AIS គ្រោង​បោះ​ទុន​១៥​លាន​ដុល្លារ កសាង​អាគារ​សិក្សា​កំពស់​២០ជាន់

សាលារៀន និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​ AIS) គ្រោង​បោះ​ទុន​ចំនួន​១៥​​លាន​ដុល្លារ ដើម្បី​សាង​សង់​អាគារ​សិក្សា​កំពស់​២០ជាន់​ ជា​អាគារ​សិក្សា​​ខ្ពស់​ជា​ង​គេ​​នៅ​​ក្រុង​ភ្នំពេញ​នៅពេល​ឆាប់ៗនេះ។

1លោក​ឧកញ៉ា គួច ម៉េងលី ចាងហ្វាង និង​ជា​នាយក​សាលា និង​វិទ្យា​ស្ថាន​អន្តរទ្វីប​ អាមេរិក​កាំង​ បាន​ថ្លែង​ឲ្យដឹង​នៅ ការិយាល័យ​របស់​លោក​នា រសៀល​ថ្ងៃ​ទី៨ កក្កដា​ នេះ​ថា​អាគារ​សិក្សា​ថ្មីនេះ​នឹង​បញ្ចុះ​ បឋម​សិលា​សាង​សង់ នៅខែ​កញ្ញា​ខាងមុខ​នេះ ដែលតាម​គំរោង​ការ​សាង​សង់​អាគារសិក្សា​នេះ​ ត្រូវ​ចំណាយ​ពេលពីរ​ឆ្នាំ​កន្លះ​ទៅបី​​ឆ្នាំ​។ លោក​បន្ត​ថា អាគារ​សិក្សា​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅសេទុង​ ដែល​​មាន​បន្ទប់​រៀន ចំនួន​ជាង​១០០ និង​អាច​ទទួល​សិស្សានុសិស្ស​បានចំនួន​ប្រមាណ​​៩០០០​នាក់។

លោកបន្ត​ថា​ “ការសាង​សង់​អាគារ​ថ្មីនេះ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​អ្នក​សិក្សា​ ព្រោះ​បច្ចុប្បន្ន​គ្រប់​អាគារ​សិក្សា​គឺមាន​សិស្ស​ពេញៗ​ទាំងអស់ ហេតុនេះ​​ទើបយើង​បាន​ពង្រីក​សាខា​មួយចំនួន​ទៀត ​​ដើម្បី​ឆ្លើយ​តប​នឹង​ការគាំ​ទ្រ​របស់​សិស្សា​នុសិស្ស​”។

ក្រៅពីសាង​សង់​អាគារ​សិក្សា​នេះ លោក​ឧកញ៉ា​ គួច ម៉េងលី​ ក៏បាន​ និងកំពុង​ត្រៀម​សាងសង់​អាគារ​ទារក​ដ្ឋាន​កំពស់​ចាប់ពី៦ ទៅ៨ជាន់​នាពេល​ឆាប់ៗ នេះផង​​ដែរ ដែល​អាគារ​នេះនឹង​ចំណាយ​ពេល​សាង​​សង់​​រយៈ​ពេល​ប្រមាណ​៦ខែ​ប៉ុណ្ណោះ។

លោកឧកញ៉ា​ គួច ម៉េងលី​ បានបន្ត​ថា អាគារ​ទារក​ដ្ឋាន​នេះ គ្រោង​ចំណាយ​​ទុន​វិនិ​យោគ​ចំនួន​១.៥លាន​ដុល្លារ ហើយ​ការសាង​សង់​នេះ​​មាន​គោល​ដៅ​ ចំនួន​ពីរ ទី១ ដើម្បី​ទទួល​យក​ទារក​ចាប់ពី​អាយុ​៦ខែ មក​ទទួល​ការថែ​រទាំ និង​បណ្តុះ​បណ្តា​ល​​តាម​ស្តង់ដា​អន្តរជាតិ​ និង​ទី២​ដើម្បី​ផ្តល់​ឲ្យ​បុគ្គលិក​នៅទី​នេះ​អា​ច​​យក​កូនរបស់​​ពួក​គេ​​មក​ទទួល​ការថែរ​ទាំ ដើម្បី​ឲ្យពួក​គេបាន​ធ្វើការ​ងារ​ដោយ​​ពេញ​​លេញ និងជា​ការ​​បង្ហាញ​ពីការ​យក​ចិត្តទុក​ដាក់​របស់​យើង​ ចំពោះ​ បុគ្គលិក ធ្វើ​យ៉ាង​​ណាឲ្យ​ពួកគេ​មាន​ភាព​កក់ក្តៅ​ក្នុងការ​បំពេញ​ការងារ ព្រោះ​បុគ្គលិក​ដែលបំរើ​​ការងា​រ​​​នៅAIS ទទួល​​បានការ​ធានា​រ៉ាប់រង​ជីវិត ​ការ​ធានា​រ៉ាប់រង​ពេញ​២៤ម៉ោង និង​ការធានា​រ៉ាប់រង​មួយ​​ចំនួន​ទៀត ព្រមទាំង​អាច​ឲ្យកូន​ពួក​គេ​ចូល​រៀន​នៅ​ AIS ​​ដោយ​ឥតគិត​ថ្លៃ​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៨​ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative