ក្រសួង​​សុខាភិបាល​ បើក​​វគ្គ​​បណ្ដុះ​បណ្ដាល​ស្តីពី​​លំ​ហាត់​​សម​យុទ្ធ​​ជំងឺ​ ផ្លូវ​​ដង្ហើម​​ធ្ងន់ធ្ងរ

នាយក​ដ្ឋាន​​ប្រយុទ្ធ​​នឹង​ជំងឺ​​ឆ្លងនៃ ក្រសួង​​សុខាភិបាល ​សហការ​​ជាមួយ​​អង្គការ​​សុខភាព​​ពិភព​លោក​ប្រចាំ​​កម្ពុជា​​ បាន​​បើក​​វគ្គ​​បណ្ដុះ​បណ្ដាល​ លំ​ហាត់​​សម​យុទ្ធ​​ជំងឺ​​ផ្លូវ​ដង្ហើម​​ធ្ងន់ធ្ងរ ​នៅ​ខេត្ត​​សៀមរាប​ ​កាលពី​ ​ថ្ងៃ​​ទី​៣ ខែ​​កក្កដា ​ឆ្នាំ​​២០១៥​ ដើម្បី​​ជា​ការ​​ពង្រឹង​​សមត្ថភាព​ និង​​ផ្ដល់​​ចំណេះដឹង​​បន្ថែម​​ទៀត​​លើ​​កិច្ចការ​ ដែល​​ធ្លាប់​​បាន​ធ្វើ​​កន្លងមក ក្នុង​ការ​​ឆ្លើយ​តប​​ជា​បន្ទាន់​​បង្ការ​ និង​ទប់​ស្កាត់​​ការ​ឆ្លង​​ជំងឺ​ផ្លូវ​​ដង្ហើម​​ធ្ងន់ធ្ងរ​ រួម​ទាំង​​ជំងឺ​​ផ្លូវ​​ដង្ហើម​​មជ្ឈិម​បូព៌ា​ ជំងឺ​​ឆ្លង​ផ្សេងៗ​​ទៀត​​ដែល​​ប៉ះពាល់​​ដល់​​សុខភាព​​សាធារណៈ។

4លោក​​ស្រី​​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គ​នាយក​​បច្ចេក​ទេស​​​សុខាភិបាល​ បាន​​មាន​ប្រសាសន៍​ថា វគ្គ​​បណ្ដុះ​បណ្ដាល​​នេះ​ បានរៀប​ចំធ្វើ​ឡើង​ក្នុង​​គោល​បំណង​​ដើម្បី​ធ្វើការ​​កំណត់​​ឱ្យ​បាន​​ច្បាស់​​អំពី​ ការ​ទទួល​ខុសត្រូវ​ និង​​ឆ្លើយ​តប​ជា​បន្ទាន់​​រួមមាន​ ការ​​រក​ឃើញ​​អ្នក​ជំងឺ​​ឱ្យ​ទាន់​​ពេល​វេលា​ ការ​​ដាក់​អ្នក​​ជំងឺ​​ព្យាបាល ការ​ស្វែង​​រក​អ្នក​ប៉ះពាល់ ការ​ដាក់​​ឱ្យ​នៅ​​ដោយឡែក​ និង​ការ​​តាម​ដាន​​​សុខភាព ការ​​អនុវត្តន៍​​វិធានការ​​ការពារ ការ​ចម្លង​​រោគ​នៅ​​ក្នុង​​មន្ទីរពេទ្យ​ និង​ក្នុង​​សហគមន៍។ លោក​ស្រី​បានចាត់​​ទុក​​វគ្គ​​បណ្ដុះ​បណ្ដាល​​នេះ​ថា «ជា​វិធាន​ការ​មួយ​​បន្ថែម​​ទៀត​ ក្រោយ​ពី​ក្រ​សួង​​សុខា​ភិបាល បាន​​ដាក់​​វិធាន​ការ​ត្រួត​ពិនិត្យ​​នៅ​តាម​​ច្រក​​ចេញ​​ចូល​អាកាស​យានដ្ឋាន​ អន្តរជាតិ​​ភ្នំពេញ​ សៀមរាប និង​ច្រក​​ចេញ​ចូល​​អន្តរជាតិ​​ប៉ោយប៉ែត និង​បាវិត»។

លោកស្រី​អគ្គនាយក​ បានបន្ថែម​ថា​រហូត​មកដល់​​បច្ចុប្បន្ន​​នេះ​ មិន​មាន​​ករណី​​ជំងឺ​​ផ្លូវ​​ដង្ហើម​​មជ្ឈិម​បូព៌ា​​(MERS)​​នៅ​ក្នុង​​ព្រះរាជា​ណាចក្រ​​កម្ពុជា​​នៅឡើយ​​ទេ ​ហើយ​បញ្ហានេះ​ រដ្ឋមន្ត្រី​​ក្រសួង​សុខា​ភិបាល​ បាន​ ​និង​កំពុង​​យក​ចិត្ត​​ទុក​ដាក់​​ខ្ពស់​ណាស់​​លើ​​សុខភាព​​ប្រជាជន​​កម្ពុជា​​ទូទៅ ​និង​​តាម​ដាន​ជាប់​​ជាប្រចាំ​​នូវ​ស្ថានភាព​​នៃ​ការ​រាត​ត្បាត​ជំងឺ​​ឆ្លង​នេះ​ ហើយ​បាន​​បញ្ជា​​ឱ្យ​មន្ត្រី​​មន្ទីរ​ពេទ្យ​​កាល់ម៉ែ​ត្រ​ និង​មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ​-សូវៀត ​ត្រៀម​លក្ខណៈ​​ក្នុង​ការ​​ជួយ​​អន្តរាគមន៍​​រួចជា​ស្រេច​​ព្រមទាំង​​បាន​​ផ្ដល់​​ការ​បណ្ដុះ​បណ្ដាល​​ដល់​​បុគ្គលិក​​មន្ទីរពេទ្យ​​ទាំងពីរ​ រួចរាល់​​ហើយ​ដែរ ក្រោម​​ការ​ជួយ​​គាំទ្រ​​ពី​អង្គការ​​សុខភាព​​ពិភព​លោក។

ក្នុង​ឱកាស​​នោះ លោកស្រី​​បាន​ផ្ដល់​​អនុ​សាសន៍​​ដល់​សិក្ខាកាម​​ដែល​ចូល​រួម​ក្នុង​​វគ្គ​ ដែល​​ជា​មន្ត្រី​​សុខាភិបាល​​អញ្ជើញ​​មកពី​​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​​សៀមរាប ​និង​​ខេត្ត​បន្ទាយ​មានជ័យ​ ​ឱ្យ​យក​​ចិត្ត​ទុក​​ដាក់​ស្ដាប់​​នូវ​ការ​ផ្ដល់​​មេរៀន ​ពី​មន្ត្រី​​ជំនាញ​​របស់​​នាយកដ្ឋាន​​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង​ និង​មន្ត្រី​​ជំនាញ​​អង្គការ​​សុខភាព​ពិភព​លោក​​បាន​យក​ចំណេះ​វិជ្ជា​​ទាំងនេះ​​ប្រែក្លាយ​ទៅជា​​ការ​អនុវត្តន៍​​ជាក់​ស្ដែង​​ឱ្យ​មាន​​ប្រសិទ្ធភាព​​ក្នុង​ការ​​​ទប់ស្កាត់​ និង​ឆ្លើយ​តប​ជំងឺ​​ផ្លូវ​ដង្ហើម​​ធ្ងន់ធ្ងរ​ ព្រមទាំង​​ជំងឺ​​ផ្លូវ​ដង្ហើម​​មជ្ឈិម​​បូព៌ា សំ​ណូម​ពរ​​ដល់​សិក្ខា​កាម​​ទាំងអស់​​ធ្វើការ​​ពិភាក្សា​​ឱ្យ​អស់​​លទ្ធភាព​អំពី​​ចំណុច​​ដែល​ខ្វះ​ខាត​ និង​​ចំណុច​​ដែល​ត្រូវ​​កែលំអ ដើម្បី​​រួម​គ្នា​កែ​សម្រួល​​ឱ្យ​កាន់​​តែ​មាន​​ប្រសិទ្ធភាព​​ប្រសើរ​​ឡើងដោយ​សារ​​​ខេត្ត​​ទាំង​ពីរ​ជា​​ច្រក​​អន្តរជាតិ​​ដ៏​សំខាន់​​សម្រាប់​​ភ្ញៀវ​​អន្តរជាតិ​ ​ចេញ​ចូល។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative