ការសាងសង់ស្តាតមរតក សម្តេចតេជោ ដំណាក់​កាល​ពី១​សម្រេច​បាន​៧០​ភាគរយ

ដំណើរ​ការ​សាង​សង់​ស្តាត មរតក​សម្តេច​តេជោ ដំណាក់​កាលទី១ ដែល​​ជាសា​ល​​សម្រាប់​កីទ្បា​ដ្ឋាន ក្នុង​សាលសម្រេច​បាន​៧០ភាគ​រយហើយ។ នេះបើ​តាមការឲ្យ​​ដឹងពី​ឯក​ឧត្តម​ថោង​ ខុន រដ្ឋមន្រ្តី​ក្រសួង​ទេស​ចរណ៍ និងជា​ប្រធាន​គណកម្មា​​ធិការ​​អូទ្បាំពិក​កម្ពុជា។

1ឯកឧត្តម ថោង ខុន បានថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ កាលពី​ល្ងាចថ្ងៃ​ទី១០ កក្កដា​ កន្លង​មក​ថា ដំណើរ​ការ​សាង​សង់​កីទ្បា​ដ្ឋានសម្រាប់​កីទ្បា​ក្នុង​សាល សម្រេច​បាន​​៧០​ភាគ​រយ​ហើយ ដែល​កីទ្បាដ្ឋាន​នេះមាន​អាគារ​ចំនួនបី សម្រាប់​កីទ្បាបាល់​បោះ ហែល​​ទឹក ប្រកួត​តៃ​ក្វាន់​ដូ ការ៉ា​តេដូ ចំបាប់​​ជា​ដើ​ម។ ឯកឧត្តម​បន្តថា ការ​សាង​​សង់​កីទ្បា​​​ដ្ឋានក្នុង​សាលនេះ គ្រោង​ចំណាយ​ ទុនជាង​៣០​លានដុល្លារ​អាមេរិក ដែលជា​​ការ​​វិនិ​យោគ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ អគ្គនាយក​ក្រុមហ៊ុន​លីយ៉ុងផាត់​គ្រុប​។

ឯកឧត្តម ថោង ខុន បានបន្តថា ចំណែក​ការ​សាង​សង់​កីទ្បា​ដ្ឋានធំ ស​ម្រាប់​ទី​លាន​បាល់​ទាត់ និងរត់​ប្រណាំង​នឹងចាប់​ផ្តើម​ សាងសង់​នៅចុង​ឆ្នាំនេះ ឬដើម​ឆ្នាំ​២០១៦​​ខាងមុខ ព្រោះគំរោង​របស់​ស្តាតនេះ ​បាន​ទទួល​ការ​អនុម័ត​ពីសម្តេច​តេជោ​​រួច​ហើយ។​ ឯកឧត្តម​បានបន្ត​ថា ថវិកា​សម្រាប់​សាងសង់​ស្តាតនេះ​ ជាជំនួយ​ឥត​សំណ​ង​ពីរដ្ឋាភិបាល​ចិន សម្រាប់​ជាកាដូ​ដល់​ប្រជា​ជន​កម្ពុជា និង​សម្តេច​តេជោ ដើម្បី​​រៀបចំ​ស៊ីហ្គេម​នៅឆ្នាំ​២០២៣​ខាងមុខ។​

​ឯកឧត្តម​បន្តថា ស្តាតធំនេះ​នឹង​ចំណាយ​ពេលសាង​សង់​រយៈ​ពេល៤​ឆ្នាំ ​ដែល​នឹង​បញ្ចប់​ការសាង​សង់​នៅ​ឆ្នាំ២០២០​ខាងមុខ​ ​ហើយទី​តាំង​សម្រាប់​កីទ្បា​ដ្ឋាន​ទាំង​ពីរ​​នេះស្ថិត​នៅលើ​ផ្ទៃដី​ទំហំ​​៨៥​​ហិក​តា ស្ថិតក្នុង​សង្កាត់​បាក់ខែង ខ័ណ្ឌជ្រោយ​ចង្វារ​រាជ ធានី​ភ្នំពេញ។

ឯកឧត្តម ថោង ខុន បានបន្ត​ថា “រឿង​ស៊ីហ្គេម​ក្រសួងមិន​បារម្ភ​ពីហេដ្ឋា​រចនា​​ស​ម្ព័ន្ឋ​​សម្រាប់​រៀបចំ​កីទ្បា​នេះនោះ​ទេ ព្រោះ​ក្រៅ​ពីស្តាត​មរតក​សម្តេច​តេជោ​យើង​មាន​ស្តាតចាស់ និងស្តាត​អូទ្បាំ​ពិកសម្រាប់​រៀបចំ​បន្ថែម​ផងដែរ”។ ឯកឧត្តម​បន្តថា “អ្វី​សំខាន់​នាពេល​នេះ គឺការ​បណ្តុះ​បណ្តាល និងហ្វឹក​ហាត់​កីទ្បាករ​ក្មេងៗ ដើម្បី​ចូល​រួមប្រកួត​យកមេ​ដាយ ក្នុងព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​នេះ​”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១១​ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative