កម្ពុជា-ថៃ​ នឹងចុះ​អនុស្សារណៈ​យោគយល់​គ្នាលើ​វិស័យ​ពលកម្ម​នាពេល​ខាងមុខ

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​នឹង​កំពុង​ធ្វើកិច្ចសហ​ប្រតិបត្តិ​ការ លើការ​រៀបចំ​អនុស្សា​រណៈ​យោគ​​យល់​​គ្នា លើ​វិស័យ​ពលកម្ម​ហើយ​អនុស្សា​រណៈ​នេះគ្រោង​នឹងចុះហត្ថ​លេខា​រួមគ្នា​នាពេល​ខាងមុខ​នេះ។

5លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​លើក​ឡើង​នៅក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក ណុត តាវុធ​ប៉ូទីសារ៉ូ ឯក​អគ្គរាជ​ទូតថៃ ប្រចាំ​កម្ពុជា កាលពីរ​សៀល​ថ្ងៃទី៦ កក្កដា​ឆ្នាំ​២០១៥ នៅទីស្តី​ការ​ក្រសួង ថា​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​នឹងកំពុង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ លើការ​រៀបចំ​អនុស្សារណៈ​យោគ​យល់​គ្នា​លើ​វិស័យ​ពលកម្ម​ហើយ​ភាគី​ថៃ បានផ្ញើ​សេចក្តី​ពា្រង​ចុង​ក្រោយ​មកឱ្យ​កម្ពុជា​រួចហើយ​ រីឯ​ក្រុម​ការងារ​បច្ចេកទេស​កម្ពុជា ក៏កំពុង​ពន្លឿន​ការ​ពិនិត្យ​បញ្ចប់​ឱ្យបាន​ឆាប់រហ័ស។ លោករដ្ឋ​មន្រ្តី បាន​ប្រាប់​លោក​ទួតថៃ​ថា «ខ្ញុំចង់​ស្នើឱ្យ​មានការ​ចុះនូវ​អនុស្សាវ​ណៈយោគ​យល់​គ្នា​នេះ ក្នុងអំឡុង​ចុងខែ​សីហា ពេលខ្ញុំ​ទៅចូល​រួម​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​នៅទីក្រុង​បាងកក ប្រទេស​ថៃ»។

លោកអ៊ិត សំហេង ក៏​ស្នើ​សុំឱ្យ​មាន​កិច្ចសហការ​ការពារ និងគោរព​សិទ្ធ​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា កំពុង​ស្នាក់​នៅ និង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ។   លោករដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ក្រុមការងារ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ក្រសួង​មហា​ផ្ទៃ សហការ​ជាមួយ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា កំពុង​ពន្លឿន​ការ​បំពេញ​បែបបទ ​ឱ្យ​បង​ប្អូន​ពលករ​កម្ពុជា​ដែលកំពុង​ធ្វើការ​ប្រទេស​ថៃ។ លោករដ្ឋ​មន្រ្តី​បានបន្ត​ទៀតថា កម្ពុជា​បានចុះ​ការ​ទទួល​ស្គាល់​ជំនាញ​ចំនួន ៨សម្រាប់​ការ​មក​ដល់​សមាហរណកម្ម​អាស៊ាន។  ក្នុងនោះ​មាន​ជំនាញ ២ដែល​កម្ពុជា និងថៃ​ទទួល​ស្គាល់គ្នា គឺផ្នែក​សំណង់ និង​អគ្គីសនី។

បន្ថែម​លើការ​លើក​ឡើង​ខាងលើ​លោក​រដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ ថាការ​ជួញដូរ​គឺជា​បញ្ហា​សំខាន់​មួយដែល​លោក​បានស្នើ​ឱ្យមាន​ការបន្ត​នូវកិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ដើម្បី​រួមគ្នា​ដោះ​ស្រាយ និងលប់​បំបាត់​នូវបញ្ហា​ទាំងនេះ។

ជាចុង​ក្រោយ​លោក អ៊ិត សំហេង បាន​ថ្លែង​អំណរ​គុណ ចំពោះ​ប្រទេស​ថៃ ដែលបាន​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ក្នុង​នោះ រាជ​រដ្ឋាភិបាល​ថៃ បាន​ឧត្ថម្ភ​ការសាង​សង់​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា-ថៃ ពូន​ភ្នំ និង​ឧត្ថម្ភការ​បណ្តុះ​បណ្តាល​គ្រូជា​ដើម។

លោក ណុត តាវុធ មាន​ការឯកភាព​ចំពោះការ​លើកឡើង និងបាន​ចាត់ទុក​ទំនាក់​ទំនងរ​វាង​​កម្ពុជា-ថៃ នាពេល​បច្ចុប្បន្ន​ ថា​ពិត​ជា​មាន​ភាពល្អ​ប្រសើរ​ខ្លាំង​ណាស់។ លោកទួត សន្យា​ថានឹង​ជួយជម្រុញ​ឱ្យមាន​កិច្ចសហប្រតិ​បត្តិការ រវាង​កម្ពុជា-ថៃ កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត​ហើយ លោក​នឹងពាំនាំ​នូវ​សំណើ ក៏ដូចជា​ក្តីកង្វល់​របស់​កម្ពុជា​ទៅដល់​រាជរដ្ឋាភិបាល​ថៃ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative