អគ្គស្នង​ការ​​ ជំរុញ​​ឲ្យ​​នគរបាល​​ការពារ​​បូរណភាព​​ទឹក​ដី ​និង​ទប់​ស្កាត់​​ការហូរ​ចូល​​ជន​អន្តោ​ប្រវេសន៍

នាយ​​ឧ​ត្ត​ម​​សេនីយ៍ នេ​ត សាវឿន អគ្គស្នង​ការ​​នគរបាល​​ជាតិ បាន​​ថ្លែង​ថាកង​កម្លាំង​​វរ​សេនា​​តូច​​នគរ​បាល​​​ការពារ​​​ព្រំដែន​​ទាំង​អស់ ត្រូវតែ​​ពង្រឹង​សមត្ថភាព​​ក្នុង​កិច្ចការ​​ការពារ​​ខ្សែ​បន្ទាត់​​ព្រំដែន ​និងទប់​ស្កាត់​​​នូវ​​​ការ​​ហូរ​ចូល​​ជន​អន្តោប្រវេសន៍​​ខុស​ច្បាប់​​មក​​កម្ពុជា។

1លោក​​បាន​មាន​ប្រសាសន៍​បែបនេះទៅកាន់ នាយ នាយរង​​នគរ​បាល ដែល​ជា​​ប្រធាន​​នាយកដ្ឋាន​​ជំនាញ ស្នង​ការ​​រាជធានី ខេត្ត មេបញ្ជា​ការ​​វរ​សេនា​​តូច​​នគរ​បាល ​ការពារ​​ព្រំដែន និង​​ប្រធាន​​ច្រកទ្វារ​​អន្តរជាតិ កាល​ពី​​​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៥ នៅក្នុង​​កិច្ចប្រជុំ​​ពង្រឹង​​វិធាន​ការ​​អនុវត្ត​​ច្បាប់​ស្តីពី​​អន្តោ​ប្រវេសន៍ នៅ​​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ ។

នាយ​​ឧ​ត្ត​ម​​សេនីយ៍ នេ​ត សាវឿន បាន​​បញ្ជាក់​ថា «នគរបាល​​ការពារ​​ព្រំដែន​​ត្រូវ​​ពង្រឹង​សមត្ថភាព​​ដើម្បី​​ការពារ​​បូរណ​ភាព​​ទឹកដី ទប់​ស្កាត់​​ការហូរ​ចូល​​ជន​អន្តោ​ប្រវេសន៍ និង​ទំនិញ​​ខុសច្បាប់ មួយវិញ​ទៀត​ត្រូវ​​ជំរុញ​​ការងារ​​ប្រចាំ​​បញ្ជា ការហ្វឹក​ហាត់​ជា​ប្រចាំ និង​ការ​ថែបំប៉ន​​កងកម្លាំង​​ឲ្យ​​បាន​ល្អ»។

តាម​របាយ​ការណ៍ ​អគ្គនាយក​​ដ្នា​ន​​អន្តោ​ប្រវេសន៍ បានឲ្យ​ដឹងថា ក្នុង​រយៈ​ពេល​៦ខែ ឆ្នាំ​២០១៥​នេះ អគ្គ​នាយកដ្ឋាន​​អន្តោ​ប្រវេសន៍​ បាន​ចុះ​​ចាត់​វិធាន​ការ​​ស្រប​ច្បាប់​​បណ្តេញ​​ជន​អន្តោ​ប្រវេសន៍​​បរទេស ​ខុស​ច្បាប់​​ចំនួន​១២០០​នាក់ ក្នុងនោះ​​ជន​អន្តោ​ប្រវេសន៍​​ខុសច្បាប់​​វៀត​ណាម មាន​​ប្រមាណ​៩៥ ទៅ៩៨​ភាគរយ ត្រូវបាន​​បញ្ជូន​ទៅ​ស្រុក​កំណើត​​វិញ។ កាលពី​ឆ្នាំ​២០១៤​ កន្លង​មក កម្ពុជា​​បាន​​បណ្តេញ​​ជន​បរទេស​​អន្តោ​ប្រវេសន៍​​ខុសច្បាប់​​ចំនួន ១៨០០នាក់ ក្នុងនោះ​​ជនជាតិ​​វៀត​ណាម​​មាន​​ចំនួន​​ប្រមាណ ១៥០០នាក់ ត្រូវបាន​​បណ្តេញ​​ទៅ​ប្រទេស​​វៀតណាម​​វិញ។

កម្ពុ​ជា​មុន​ការ​បណ្តេញ​​ជន​បរទេស​​ខុសច្បាប់​​ទាំងអស់​នោះ គឺ​កម្ពុជា​​បានផ្តល់​​ព័ត៌មាន​​ជូនទៅ​​បណ្តា​​ស្ថានទូត​​នៃ​ប្រទេស​​នានា​​ឲ្យ​ចូល​រួម​ជួយ​​សហការ ដើម្បី​​ចូលរួម​​គោរព​​អធិបតេយ្យ​ភាព​ជាតិ អនុវត្ត​​ច្បាប់​ឲ្យ​​បាន​ត្រឹម​ត្រូវ ធានា​​និរន្តរភាព​​នយោបាយ​ មិន​​ប្រកាន់​ពូជ​សាសន៍ មិន​​រើស​អើង និង​គោរព​​សិទ្ធ​មនុស្ស​​ជា​​មូលដ្ឋាន។ ជនជាតិ​​វៀតណាម និង​​ជនជាតិ​​បរទេស​​នានា​​ទៀត​ ដែល​​បាន​​ហូរ​​ចូល​មក​​កម្ពុជា គឺមាន​​ជន​អន្តោ​ប្រវេសន៍​​ខុសច្បាប់​​ចំនួន​​ពី២០​ទៅ​២៥​ភាគរយ បាន​ហូរ​​ចូល​​តាម​​ប៉ុស្តិ៍​នគរ​បាល​​ច្រក​ទា្វរ​​ព្រំដែន និង​​មួយចំនួន​ធំ​ទៀត​​ហូរ​ចូល​​តាម​​ច្រក​របៀង តាម​ខ្សែ​បន្ទាត់​​ព្រំដែន​​ដើម្បី​​កិច្ច​វេះ​​ពី​​សមត្ថកិច្ច ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative