នគរបាល​ប៉ុស្តិ៍រដ្ឋ​បាល ដែលមិនព្រម​កែប្រែ​ឥរិយាបទ​អាក្រក់​ត្រូវប្រឈម​មុខនឹង​ការដក​ចេញ

នាយឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នង​ការនគរបាល​ជាតិ ​បានធ្វើការ​ព្រមានដក​​មេ​ប៉ុស្តិ៍​រដ្ឋបាល និង​មន្រ្តី​ប៉ុស្តិ៍​នគរ​បាល​​នៅតាម​មូលដ្ឋាន​​ណាដែលមិន​ព្រមធ្វើការ​​កែប្រែ​ឥរិ​យា​បទ អត្តចរិត​អាក្រក់​​របស់ខ្លួន ដែលធ្វើឲ្យ​ប៉ះពាល​ដល់សតិ​អារម្មណ៍ និងបាត់ជំនឿ​មក​លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ ពីសំណាក់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។

5ថ្លែងក្នុង​អង្គសិក្ខា​សាលា ស្តីពីការ​ពង្រឹងរបៀប​របបគ្រប់គ្រង​ភារកិច្ច​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល និងបទ​​ពិសោធន៍​ការងារនគរបាល និងសហគមន៍ កាលពី​ល្ងាចថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៥ នៅទីស្តី​ការក្រសួង​មហាផ្ទៃ​នាយឧត្តម​សេនីយ៍​ នេត សាវឿន បានមាន​ប្រសាសន៍​ថា «គ្រប់​កងកម្លាំង នគរបាល​ទាំងអស់​ ពិសេស​នគរបាលប៉ុស្តិ៍​រដ្ឋបាល​នៅតាមមូល​ដ្ឋានត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបទ​ និង​ចរិត​​របស់ខ្លួន​ក្នុងនាម​ជាកងកម្លាំង​នគរបាល​ជាតិ ដែលមាន​តួនាទី ភារកិច្ច​បម្រើ​​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់ ជូន​ប្រជាពល​រដ្ឋនៅតាម​មូលដ្ឋាន​ ពិសេស​ការចេះជួប​ប្រាស្រ័យ​ល្អ​ និងមាន​ទំនង​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យប្រជាពលរដ្ឋ​មាន​ជំនឿទុកចិត្ត​ខ្ពស់មក​លើប៉ុស្តិ៍​នគរបាល​​នៅតាម​​មូល​​ដ្ឋាន និង​មក​លើថ្នាក់​ដឹកនាំ»។

លោកបាន​ឲ្យដឹង​ទៀតថា នគរបាល​ប៉ុស្តិ៍រដ្ឋបាល ត្រូវបានគេ​ដឹងថា គឺមាន​ការ​ទទួលបន្ទុក​ការងារច្រើន​នៅមូល​ដ្ឋាន សម្រាប់​​បញ្ហានេះ​ នៅពេល​ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​ជួបបញ្ហា​ប្រឈម និងបញ្ហា​ធ្ងន់ធ្ងរ​ ដោះស្រាយ​ពុំបាន។

ទាក់ទិន​បញ្ហានេះ នាយឧត្តម​សេនីយ៍ នេត សារឿន បានស្នើឲ្យ​ថ្នាក់ដឹក​នាំខេត្ត និងស្នង​ការនគរបាល​ខេត្ត ត្រូវចាត់​វិធានការ​​បន្ទាន់​ដូចជា ការបញ្ជូន​កងកម្លាំង​ពីថ្នាក់ខេត្ត​ទៅជួយដោះ​ស្រាយ និង​រកវិធី​សាស្ត្រជួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល។ តាមការ​គ្រោង អគ្គស្នង​ការនគរបាល​ជាតិ នៅឆ្នាំ២០១៦ នឹងចាត់វិធាន​បន្ថែម​ដូចជា ការជ្រើស​រើសក្រប​ខណ្ឌន​គរបាល បន្ថែម​ដាក់នៅតាម​ប៉ុស្តិ៍រដ្ឋ​បាល​ណា​ដែលជួប​ការខ្វះខាត​កម្លាំង និងការចូល​រួមដោះ​ស្រាយផ្តល់​ជាកញ្ចប់​​ថវិកាមួយ​ចំនួន​ទៀត​ជូនប៉ុស្តិ៍​​នគរបាល និងអធិការ។

តាមរបាយ​ការណ៍ របស់លោក​ឧត្តមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នង​ការរងនគរបាល​ជាតិ បានបញ្ជាក់​ថា បច្ចុប្បន្ន​មាន​បញ្ហា​​ប្រឈម​ជាច្រើនដែល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បានជួបដូចជា ការមានភារកិច្ច​ច្រើន​ហួស​សមត្ថភាព លទ្ធភាព ដូចជា​ការរៀបចំ​សណ្តាប់​ធ្នាប់ ការដោះស្រាយ​កកស្ទះ​ចរាចរណ៍ ការការ​ពារ​ប្រតិភូ ច្រើនជាង​ការងារ​ជំនាញ ជាហេតុធ្វើ​ឲ្យប៉ះពាល់​ដល់​ការបំរើ​សេវាសា​​ធារណៈ ជូនប្រជាពល​រដ្ឋមានការ​យឺតយ៉ាវ។

គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន​នៅទូទាំង​ប្រទេស មានប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំនួន ១៦៣៣ប៉ុស្តិ៍ និង​មាន​មន្ត្រី​នគរបាល​បម្រើ​ការជិត ១៥០០០នាក់ ស្រី ៤៣៩នាក់ និងនៅតាមឃុំ​មួយចំនួន​​ក្នុងតំ​បន់​​ដាច់ស្រយាល នគរបាល​ប៉ុស្តិ៍រដ្ឋបាល នៅមិន​ទាន់មានអាគារ​ស្នាក់​ការ​ប៉ុស្តិ៍​សម្រាប់​​បំរើការងារនោះទេ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative