អ្នកវិនិយោគ​ជប៉ុន ស្នើ​ឱ្យ​រដ្ឋាភិបាល​តំឡើង​ប្រាក់​ឈ្នួល​កម្មករ ទៅ​តាម​ផលិត​ភាព​ការ​ងារ​ ដើម្បីធានា​ដល់ការប្រកួតប្រជែង

ក្រុមអ្នក​វិនិយោគ​ មកពី​ប្រទេស​ជប៉ុន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពីរាជ​រដ្ឋាភិបាល​​នៃ​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅ​ក្នុង​​តំ​បន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បានស្នើ​ឱ្យ​រាជរដ្ឋាភិបាល​​បញ្ចុះ​​តម្លៃ​​អគ្គិសនី​ក៏ដូច​ជាគិតគូរ​ពីការតំ​ឡើង​ប្រាក់​ឈ្នួល​កម្មករ​ទៅ​​តាម​ផលិតភាព​ការងារ ដើម្បី​ធានា​ដល់ការ​ប្រកួត​ប្រជែងជា​មួយ​​បណ្តា​ប្រទេស​នានា។

1លោក យូ ស៊ីដាក់ (Yu sidak) អគ្គ​នាយក​រង​នៃក្រុម​ហ៊ុន Minebea Cambodia ដែល​បាន​មក​បណ្តាក់​ទុន​រក​ស៊ីនៅ​កម្ពុជា លើផ្នែក​បង្គុំ​បច្ចេក​វិទ្យា​អេឡិច​ត្រូនិច​ (ម៉ូនីទ័រ)​ កាលពី​ថ្ងៃ ទី០៨ កក្តដា បានធ្វើ​​សំណូម​ពរ ២ចំណុច​ទៅរាជ​រដ្ឋាភិបាល​ គឺទីមួយ​ស្នើឱ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី ព្រោះ​គាត់​មើល​​ឃើញថា តម្លៃ​អគ្គសនី នៅ​កម្ពុជា មាន​លក្ខណៈ​ថ្លៃជាង​ប្រទេស​ជិតខាង ដែលជា​គូរ​ប្រកួត​​ប្រជែង​របស់​យើង​រហូត​ដល់​៣ដង ។

លោកបាន​បន្តថា ​« ដើម្បី​ធ្វើឱ្យ​ផលិតភាព​របស់​ក្រុមហ៊ុន កើនឡើង​គឺតាម​រយៈ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និងតាម​រយៈ​ការបូក​បន្ថែម​នូវ​ម៉ាស៊ីន ដើម្បី​ជួយ​បន្លឿន​​នូវ​ចង្វាក់​ផលិត​កម្ម ដូច្នេះ​ប្រសិន​បើតម្លៃ​អគ្គសនី​ថ្លៃគឺមិន​អាចនាំ​យកម៉ាស៊ីន​​ទំនើប មកប្រើ​​ប្រាស់​​បានទេ ដែលជា​ហេតុនាំ​ឱ្យផលិត​ផលនៅ​ក្នុង​ប្រទេស​កម្ពុជា​ឆ្លើយ​តប​​ទៅ និងផែន​​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​បាន​ទេ»។

ចំណែក​ឯសំណូម​ពរ​ទីពីរ​គឺ ទាក់ទង​ទៅនឹង​ប្រាក់​ឈ្នួល​អប្បរមា​របស់ កម្មករ និយោជិក​ ដោយលោក​អគ្គនាយក​រង​រូប​នោះ​បានលើក​ឡើងថា ដើម្បីឱ្យ​ផលិត​ផលដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា (Made in ​Cambodia) មាន​លក្ខណៈ​ប្រកួត​ប្រជែង​ យើង​ត្រូវការ​ធនធាន​មនុស្ស​ក្នុងការ​បង្កើន​​ផលិត​ភាព​ការងារ ជាក់​ស្តែង​ការផលិត​របស់​យើងមាន​កម្រិត​នៅឡើយ មានន័យ​ ថាកើន​បន្តិច​ម្តងៗ។ ដូចនេះ​ដើម្បី​ធ្វើឱ្យការ​ផលិត​របស់​យើងស្មើ​នឹង​ប្រទេស​ជិតខាង ដូចជា ចិន ថៃ វៀតណាម​​ជាដើម​នោះ​ ចាំបាច់​ត្រូវការ​ពេល​​វេលា​​យ៉ាងតិច​ណាស់ក៏​ពី១០​ទៅ២០​ឆ្នាំដែរ។

លោកបាន​បន្ថែម​ថា«សម្រាប់​តម្លៃ ឈ្នួល​អប្បរមារ​កម្មករ និយោ​ជិកវិញ បើឡើង​គំហុក​ពេកវា​ធ្វើឱ្យ​ដំណើរ​ការ​​របស់​ក្រុម​ហ៊ុន​គឺ​មិនអាច​ទៅរួច​បានទេ  ដូច្នេះ​ខ្ញុំសុំ​ឱ្យ​តម្លៃ​ឈ្នួល​អប្បរមា​កើន​ឡើង​ទៅ​​តាម​ផលិតភាព​ការងារ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​នានា​»។

ទាក់ទិន​ទៅនឹង​សំណូមពរ​លើកឡើង​ខាងលើ​របស់​តំណាង​ក្រុមហ៊ុន Minebea ​Cambodia លោក ហេង សួរ អគ្គ​នាយក​រដ្ឋ​បាល និង​ជាអ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ បានលើក​ឡើង​នៅក្នុង​ពេល​ដែល និង​ក្រុម​ការងារ​ក្រសួង ​និងក្រុម​ក្រុមអ្នក​សារព័ត៌​​មាន បាន​​ចុះ​​ទៅមើល​ចង្វាក់​ផលិត​កម្មនៃការ​ផលិត​ម៉ូទ័រ​របស់​ក្រុមហ៊ុន​ Minebea កាលពី​ថ្ងៃទី៨ ខែ​ កក្កដា ឆ្នាំ​​២០១៥ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នោះថា  ករណី​ទាំងពីរ​ដែល​លោក យូ ស៊ីដាក់ បានលើក​ឡើងនេះ​ រាជ​រដ្ឋា​ភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយកន្លងមក​ក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា‑ជប៉ុននៅ CDC ភាគីរដ្ឋាភិបាល បានធ្វើផែនការ​ជូនទៅ​ភាគី​អ្នក​វិនិយោគ​ជប៉ុន​ទាំងអស់ ឱ្យបាន​ដឹងពី​ការបញ្ចុះ​តម្លៃ​អគ្គិសនី​នៅកម្ពុជា​រួចហើយ។ ចំណែក​ឯរឿង​ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្មករ វាគឺ​ជាចំណុច​បារម្មណ៍​ទីពីរ​សម្រាប់​អ្នក​វិនិ​យោគ ដែល​រដ្ឋាភិបាល​ព្យាយាម​បង្កើត​ឱ្យមាន​យន្ត​ការ​ច្បាស់​លាស់​ត្រឹម​ត្រូវ​មុន​នឹង​សម្រេច​​​ចិត្ត​ធ្វើ​ការតម្លើង ព្រោះថា​​ការតម្លើង​ប្រាក់​ឈ្នួល​គួរតែ​ភ្ជាប់​ទៅនឹង​ផលិត​ភាព​ការ​ងារ ដែល​​យើង​កំពុង​តែធ្វើ​ការដោះ​ស្រាយ។ លោកថា​ «ការដោះ​ស្រាយ​បញ្ហា​នេះមិន​មែនជា​រឿងងាយៗ​ដូច​ការ​​លើក​ឡើង​របស់​សហជីព​មួយ​ចំនួន​នោះ​ទេ គឺរដ្ឋាភិបាល​ត្រូវការ​ថ្លឹងថ្លែង​រកនូវ​ចំណុច​ឈ្នះ​​ទាំង​​អស់​គ្នា  គឺអាស្រ័យ​​នឹង​អតិផរ​ណា ការ​រស់​នៅ ផលិត​ភាព នឹងការ​ប្រកួត​ប្រជែង»។

1ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​របស់​សហជីព​មួយចំនួន​ដែលទាម​ទារតំ​ឡើងប្រាក់​ឈ្នួល​កម្មករ ដល់​ទី​១៧៧​​ដុល្លា នោះ​លោក ហេង សួរ បានធ្វើ​ការចោទ​សួរថា «តើសហជីព​ដែលបានលើក​ឡើងនោះ​យករូបមន្ត​អ្វីមកគិត​ហើយ​បើមាន​រូបមន្ត​សូម យក ​មក​ពិភាក្សា​តែបើមិន​មានទេសូម​ទៅរៀន​គុណលេខ​ម្តងទៀត​កុំចេះ​តែថានោះ​គឺមិន​អាចទទួល​បាទេ»។ លោកបាន​បន្ថែម ថា «ការ​តំឡើង​ប្រាក់​ឈ្នួល​កម្មករ ត្រូវធ្វើ​ទៅតាម​រូបមន្ត​ដែលបាន​ដាក់ចេញ​ពោលគឺត្រូវ​គិតឲ្យ​បានគ្រប់​គ្រង់​ជ្រោយ​មិនមែន​ចេះ​តែ​នឹកឃើញ​ហើយយក​មកនិយាយ​នោះទេ»។

បើតាម​លោក ហេង សួរ នៅខែ​កក្តដា​នេះ ជាខែ​សំរាប់​សហជីព និង​និយោជក ធ្វើការ​ពិភាក្សា​គ្នាតាម​ក្រុមនី​មួយៗ​ដើម្បី​រក​ចំណុចរួម​មួយយក​ជាគោល​សំរាប់​តំឡើង​ប្រាក់ឈ្នួល​កម្មករ​សំរាប់ឆ្នាំ​ក្រោយនេះ​ហើយខាង​រដ្ឋាភិបាល នឹងពិភាក្សា​នៅ​ចុង​ខែនេះផងដែរ។ បន្ទាប់ពីពិ​គ្រោះ​យោបល់រួច​ហើយនៅ​ខែក្រោយ​នេះនឹងត្រូវ​ពិភក្សា​រួមគ្នាទាំង​បីភាគី និងខែ​តុលា​សំរេច ​តំឡើង​ប្រាក់ខែ​កម្មករ​តែម្តង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative