ក្រសួង​សុខាភិបាល បើក​វគ្គ​បណ្ដុះ​បណ្ដាល​ ស្តីពី​លំ​ហាត់​​សម​​យុទ្ធ​​ជំងឺ​​ផ្លូវ​​ដង្ហើម​​ធ្ងន់​ធ្ងរ​​ដល់​មន្ត្រីពីរខេត្ត

ដោយ​មាន​​ការ​​គាំទ្រ​ ពី​អង្គការ​​សុខភាព​​ពិភព​លោក នាយកដ្ឋាន​​ប្រយុទ្ធ​​នឹង​​ជំងឺ​ឆ្លង ​នៃ​ក្រសួង​​សុខាភិបាល សហការ​​ជា​មួយ​​​មន្ទីរ​​សុខាភិបាល​​ខេត្ត​ព្រះ​សីហនុ កាលពី​​ថ្ងៃ​ទី​០៧ ខែ​​កក្កដា ឆ្នាំ​​២០១៥  បានបើក​​វគ្គ​បណ្ដុះ​បណ្ដាល​​លំ​ហាត់​​សម​យុទ្ធ​​ជំងឺ​​ផ្លូវ​​ដង្ហើម​​ធ្ងន់ធ្ងរ ដល់​មន្ត្រី​​សុខាភិបាល ​​ខេត្ត​​ស្វាយរៀង និង​ខេត្ត​​ព្រះសីហនុ នៅ​សាល​​ប្រជុំ​​មន្ទីរ​​សុខាភិបាល​​ ខេត្ត​​ព្រះសី​ហនុ ក្រោម​​អធិបតី​ភាព​​លោកស្រី​​វេជ្ជបណ្ឌិត ឪ វណ្ណឌី​ន អគ្គនាយក​​បច្ចេក​ទេស​ នៃ​ក្រសួង​សុខាភិបាល។​

4លោក​ស្រី លឹម សា​មាន ប្រធាន​​មន្ទីរ​សុខាភិបាល​​ខេត្ត​​ព្រះសីហនុ​​ មាន​ប្រសាសន៍​​ថា វគ្គ​បណ្ដុះ​បណ្ដាល​​លំ​ហាត់​​សម​យុទ្ធ​​ជំងឺ​​ផ្លូវ​​ដង្ហើម​​ធ្ងន់ធ្ងរ​​មាន​​ សារ​សំខាន់​​ណាស់ ដើម្បី​​ផ្ដល់​បទ​ពិសោធ​ន៍​​​សម្រាប់​​អនុវត្ត​​ការងារ​​ទប់ស្កាត់​​ការ​រីក​​​រាល​ដាល ​ជំងឺឆ្លង​​នានា ក្នុង​ព្រះ​រាជាណា​ចក្រ​​កម្ពុជា ពិសេស​​ខេត្ត​​ព្រះសីហនុ​ ជា​ទី​ក្រុង​​កំពង់ផែ​​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម ឧស្សាហកម្ម និង​ទេស​ចរណ៍​មួយ​​យ៉ាង​សំខាន់​ ក្នុង​ការ​​អភិវឌ្ឍន៍​​កំណើន​​សេដ្ឋកិច្ច​​ជាតិ។ ដោយ​កន្លង​មក​មន្ទីរ​​សុខាភិបាល ​បាន​​អនុវត្ត​​ការងារ​​ទប់ស្កាត់​​ប្រយុទ្ធ​ នឹង​ជំងឺ​ឆ្លង​តាម​​ការ​ណែ​នាំ​​របស់​​នាយកដ្ឋាន​​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង​ នៃ​​ក្រសួង​សុខាភិបាល​​ទទួល​​បាន​លទ្ធផល​​ល្អ ដោយ​ពុំ​​​ដែល​ជួប​​បញ្ហា​​ធ្ងន់ធ្ងរ​​គួរ​ឲ្យ​កត់​សំគាល់​ឡើយ។

លោក​ស្រី​​វេជ្ជបណ្ឌិត ឪ វណ្ណឌី​ន អគ្គនាយក​​បច្ចេក​ទេស​ នៃ​ក្រសួង​សុខាភិបាល​​មាន​​ប្រសាសន៍​ ​ថា​ការងារ​​អនុវត្ត​​ទប់ស្កាត់​​ការ​រីក​​រាលដាល​​ជំងឺឆ្លង​​នានា​ ក្នុង​ព្រះ​រាជាណាចក្រ​​កម្ពុជា ដែល​ខិត​ខំ​ប្រឹង​ប្រែង​បើក​​វគ្គ​បណ្ដុះ​បណ្ដាល​​លំ​ហាត់​​សម​យុទ្ធ​​ជំងឺ​​ផ្លូវ​​ ដង្ហើម​​ធ្ងន់ធ្ងរ រួម​ទាំង​​ជំងឺ​ផ្លូវ​​ដង្ហើម​​មជ្ឈិមបូព៌ា (MERS) លើក​ទី​៣​ នៅ​ខេត្ត​​ព្រះសីហនុ ក្នុង​គោល​បំណង​​កំណត់​​ឲ្យ​ច្បាស់​​អំពី​​ការទទួល​ខុសត្រូវ ឆ្លើយតប​​ជាបន្ទាន់​​រួមមាន​ ការ​រក​​ឃើញ​អ្នក​ជំងឺ​ឲ្យ​​ទាន់​ពេល​​វេលា ការ​ដាក់​​អ្នកជំងឺ​​ព្យាបាល ការ​ប៉ះ​ពាល់​​អ្នក​ជំងឺ​ព្យាបាល ការ​រក​​អ្នក​​ប៉ះពាល់ ការ​ដាក់​​ឲ្យ​នៅ​​ដោយ​ឡែក តាមដាន​​សុខភាព និង​ការអនុវត្ត​​វិធាន​ការ​​ការពារ​​ចំលង​​រោគ​នៅ​ក្នុង​​មន្ទីរពេទ្យ និង​​សហគមន៍។

លោកស្រី​​វេជ្ជបណ្ឌិត​​បាន​ សំណូម​ពរ​ដល់​​សិក្ខាកាម ​ធ្វើការ​ពិភាក្សា​​ឲ្យ​អស់​​លទ្ធភាព​​អំពី​​ចំណុច​​ដែល​ ខ្វះខាត និង​​ចំណុច​​ដែល​​ត្រូវ​កែ​លំអ ដើម្បី​រួម​គ្នា​កែ​សម្រួល​​ឲ្យ​កាន់​​តែ​មាន​​ប្រសិទ្ធភាព​​ប្រសើរ​ឡើង ព្រោះ​ខេត្ត​​ទាំងពីរ​នេះ​​ជា​ច្រក​​អន្តរជាតិ​​ដ៏​សំខាន់​​សម្រាប់​​ភ្ញៀវ​​ទេសចរ​ អន្តរជាតិ ចេញ ចូល និង​ជា​មន្ទីរ​ពេទ្យ​បង្អែក​​សម្រាប់​​ទទួល​​ការ​ព្យាបាល​​ជំងឺ​ផ្លូវ​​ដង្ហើម​ ធ្ងន់ធ្ងរ និង​ជំងឺ​​ផ្សេងៗ​​ទៀត​ ទៅតាម​​ការកំណត់​​របស់​​ក្រសួង​សុខាភិបាល។ សកម្មភាព​​បណ្ដុះ​បណ្ដាល​​ថ្ងៃនេះ គី​ជា​វិធានការ​​មួយ​បន្ថែម​​ទៀត ក្រោយ​ពី​ក្រសួង​សុខាភិបាល​ បាន​ដាក់​​វិធាន​ការ​ត្រួត​ពិនិត្យ​​នៅ​តាម​​ច្រក​ចេញ​ ចូល​អាកាស​យានដ្ឋាន​​អន្តរជាតិ​​ខេត្ត​​ព្រះសីហនុ បាវិត និង​ខេត្ត​​ស្វាយរៀង។ លោកស្រី​ក៏បាន​សំណូមពរ​​ឲ្យ​មន្ត្រី​​ចត្តាឡឺស័ក​ នៅ​តាម​​ច្រកចេញ​​ចូល​​អន្តរជាតិ​ ទាំង​អស់​ ធ្វើការ​​ស្រាវជ្រាវ​​រក​ជំងឺ​​ផ្លូវ​ដង្ហើម​​មជ្ឈិមបូព៌ា​​(MERS) ដោយ​ប្រើ​ប្រាស់​ធនធាន​​ដែល​មាន​​ស្រាប់។ លោកស្រី​បាន បញ្ជាក់​ ថា​​បច្ចុប្បន្ន​​នេះ មិន​មាន​​ករណី​​ជំងឺ​ផ្លូវ​​ដង្ហើម​​មជ្ឈិមបូព៌ា​​(MERS)​នៅ​​ព្រះរាជាណា​ចក្រ​ កម្ពុជា​ឡើយ​ហើយបញ្ហា​នេះ​លោក​រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល​​បាន​យក​ចិត្តទុកដាក់​​លើ​សុខភាព​​ប្រជាពលរដ្ឋ​ កម្ពុជា​​ទូទៅ និង​តាមដាន​​ជាប្រចាំ​​នូវ​ស្ថានភាព​​នៃ​​ការ​​រាតត្បាត​​ជំងឺឆ្លង​​(MERS)​នេះ​​ហើយ ​ក៏​ចាត់​​ឲ្យ​មន្ទីរ​ពេទ្យ​ជាតិ​​នានា ពិសេស​មន្ទីរ​ពេទ្យ​​កាល់ម៉ែ​ត្រ មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ-សូ​វៀត និង​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ មាន​ខេត្ត​​សៀមរាប មង្គល​បូរី ត្រៀម​​លក្ខណៈ​​ក្នុង​ការ​ជួយ​​អន្តរាគមន៍​​រួច​ជា​​ស្រេច ព្រម​ទាំង​បាន​ផ្ដល់​​ការ​បណ្ដុះ​បណ្ដាល​​ដល់​បុគ្គលិក​​មន្ទីរ​ពេទ្យ​ទាំង​​៤​នេះ​ រួចរាល់​​ហើយ ក្រោម​ការ​​ជួយ​គាំ​ទ្រ​ពី​អង្គការ​​សុខភាព​​ពិភព​លោក​​នៅ​រាជ​ធានី​​ភ្នំពេញ។​

លោកស្រី​វេជ្ជបណ្ឌិត​ឪ វណ្ណឌី​ន បញ្ជាក់​​ថា ក្រសួង​សុខាភិបាល​ នឹង​​បន្ត​ផ្ដល់​​ការ​បណ្ដុះ​បណ្ដាល​​វគ្គ​លើក​​ទី​៤ ជូន​ដល់​​មន្ត្រី​​សុខាភិបាល​ នៃ​មន្ទីរពេទ្យ​​ព្រះកុសុមៈ និង​រៀប​ចំ​កិច្ចប្រជុំ​​ជាមួយ​ថ្នាក់​ដឹកនាំ​​មន្ទីរ​សុខាភិបាល​​រាជធានី និង​ខេត្ត​​ទាំង​២៥​​នា​ពេល​​ខាង​មុខ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative