រដ្ឋ និងឯកជន ​ជម្រុញ​ឲ្យ​មាន​ការ​វិនិយោគ​​លើ​ទេសចរណ៍​កែច្នៃ

ក្នុងគោល​ដៅទាក់​ទាញ ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត និង​អាច​ឲ្យពួក​គេស្នាក់​នៅយូរ​នៅកម្ពុជា​ក្រសួង​ទេសចរណ៍ និង​ផ្នែក​ឯកជន​ ​ជម្រុញ​ ​ឲ្យមាន​ការ​វិយោគ​លើ​ទេសចរណ៍​កែច្នៃ​បន្ថែម​លើ​​សក្ដានុពល​​ទេសចរ​​ដែល​​​មាន​​ស្រាប់។

1លោកហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​ទេសចរ បានថ្លែង​ប្រាប់​គេហទំព័រ​សុខភាព​កម្ពុជា​ កាល​ពី​ពេល​​ថ្មី​​ៗ​​នេះ​ថា រាជរដ្ឋា​ភិបាល​ ​បាន​ធ្វើ​ការ​​អូស​ទាញ​​ភ្ញៀវ​ទេសចរណ៍​​បរទេស ដោយផ្អែក​ទៅលើ​ទេសចរ​បែប​វប្បធម៌​​ប្រវត្តិ​សាស្ដ្រ និង​បែប​​ធម្មជាតិ។  ក៏ប៉ុន្ដែ​​ផ្នែក​​ឯកជន​ បាន​ស្នើសុំ​ឲ្យមានការ​វិនិយោគ​​លើទេស​ចរណ៍​​បែបកែ​ច្នៃ​​បន្ថែម​ទៀត។  លោកថា​​ទេសចរណ៍​កែច្នៃ​​គឺ​សម្ដៅ​​ដល់សួន​កម្សាន្ដ ក្លឹប​រាត្រី បារ ​រង្គ​សាល​ និង​​កន្លែង​​ដែលងា​ក​​ចេញ​ពី​ទេសច​រ​ណ៍ ​វប្បធម៌ និងធម្មជាតិ។  សហប្រធាន​ក្រុមការ​ងារ​ទេសចរ​រូបនេះ​ បានកត់​សម្គាល់​ថា ក្នុង​អំឡុ​ង​​ពេល​៧ឆ្នាំ​​ចុងក្រោយ គឺ​មា​ន​ការ​ផ្លាស់​ប្ដូរ​​​ច្រើនពាក់​ព័ន្ធជាមួយ​នឹងទេសចរ​កែច្នៃ ដែលបាន​ទាក់ទាញ​​ដល់​ភ្ញៀវ​​បរទេស​​​វ័យក្មេង​ និង​​ជំទង់​។

លោក​ថា​ “​ប្រសិន​បើមាន​កន្លែង​ទេសចរណ៍​កែច្នៃ​កាន់តែច្រើន​នោះភ្ញៀវ​បរទេស​ចាយលុយ​កាន់​តែ​​ច្រើន ដែល​ជា​​ផ្នែក​មួយ​​ក្នុងការ​​អភិវឌ្ឍន៍​វិស័យ​ទេសចរ និង​​សេដ្ឋកិច្ច​ជាតិ”។

លោកថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​​ទេសចរ បានមាន​ប្រសាសន៍​ថា មួយឆ្នាំៗ​ភ្ញៀវ​ទេសចរណ៍ក្នុង​ស្រុក​ចេញ​ទៅ​កំសាន្ត​នៅប្រទេស​គេ១លាន​នាក់​ ដោយ​សារ​នៅ​បរទេស​គេរៀបចំ​តំបន់​ទេសចរណ៍​កែច្នៃ​បានល្អ។ ចំ​នែក​​កម្ពុជា​ក៏មាន​តំបន់​ទេសចរណ៍​ច្រើនដែរ តែមនុស្ស​មាន​ចំណង់​ចំណូល​ចិត្តខុសៗ​គ្នា​ ខ្លះចូល​ចិត្តហ្គោល ខ្លះ​​ចូលចិត្ត​ Shopping ជាដើម។ លោកបន្ត​ថា នៅរាជធានី​ភ្នំពេញ​មានកន្លែង​កំសាន្ត និង​ទេសចរណ៍​​បែប​កែ​ច្នៃ​តិច​ណាស់ ហើយ​ក្រសួង​តែងតែ​ចង្អុល​បង្ហាញ​ឲ្យមាន​ការចូ​លរួមវិនិយោគ​ពីវិស័យ​ឯកជន តែពួក​គេ​ហាក់​​ដូច​ជា​​ចាប់មិន​បាន និង​មិនចាប់​អារម្មណ៍។

លោកបាន​បន្តថា ​“នៅរាជធានី​ភ្នំពេញ​យើង មានទន្លេ​ស្អាត​បំផុត ដែលមាន​សក្តានុពល​ទាក់​ទាញ​​ភ្ញៀវ​​​ទេសចរណ៍ ខ្ញុំតែង​តែប្រាប់​ឲ្យផ្នែក​ឯកជន​រៀប​ចំ​កប៉ាល់​ជិះកំសាន្ត​នៅតាម​ដងទន្លេ ដោយ​មាន​អាហារ និង​តន្រ្តី​ជាមួយ​គ្នា ពិតជា​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ចាប់អារម្មណ៍​ច្រើន តែរហូត​មកទល់​ពេលនេះមិនមាន​​អ្នក​ណា​ធ្វើនោះ​ទេ”។ ឯកឧត្តម បានបន្ត​ថា “ខ្ញុំស្តាយ​ណាស់ ស្តាយ​មែនទែន ដែលមិន​មាន​អ្នកណា​​ចាប់​អារម្មណ៍​​វិនិយោគ​លើ​សក្តា​នុពល​ទាំងនេះ​។ ក្រសួង​នឹង​ស្វាគមន៍​ និងចូលរួម​​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធ្វើការ​ងារ​នេះ ព្រោះ​ក្រសួង​មានតែ​គោលន​យោបាយ​ តែ​គ្មាន​ទុន​សម្រាប់​អភិវឌ្ឈន៍ទេ”។

សូមបញ្ជាក់​ឲ្យដឹងថា ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៥នេះ មានភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​២លាននាក់​​បានចូល​មក​ទស្សនា​​កម្សាន្ដ​នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative