ក្រសួង​សុខាភិបាល​ ត្រៀមថ្នាំ​បាញ់មូស​ជិត១​ម៉ឺន​លីត្រ ទប់ស្កាត់​ការរាត​ត្បាតជំងឺ​គ្រុន​ឈាម

ក្រសួងសុខា​ភិបាល នឹងត្រៀម​ថ្នាំបាញ់​មូសចំនួន​៩០០០​លីតត្រ ដើម្បី​ទប់ស្កាត់​នឹងការ​រាត​ត្បាត​ជំងឺ​គ្រុនឈាម ដែល​អាច​កើតមាន​ឡើងនៅ​តំបន់ណា​មួយជាយ​ថា​ហេតុ​នៅរដូវ​ភ្លៀង​ធ្លាក់នេះ។

4លោក​វេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម បាន​ឲ្យ​គហទំព័រ​សុខភាព​កម្ពុជា ដឹងកាល​ពីថ្ងៃ​ល្ងាច ទី១០ កក្តដា ថាក្នុង​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​នៅឆ្នាំ​នេះ កម្មវិធី​ជាតិបាន​ត្រៀមឱសថ​បរិក្ខា​សេរ៉ូមប្លាស្មា​គ្រប់គ្រាន់​នៅតាមបណ្តាញ​ចែកចាយ​របស់ឃ្លាំង​ឱសថ​កណ្តាល និងត្រៀម​ឈាមសំរាប់​ប្រើប្រាស់​តាមបណ្តាញ​ផ្តល់​ឈាម​។ ក្នុងនោះបាន​ផ្តល់​ឱសថ​​បរិក្ខា​សេរ៉ូម​ប្លាស្មា​ដល់ថ្នាក់​ខេត្តរួមមាន បាណកឃាដ​(ថ្នាំអាបែត) ចំនួន​៣៤៥តោន និងសេរ៉ូម​ចំនួន​ ៣៥០៩៦ ដប ។ លោកបាន​បន្ត​ថាលើស​ពីនេះយើង​បានត្រៀមថ្នាំ​បាញ់មូស​ចំនួន​​៩០០០លីត​​ដើម្បីទប់ស្កាត់​នឹងការរាត្បាត​ជំងឺគ្រុនឈាម​​ដែល​អាច​កើតមាន​ឡើងជាយថា​ហេតុ​នៅរដូវ​ភ្លៀងធ្លាក់នេះ​នៅក្នុងតំបន់​ណាមួយ។

យោងតាម​របាយ​ការណ៍ របស់មជ្ឈ​មណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺគ្រុន​ចាញ់ប៉ារ៉ា​សេតសាស្ត្រ និងបាណក​សាស្ត្រ បានឲ្យ​ដឹងថា​នៅក្នុង​រយៈពេល​៦ខែ ឆ្នាំ២០១៥​នេះ ចំនួនករណី​ជំងឺគ្រុនឈាម​នៅទូទាំង​ប្រទេស មានការកើន​ឡើងក្នុងនោះ​បានសំលាប់​កុមារ​ចំនួន៣នាក់ ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្ម​វិធីជាតិ​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ បានមាន​ប្រសាសន៍​ឲ្យដឹងថា ជំងឺគ្រុនឈាម​នៅប្រទេស​កម្ពុជាមានការ​ប្រែប្រួល​ទៅតាមរដូវ​ដោយមានកំរិត​ចំលងខ្ពស់​នៅរដូវវ​ស្សា។ ជាក់ស្តែងនៅ​ដើមឆ្នាំនេះ​ចំនួនករណី​ជំងឺគ្រុន​ឈាមមានការកើន​ឡើងប៉ុន្តែការ​កើនឡើងនេះក្នុង​ស្ថាន​ភាព​ដែល​អាចគ្រប់​គ្រងបាន។

លោកបានលើក​ឡើងរបាយ​ការណ៍ មកបញ្ជាក់ថា នៅក្នុង២៣​សប្តាហ៍ ឆ្នាំ២០១៥​នេះ ជំងឺគ្រុនឈាម​មានចំនួន​១៣៤៦​ករណីស្លា​ប់៣នាក់កើន​ឡើងជាង​ឆ្នាំមុនដែល​ក្នុងរយៈ​ពេលដូចគ្នា​មានតែ៧៩០​ករណី​ស្លាប់២នាក់។ តួលេខ​នេះបញ្ជាក់​ថាក្នុង​ចំណោម​មនុស្ស​១០០០នាក់ មាន​អ្នក​កើត​​ជំងឺ​គ្រុន​​ឈាម​៦នាក់​។ ប៉ុន្តែទោះបី​ជាយ៉ាងណា​ក៏ដោយ​អត្រាស្លាប់​ក្នុង​ឆ្នាំ​២០១៥​នេះ​មានត្រឹម​តែ​០,២២​ភាគ​រយ ធៀបនឹង​​ឆ្នាំ២០១៤​មាន០,៥០​ភាគរយ។

ជំងឺគ្រុនឈាម ជាជំងឺមួយ​ដែលអាចការ​ពារបានដោយ​គ្រាន់តែនៅ​តាម​សហគមន៍ និងស្ថាប័ន​ពាក់ព័ន្ធនានា​ត្រូវ​សហការ និងរួមគ្នា​ធ្វើបរិស្ថាន​ឲ្យបាន​ស្អាត ពិសេសនៅ​តាមលំនៅ​ដ្ឋាននីមួយៗ។

លោកវេជ្ជ​បណ្ឌិត លាង ឬទ្ធា បានឲ្យដឹង​ទៀតថា ការសំអាត​លំនៅដ្ឋាន​ឲ្យបានស្អាត នេះវានឹង​មិនធ្វើឲ្យ​មានមួសខ្លា​ដែលជា​ភ្ងាក់ងារ​ចំលងនៃ​ជំងឺគ្រុន​ឈាម ព្រោះជំងឺគ្រុន​ឈាមវា​ឆ្លង​​តាម​រយៈ​​មូស​ខ្លា ដែល​វា​រស់​​នៅ​ទីកន្លែង​ណាដែល​កង្វក់ឬមិន​ស្អាត ដោយវា​កកើត​មកពីដង្កូវ​ទឹកដែលនៅ​ក្នុងទឹកថ្លុក​ដក់នៅក្នុងវត្ថុ​ដែលអាចដល់​ទឹកបានដូច​ជាសំបក​ដូង សំបក កង់ កង់​ឬឡាន ចាស់ៗ​ជាដើម។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានមាន​ប្រសាសន៍​ថា «ការធ្វើបរិស្ថាន​ឲ្យបានស្អាត​មានសារសំ​ខាន់ណាស់ ដើម្បី​កុំឲ្យមាន​សត្វមូស​ខ្លាចំលងមេរោគ​គ្រុនឈាម។ ដូចនេះត្រូតែ​មានការចូលរួម​ពីសហគមន៍ ក្រសួងពាក់​ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន​លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស ទើបការងារ​ប្រយុទ្ធនឹងជំងឺ​គ្រុន​ឈាម​ទទួលបាន​ជោគជ័យ»។

លោកបានបន្តែម​ថា «ការលប់​បំបាត់ជំរក​ដង្កូវទឹកតាម​ផ្ទះ និងការ​បញ្ជួនការ​កុមារមាន​ជំងឺគ្រុន​ឈាម ទៅកាន់​មន្ទីរពេទ្យ​ជាកាតព្វ​កិច្ចរបស់​គ្រួសារ​នីមួយៗ ព្រោះថា​ជំងឺគ្រុនឈាម​មិនអាចព្យា​បាលនៅ​តាមផ្ទះបាន​ទេត្រូវតែបញ្ជួន​ទៅមន្ទីរពេទ្យ​រដ្ឋ»។លោក​បញ្ជាក់ថា ក្រសូង​សុខាភិបាល មានភារកិច្ច​ផលិតសារ​អប់រំ​សុខភាព​ផ្គត់ផ្គង់ថ្នាំ​អាបែត រៀបចំមន្ទីរ​ពេទ្យទទួល​អ្នកជំងឺ​ព្យាបាលព្រមទាំង​អង្កេត​តាមដានសភាព​ការណ៍ជំងឺ​ដើម្បីចាត់វិធាន​ការណ៍ឲ្យ​បានទាន់ពេល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative