នៅឆមាស​ទី១ឆ្នាំ​នេះ ចំនួន​អ្នក​បរិច្ឆាគ​ឈាម​មាន​ការកើន​ឡើង​ជាង​១ពាន់​ប្លោក

លោក​វេជ្ជ​បណ្ឌិត ជា សុខឃីម អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​​ផ្តល់ឈាម បានមាន​ប្រសាសន៍​ថា នៅក្នុង​រយៈពេល​៦ខែ​ឆ្នាំ​២០១៥​នេះ ចំនួនអ្នក​ស្ម័គ្រចិត្ត​បរិច្ឆាគ​ឈាម បានកើន​ឡើងគួរ​ឲ្យគត់​សំគាល់​នៅទូ​ទាំង​ប្រទេស។

3 លោក​បាន​មាន​ប្រសាសន៍ នៅក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​មួយ​ក្រោម​ប្រធាន​បទ «​អរ​គុណ​ចំពោះ​ការ​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ»​ នៅ​សាល​ប្រជុំ​​ក្រសួង​​ពាណិជ្ជ​កម្ម កាលពី​ថ្ងៃទី​០៩ កក្តដា ថាតាម​ការប៉ាន់​ស្មាន​ចំនួន​អ្នក​ចូល​រួម​បរិច្ឆាគ​ឈាម ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុងរយៈ​ពេល៦​ខែ ឆ្នាំ​២០១៥ នេះមាន​ប្រមាណ​ជា​២៧០០០​ប្លោក។ ចំនួន​នេះបើ​ប្រៀប​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​២០១៤​កន្លង ទៅឃើញ​ថាមាន​ការកើន​ឡើង​ប្រមាណ​ជាជាង​១០០០​ប្លោក ដែល​រយៈ​ពេល៦​ខែ ឆ្នាំ​២០១៤ មាន​ចំនួន​២៥៨៩១​ប្លោក​ប៉ុណ្ណោះ។

ទោះ​បីជានៅ​សល់កន្លះ​ឆ្នាំទៀត​ក៏ដោយ លោក​អនុប្រធាន​រូបនោះ​សង្ឃឹម​ថា ក្នុង​ឆ្នាំ​២០១៥​នេះ មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​ឈាម​នឹងទទួល​បានចំនួន​អ្នកស្មគ្រ័​ចិត្តផ្តល់​ឈាមបាន​​កើនឡើង​​ច្រើនលើស​ពីឆ្នាំ​២០១៤ ដែរដោយ​សារតែ​ចំនួន​​នៃតម្រូវ​ការ​ក៏មាន​​ការកើន​ឡើង​យ៉ាង​ខ្លាំងដែរ​។

លោកបាន​បន្ថែមថា​ « បច្ចុប្បន​នេះ​យើង​​មិនទាន់​មាន​ឈាម​​គ្រប់គ្រាន់​ សម្រាប់​​ជួយ​សង្គ្រោះ​​ជីវិត​​មនុស្ស​​ដែល​ត្រូវ​ការ​ឈាម​​បន្ទាន់​​នៅឡើយ​​ទេ​ដោយ ក្នុង​មួយ​ថ្ងៃ​គ្រាន់តែ​​នៅ​រាជធានី​​ភ្នំពេញ ត្រូវការ​ឈាម​​​ចន្លោះ​​ពី ៨០ទៅ១០០ប្លោក សម្រាប់​​ជួយ​ សង្គ្រោះ​​ជនរង​គ្រោះ​ផ្សេងៗ ហើយ​ទូទាំង​ប្រទេស​​ត្រូវការ​​ឈាម​​ប្រមាណ​១៥០ប្លោក រៀង​រាល់ថ្ងៃ ។ ដូចនេះ​​យើង​ត្រូវ​ការ​​ឈាម​​បន្ថែម​ទៀត​ដើម្បី​​សង្គ្រោះ​​ជីវិត​​មនុស្ស​​បន្ទាន់» ។ លោក​បា​ន​ប​ន្ត​ឲ្យ​​ដឹងថា​ «ការបរិច្ចាគ​ឈាម វា​មិន​​ធ្វើអោយ​ប៉ះពាល់​​ដល់​​សុខភាព រឺ​អាយុជីវិត​​អ្នក​បរិច្ចាគ​​នោះទេ ឈាម​មនុស្ស​​យើង​ទោះ​បី​មិន​​បរិច្ចាគ​​ក៏​គង់​តែ​វា​ងាប់​​ទៅវិញ និង​​ផលិត​​ឈាម​ថ្មី​​ជំនួស ហើយ​​មនុស្ស​ម្នាក់ៗអាច​​បរិច្ចាគ​​ឈាម​បាន​៣ទៅ​៤ដង ក្នុង​មួយ​ឆ្នាំ​ទៅ​តាម​​សុខភាព »។

លោក​វេជ្ជបណ្ឌិត ជា សុខឃីម បានបញ្ជាក់​ថា «បច្ចុប្បន្ន​នេះមជ្ឈ​មណ្ឌល​ជាតិ នៅតែ​ប្រឈម​នឹងកង្វះ​ខាតឈាម​ នៅក្នុង​ស្តុក​ ជាពិសេស​គឺឈាម​ប្រភេទ B និងប្រភេទ O។ ដូច្នេះ​ហើយទើប​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាមបាន​ខិតខំ​ស្វះស្វែង​ដាក់​លិខិត​ស្នើរ​សុំប្រារព្ធ​ពិធី​បរិច្ចាគ​​ឈាម​​ទៅតាម​ស្ថាប័នរដ្ឋ​ និង​ឯកជន​នានា​ទូទាំង​រាជធានី ដោយ​សង្ឃឹមថា​នឹងទទួល​បាន​ការ​សហការ​ល្អពី​តាមក្រសួង​ស្ថាប័ន​ផ្សេងៗ ដើម្បី​បំពេញ​តម្រូវ ការ​ឈាម​ក្នុងស្តុក»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative