ឥណ្ឌា​ សំរេច​​​ផ្អាក​គម្រោង​​សាងសង់​​ប្រាសាទ​​អង្គរវត្ត​​ចម្លង​​​ពី​កម្ពុជា

បន្ទាប់​ពីមាន​ប្រតិកម្ម​ពីរារដ្ឋភិបាល​កម្ពុជា រួចមក​ក្រសួង​ការ​បរទេស និង​ក្រសួង​វប្បធម៌​ឥណ្ឌា បាន​សំរេច​ឲ្យមូល​និធិ Mahavir Mandir Trust ​ ​​របស់​​ឥណ្ឌា ​ផ្អាក​​គម្រោង​​​សាង​សង់​​ប្រាសាទ​​អង្គរវត្ត​​ចម្លង​ពី​​កម្ពុជា​។ នេះ​​បើ​តាម​​ការ​ចុះ​​ផ្សាយ​របស់​​​សារព័ត៌​មាន​​ឥណ្ឌា​ កាលពី​ចុង​សប្តាហ៍​នេះ​។

3គួរ​បញ្ជាក់​ថា គម្រោង​​របស់​​ឥណ្ឌា​​ដែល​ចង់​​សាង​​សង់​​ប្រាសាទ​ ចម្លង​​តាម​​ប្រា​សាទ​អង្គរ​​វត្ត បាន​​លេច​​លឺ​​តាំង​ពី​​ឆ្នាំ​២០១២​ មក​​ម្ល៉េះ។ ​គម្រោង​​ប្រាសាទ​​ដំបូង​​នោះ​ត្រូវ​​បាន​​ដាក់​​ឈ្មោះ​​ថា Virat Angkor Wat Ram Mandir ប៉ុន្តែ​​ក្រោយ​​មក​​បាន​​ប្ដូរ​​ឈ្មោះ​​មក​​ជា Viraat Ramayan Mandir វិញ​។  កាល​​ពី​ខែ​​មិថុនា​​កន្លង​​ទៅ​ក្រសួង​​ការ​បរទេស​​កម្ពុជា បាន​ផ្ញើ​​កំណត់​​ទូត​តវ៉ា​​ទៅ​​ក្រសួង​​ការ​បរ​ទេស​​ឥណ្ឌា ​ឲ្យ​មូល​និធិ​​ឥណ្ឌា Mahavir Mandir Trust បញ្ឈប់​​គម្រោង​​សាង​​សង់​​ប្រាសាទ​​ដែល​​ចម្លង​​តាម​​ប្រាសាទ​​អង្គរ​វត្ត។  រដ្ឋាភិបាល​​កម្ពុជា​ បាន​ចាត់​​ទុក​​ការ​សាង​​សង់​​ប្រាសាទ​ ចម្លង​​តាម​​ប្រាសាទ​​អង្គរ​វត្ត ដើម្បី​​ផល​​ប្រយោជន៍​​ពាណិជ្ជ​កម្ម​​នេះ​​ថា គឺ​ជា​ការ​​រំលោភ​​បំពាន​​យ៉ាង​​ធ្ងន់​ធ្ងរ​​ដល់​​សម្បត្តិ​​បេតិកភណ្ឌ​​ពិភព​លោក​៕ យ៉ាង​ណា​​ក៏​ដោយ មន្ដ្រី​​នៃ​មូលនិធិ​ Mahavir Mandir Trust បាន​​អះអាង​ពី​ពី​ភាព​​ខុស​​គ្នា​​នៃ​​ប្រាសាទ​​អង្គរវត្ត ​ពិត​​ប្រាកដ និង​​ប្រាសាទ​ ដែល​​គ្រោង​​សាង​សង់​​នៅ​​ឥណ្ឌា​​ហើយ​​ថា គេរីក​រាយ​​នឹង​ធ្វើ​​ការ​​ពន្យល់​​បំភ្លឺ​​ដល់​មន្ដ្រី​​ជំនាញ​​នៃ​​រដ្ឋាភិបាល​​កម្ពុជា ​អំពី​​ភាព​ខុស​​គ្នា​នេះ​។

លោក Acharya Kishore Kunal អគ្គលេខា​ធិការ​​នៃ​មូលនិធិ ​Mahavir MandirTrust បានថ្លែង​នៅ​ក្នុង​សារពត៌មាន​នោះថា​ តាម​ពិត​ការ​​សាង​សង់​​ប្រាសាទ ​ដែល​​គ្រោង​​ចាប់​ផ្ដើម​​នៅ​ខែ​​មិថុនា នឹង​ត្រូវ​​ពន្យា​​ពេល រហូត​​ទាល់​តែ​​បញ្ហា​​ចម្រូង​​ចម្រាស់​នេះ​​​ត្រូវ​​បាន​​ដោះ​ស្រាយ​​រួច​។ លោក Kunal បាន​គូស​​បញ្ជាក់​​បន្ថែម​​ថា លោក​គោរព​​មនោសញ្ចេតនា​​របស់​​ប្រជា​ពលរដ្ឋ​​កម្ពុជា​​ចំពោះ​​ប្រាសាទ​​អង្គរវត្ត ប៉ុន្តែ​​លោក​ចង់​​ពន្យល់​​កម្ពុជា​​ថា ប្រាសាទ​​ដែល​មូលនិធិ​​លោក​​គ្រោង​​សាងសង់​​នោះ មិន​​មែន​​ចម្លង​​ទាំង​ស្រុង​​ពី​​ប្រាសាទ​​អង្គរវត្ត​​នោះ​ទេ​។

បើ​តាម​​អគ្គ​លេខាធិការ​រូប​នេះ លក្ខណៈ​​នៃ​​ស្ថាបត្យកម្ម​​យ៉ាង​ហោច​​ណាស់​៦០​​ភាគ​រយ គឺ​មិន​​ដូច​គ្នា​​ទាល់​តែ​​សោះ​។ លោក​ថា​ ប្រាសាទ Viraat Ramayan Mandir ខុស​ពី​​ប្រាសាទ​​អង្គរវត្ត ​របស់​​កម្ពុជា ព្រោះ​​វា​មាន​​បែប​បទ​​ស្ថាបត្យកម្ម​​ទាន់​​សម័យ បង្កប់​​​ដោយ​​លក្ខណៈ​​ពិសេស​​របស់​​ប្រាសាទ​​ល្បី​ៗ​​នៅ​​ឥណ្ឌា​។ នៅ​សប្ដាហ៍​​ក្រោយ អគ្គលេខា​ធិការ​នៃ​​មូលនិធិ Mahavir Mandir Trust ​នឹង​ដឹក​​នាំ​ក្រុម​​ស្ថាបត្យករ​​នៃ​​ប្រាសាទ​ ទៅ​កាន់​​រដ្ឋធានី​​ដេលី ដើម្បី​ជួប​​ជាមួយ​​មន្ដ្រី​​រដ្ឋាភិបាល​​កម្ពុជា ព្រម​ទាំង​​​តំណាង​​ក្រសួង​​ការ​បរទេស​ និង​ក្រសួង​​វប្បធម៌​​របស់​​ឥណ្ឌា​។ ប៉ុន្តែ​លោក Kunal ចង់​​ជួប​ជា​មួយ​ក្រុម​​ស្ថាបត្យករ​​របស់​កម្ពុជា ដែល​​អាច​​យល់​​បាន​ពី​​បច្ចេកវិទ្យា​​នៃ​ការ​រចនា​​ប្រាសាទ​។ ព្រោះ​​បញ្ហា​នេះ គឺ​ជា​រឿង​បច្ចេកទេស​​សុទ្ធ​សាធ និង​មិន​​អាច​ដោះ​​ស្រាយ​​តាម​​ផ្លូវ​​នយោបាយ​​ការទូត​​នោះ​ទេ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative