវជន និងកីឡា បាន​បញ្ជួន​សិស្ស​ពូកែ​ចំនួន​៦នាក់ ឲ្យទៅ​ចូលរួម​ប្រលង​គណិត​វិទ្យា​អូឡាំព្យាដ​អន្តរ​ជាតិ​ លើក​ទី​៤៦​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី៨ ដល់ថ្ងៃ​ទី១៥ កក្តដា ឆ្នាំ​២០១៥។

3បើតាម​លោក ឈុន ចាន់​ណារិន អ្នក​ទទួល​ខុសត្រូវ​ការងារ​ប្រលង​អូឡាំព្យាដ​នៃ​ក្រសួង​អប់រំ​យុវជន និងកីឡា បានមាន​ប្រសាសន៍​ឲ្យថា ក្រសួង​បាន​បញ្ជួន​សិស្ស​ពូកែ​អាយុ​ក្រោម​២០ឆ្នាំ ចំនួន៦​នាក់ឲ្យ​ទៅចូល​រួម​ប្រលង​ផ្នែក​គណិត​វិទ្យា​អូឡាំព្យាដ​អន្តរ​ជាតិ​ លើកទី​៤៦នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី៨ ដល់ថ្ងៃ​ទី១៥ ខែ​កក្តដា​នេះ។

លោកបាន​បន្តថា ក្រសួង​ក៏បាន​បញ្ជួន​សិស្ស​ពូកែ​ចំនួន​៥នាក់ ដែល​បាន​ចូល​រួម​ប្រលង​រូបវិទ្យា​អូឡាំព្យាដ​ទ្វីប​អាស៊ី​លើកទី ១៦ នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​០៣ ដល់ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៥ កន្លង​ទៅឲ្យ​ចូលរួម​ប្រលង​រូបវិទ្យា​អូឡាំព្យាដ​អន្តរជាតិ នៅប្រទេសឥណ្ឌា នៅថ្ងៃទី៣ កក្តដា ដល់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ​២០១៥។ លោក​បាន​បន្តែម​ថា នេះគឺជា​លើកទី​១២ហើយ​ដែល​ក្រសួង​អប់រំ បាន​បញ្ជួន​សិស្សចូល​រួម​ប្រលង​ក្នុង​កម្មវិធី​លំ​ដាប់​អន្តរ​ជាតិ​នេះ ហើយ​កម្មវិធី​កន្លង​មក​សិស្ស​កម្ពុជា​មួយ​ចំនួន​ធ្លាប់​ទទួល​បានមេដាយ​មាស​ផងដែរ។ លោក​សង្ឃឹមថា ប្រលង​លើក​នេះ​សិស្ស​កម្ពុជា​នឹងទទួល​បានលទ្ធផល​ល្អប្រសើរ​មកជួន​ជាតិ​មាតុ​ភូមិវិញ។

ទោះបី​ជា​ប្រទេស​កម្ពុជា ជាប្រទេស​តូចមាន​សេដ្ឋកិច្ច​នៅមាន​កំរិត​យ៉ាងណា​ក៏ដោយ ក៏​ប្រទេស​នេះបាន​បញ្ជួន​សិស្សពូកែ​ជា​ច្រើន​ទៅចូល​រួមប្រលង​ថ្នាក់​លំដាប់​អន្តរជាតិ​ និង​ពិភពលោក​ហើយ​ទទួល​បាន​លទ្ធផល​គួរជា​ទីមោទនៈ។

ជាក់​ស្តែង​ក្នុងការ​ប្រលង​រូបវិទ្យា​អូឡាំព្យាដ​ទ្វីបអាស៊ី លើក​ទី១៦ នៅប្រទេស​ចិន ដែល​ប្រព្រឹត្តិ​ទៅពី​ថ្ងៃទី០៣ ដល់​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៥ ហើយ​ជា​លទ្ធផល​មានសិស្ស​ពូកែ​កម្ពុជា​ចំនួន​ពីរនាក់ ក្នុងចំណោម​សិស្ស​៥នាក់ ទទួល​បាន​មេដាយ​សំរិទ្ធ​ម្នាក់ និង​ពាន​រង្វាន់​កិត្តិយស​ម្នាក់ គឺប្អូន​ប្រុស ហេង សូវីរ៉ូ រៀន​នៅ​វិទ្យាល័យ​បាក់ទូក រាជធានី​ភ្នំពេញ ទទួល​បាន​មេដាយ​សំរិទ្ធ​ និង​ប្អូនស្រី​ប្រាក់ ស៊ីវហួរ រៀននៅ​វិទ្យាល័យ​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ ទទួល​បានពាន​កិត្តយស។

លោក អ៊ឹង ង៉ោហុក ប្រធាន​នាយក​ដ្ឋាន​មធ្យម​សិក្សា ចំណេះ​ទូទៅ បានមាន​ប្រសាសន៍​ថា ការដែល​មាន​សិស្ស​ទទួល​បាន​មេដាយ​ដោយ​សារតែ​នៅឆ្នាំ​នេះ យើងបាន​បំប៉ន​ដល់​សិស្ស​បានពេញ​លេញគឺ​រយៈពេល​៦ខែ​ពេញ នៅ​សាកល​វិទ្យាល័យ​សាកល​វិទ្យាល័យ​ភ្នំពេញ។ ម្យ៉ាងទៀត​សិស្សដែល​បញ្ជួនទៅ​ប្រលង​លើកនេះ​សុទ្ធតែ​សំរិត​សំរាំង​សិស្ស​ជ័យលាភី​ថ្នាក់ជាតិ។

លោក អ៊ឹង ង៉ោហុក បានមាន​ប្រសាសន៍​ថា ក្នុងការ​ឈាន​សំរេច​បានជោគ​ជ័យថែម​ទៀតនោះ​ក្រសួង​អប់រំ បានមាន​ការ​ជ្រើស​រើស​សិស្ស​ជ័យលាភី​សិស្ស​ពូកែ តាមខេត្ត​នីមួយៗ​ប្រកប​ដោយ​គុណភាព​ដែលពេល​នោះយើង​បាន​សិស្ស​មាន​សមត្ថភាព​ពិត​ប្រាកដ​បន្ទាប់​មកយក​ពួកគេ​មកបំប៉ន​ឲបាន​ពេញលេញ​គឺរយៈ​ពេល៦​ខែ​ដើម្បី​ឲ្យពួកគេ​បានត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​មុនចេញ​ទៅប្រលង។ បន្ទាប់​ជំរុញ​ឲ្យគ្រូ​យើងបង្ហាត់​បង្រៀន​សិស្ស​លើអ្វី​ដែលសិស្ស​យើងទៅ​លើ​ចំណេះ​ដឹងណា​នៅមាន​កំរិត​ដូចជា​ទៅលើ​ពិសោធន៍​ជាដើម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative