ប្រជាពល​រដ្​ឋ​ចំនួន​​១៥​នាក់ ពុល​​ផ្សិត​​ក្នុង​ស្រុក​​អូររាំងឪ​

ប្រជាពល​រដ្ឋ​ ក្នុង​​ភូមិ​​ព្រះ​ធាតុ​​កណ្ដាល ឃុំ​​ព្រះ​ធាតុ ស្រុក​​អូររាំងឪ ខេត្ត​​ត្បូងឃ្មុំ ឃើញ​​ផ្សិត​ដុស​​ក្នុង​គុម្ព​​ឫស្សី​​ខាង​មុខ​​ផ្ទះ​​របស់​​ខ្លួន​នាំគ្នា​​ដក​យក​​មក ​ចែក​​គ្នា​​ស្ល​ហូប ស្រាប់តែ​​ពុល​ចំនួន​​១៥​នាក់ នៅ​ម៉ោង​​១១​និង​​០០នាទី ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥​​នេះ តែ​​សំណាង​ល្អ​មិន​​មាន​ការ​​ប៉ះពាល់​​ដល់​ជីវិត​​បងប្អូន​​ទាំង​អស់​​នោះ​ទេ។​

3លោក កែម សុធី អនុសេនីយ៍​ត្រី​​មេ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​​ឃុំ​​ព្រះ​​ធាតុ​ បាន​​បញ្ជាក់​​ថា ករណី​​ពុល​​ផ្សិត​នេះ បងប្អូន​​ប្រជាពលរដ្ឋ​​បាន​ឃើញ​​ផ្សិត​ដុស​​នៅ​​គុម្ព​ឫស្សី ​នៅមុខ​​ផ្ទះ​របស់​​ខ្លួន​នឹក​​ស្មាន​ថា ជា​ផ្សិត​​ឫស្សី ក៏​ដក​​យក​មក​​ចែក​គ្នា​​ស្ល​​ហូប​​ជាមួយ​​បាយ​នៅ​​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​​មាន​​អាការៈ​​ក្អួត​​ចង្អោរ ខុស​ធម្មតា ​ទើប​ដឹង​​ថា​ពុល​​ផ្សិត​ពិត​ប្រាកដ ក៏បាន​​នាំគ្នា​​ទៅ​សម្រាក​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​​អូររាំងឪ។

បើ​តាម​​ចាស់ទុំ​​ក្នុងស្រុក​​បាន​បញ្ជាក់​​ថា បើ​ផ្សិត​​ឫស្សី ​មិន​​ពុល​ទេ តែ​ផ្សិត​​នេះ គឺ​ផ្សិត​​ដុស​ចេញ​​ពី​អាចម៍​​ក្របី​ ដែល​​គេ​យក​​ទៅ​ដាក់​គល់​​ឫស្សី វា​ដុស​​ល្អ​ជាង​​ផ្សិត​ឫស្សី ហើយ​យើង​​ច្រឡំ​​ថា​​ផ្សិត​​ឫស្សី ក៏​នាំ​គ្នា​ហូប​ ទើប​ជួប​​ហេតុ​ការណ៍​​ដូចនេះ។

លោក ហេង អាន ប្រធាន​​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​​អូររាំងឪ​​ បាន​​បញ្ជាក់​​ឲ្យ​ដឹង​​ដែរ​ថា នៅ​ពេល​​ដែល​បង​ប្អូន​​ទាំង​​១៥​នាក់ ក្នុង​​នោះ​​មាន​ស្ត្រី​​ចំនួន​​១០​នាក់ បាន​មក​​សម្រាក​​ព្យាបាល​​ក្នុង​សាល​​ឃើញ​ថា បាន​ធូរ​​ស្រាល​​អស់ហើយ មិន​មាន​​បញ្ហា​អ្វី​​ទេ៕

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative