អាគារ​ជំងឺ​ទឹក​នោមផ្អែម​ កម្ពុជា​‑កូរ៉េ កំពស់​៣ជាន់​តំលៃ​ជាង​៨សែន​ដុល្លា នឹង​បើក​សម្ពោធ​នៅចុង​ខែ​នេះ

អគារ​មជ្ឈ​មណ្ឌល​ ជំងឺទឹក​នោមផ្អែម កម្ពុជា‑កូរ៉េ មាន​កំពស់​៣ជាន់​ដែលមាន​តំលៃ​ជាង៨សែន​ដុល្លា​អាមេរិក ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ គ្រោង​នឹងបើក​សម្ពោធ​ជាផ្លូវការ នៅថ្ងៃទី៣០ ខែ​កក្តដា ឆ្នាំ​២០១៥ ខាង​មុខនេះ។

2លោក​វេជ្ជ​បណ្ឌិត សេក សុខ​ឃឿន ប្រធាន​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ បាន​មាន​ប្រសាសន៍ កាល​ពីថ្ងៃ​ទី០៦ កក្តដា ឲ្យ​ដឹង​ថា​ អគារ​ នេះ​មាន​កំពស់​៣ជាន់​សំរាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម បាន​ប្រារព្វ​ពិធី​បញ្ចុះ​បឋម​សិលា សាង​សង់ កាល​ពីថ្ងៃ​ទី​១៤ ខែធ្នូ​ ឆ្នាំ​២០១២ កន្លង​ទៅដែល​ជា​ជំនួយ​របស់​សមាគម​​ជំងឺ​ទឹកនោម​ផ្អែម​ប្រទេស​កូរ៉េ។ អគារ​ទឹក​នោម​ផ្អែម មាន​ផ្ទៃ​ក្រឡា​សរុប​២០៥៦​ម៉ែត្រ​ការ៉េ ដែល​ចំណាយ​ថវិកា​អស់​ចំនួន​៨១៩៦២៧​ដុល្លា​​អាមេរិក។

លោកវេជ្ជ​បណ្ឌិត សេក សុខឃឿន បាន​មាន​ប្រសាសន៍​បន្តថា ការដែល​ភាគី​កូរ៉េ ជួយ​សង់​អគារ​នេះ​ឡើង បន្ទាប់​ពីឆ្នាំ​២០០៥​ មក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ បានក្លាយ​ទៅជា​មន្ទីរ​ពេទ្យ​មួយ​សំខាន់ ដោយ​ទទួល​បានការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ទឹកនោម​ផ្អែម ធំជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​មន្ទីរ​ពេទ្យ​នៅពុំ​ទាន់​មាន​អគារ​ដំណើរ​ការ​សកម្មភាព​លើ​ផ្នែក​ជំងឺទឹក​នោម​ផ្អែម នេះនៅ​ឡើយគឺ​មានតែ​ការ​ពិគ្រោះ និង​ពិនិត្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម និងធ្វើ​ការណាត់​ជួបរាល់​១ ឬ២ខែ តែ​ប៉ុណ្ណោះ​។

លោកបាន​បន្ថែម​ថា «ការកសាង​អគារ​នេះឡើង​ ក្នុងគោល​បំណង​ដើម្បី​លើក​កំពស់​សុខភាព​សាធា​រណៈ ការ​ផ្តល់​សេវា និង​បង្កើន​ការយល់​ដឹង​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​យើង ឲ្យបាន​កាន់តែ​ច្បាស់​ពីបញ្ហា​ជំងឺទឹក​នោមផ្អែម និង​ផល​វិបាក​របស់​វាដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ»។

បើតាម​លោក​សាស្រ្តា​ចារ្យ Nam Han Cho ប្រធាន​សហព័ន្ធ​ជំងឺទឹក​នោមផ្អែម​អន្តរជាតិ នៃតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប៉ែកខាង​លិច​ធ្លាប់​បានលើក​ឡើងថា នៅ​ប្រទេស​កម្ពុជា​មាន​ប្រជាពលរដ្ឋ​កើត​ជំងឺ​ទឹកនោម​ផ្អែម ចំនួន​៨%​ហើយ​ជំងឺ​នេះ​បាន​បង្ក​នូវផល​វិបាក​យ៉ាង​ខ្លាំង ដល់​វិស័យ​សុខាភិបាល និង​សេដ្ឋកិច្ច​ជាតិ​ព្រោះ​ជំងឺ​នេះ​ត្រូវ​ការ​ចំណាយ​ថវិកា​ព្យាបាល​ច្រើន។

លោក​វេជ្ជ​បណ្ឌិត សេក សុខឃឿន បាន​បញ្ជាក់​ថា «ដូចនេះ​អគារ​ជំងឺ​ទឹកនោម​ផ្អែមនេះ វាមិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពីចំណង​មិត្ត​ភាព​ កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ កម្ពូជា‑កូរ៉េ ប៉ុណ្ណោះ​ទេវា​ក៏រួម​ចំណែក​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យកាន់​តែប្រសើរ​ឡើង​ផង​ដែរ»។

លោក​នាយក​មន្ទីរ​ពេទ្យ បាន​បន្ថែម​ថា​ ការងារ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល និង​ព្យាបាល​បន្ត​ជំងឺ​ទឹកនោម​ផ្អែម ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ និង​ប្រទេស​កូរ៉េ នាពេល​នេះ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​កាត់​បន្ថយ​នូវ​ផល​វិបាក​ផ្សេងៗ ក៏ដូច​ជា​អត្រា​ស្លាប់ និង​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រី​ក្រ​របស់​ប្រជាជន​កម្ពុជា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​នេះ។ ព្រោះថា​ជំងឺ​ទឹក​នោម​ផ្អែម​គឺជាជំងឺ​មួយមាន​ការប៉ះ​ពាល់​ដល់​សុខភាព ជា​ចំបង​ដល់​ប្រជាពលរដ្ឋ​ជាង​១៧០​លាន​នាក់​ នៅ​ទូទាំង​ពិភព​លោក ហើយ​រំពឹង​ថា​ជំងឺ​នេះ​នឹង​មាន​ការកើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ​នេះ។ ក្នុងនោះ​មាន​ការ​ព្យាករណ៍​ថា ចំនូន​អ្នកកើត​ជំងឺ​ទឹកនោម​ផ្អែម​នឹង​កើនឡើង​ទ្វេដង​នៅ​ប្រទេស​ឥណ្ឌា​ និង​ចិន។ ដោយឡែក​ប្រទេស​កម្ពុជា មានអ្នក​កើត​ជំងឺ​នេះ​ប្រមាណ​ជាង​៣សែន​នាក់ នៅឆ្នាំ​២០០៧ ហើយ​ចំនួន​នេះនឹង​កើន​ឡើង​ដល់​៦សែន​នាក់ នៅឆ្នាំ​២០២៥ខាងមុខ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative