ឆមាសទី១​ឆ្នាំ២០១៥ ក្រសួង​​អភិវឌ្ឍន៍​ជនបទ​កែ​លម្អ​​ផ្លូវ​​ជន​បទ​បាន​​ជាង​៥០០​គីឡូម៉ែត្រ​

មន្រ្តី​ក្រសួង​​អភិវឌ្ឍន៍​ជនបទ​កម្ពុជា បានឲ្យ​ដឹងថា គិតត្រឹម​ឆមាស​ទី១​ឆ្នាំនេះ ​ក្រសួង​បាន​កែ​លម្អ​ផ្លូវ​​ជនបទ​​បា​ន​ប្រវែង​ ៥៤១,៩២​គីឡូម៉ែត្រ ​នៅក្នុង​​ខេត្ត​ចំនួន៧ ក្នុង​ចំណោម​រាជធានី​​ខេត្ត​ចំនួន​២៥ នៅទី​ទាំង​ប្រទេស។

2យោង​តាម​របាយការណ៍ របស់​ក្រសួង​អភិវឌ្ឈន៍​ជនបទ បាន​ឲ្យ​​ដឹង​ថា​​ មន្រ្តី​​ជំនាញ​ក្រសួង បាន​​បញ្ចប់​​ការសាង​សង់​ផ្លូវ​​ក្រាល​កៅស៊ូ និងផ្លូវ​ក្រាល​បេតុង​​ចំនួន​​២២​​ខ្សែ និង​​ផ្លូវ​ក្រាល​​ក្រួស​ក្រហម​​ប្រវែង​២៩,៥២៣​​គីឡូម៉ែត្រ ស្ពាន​បេតុង​​ចំនួន ៥កន្លែង សរុប​​ប្រវែង​១២០​​ម៉ែត្រ លូ​ប្រអប់​​ចំនួន​​៣៨​កន្លែង និង​​លូ​មូល​​ចំនួន ៣៨០កន្លែង​។​ សកម្មភាព​​ការងារ​​ជំនាញ​លើ​ការងារ​​អភិវឌ្ឍន៍​​ផ្លូវ​ជនបទ​ មាន​ដូចជា គម្រោង​​ក្នុងការ​សាង​សង់​ជួស​ជុល​ផ្លូវ និង​​សំណង់​​សិល្បការ​​ចំនួន​៦០​គម្រោង​​រួម​មាន ផ្លូវ​ក្រាល​​បេតុង និង​ក្រួស​​ក្រហមសរុប​​ប្រវែង ៤៨១,៦៩៥​​គីឡូម៉ែត្រ ក្នុងនោះ​​អនុវត្ត​បាន​​ចំនួន ៥៦​គម្រោង ​សរុប​​ប្រវែង ៤៤៨,៥៩៥ គីឡូម៉ែត្រ សម្រេច​បាន ៦១​%​។ គម្រោង​​ថែទាំ​ផ្លូវ លក្ខណៈ​​ខួប​ចំនួន ២៧​គម្រោង រួមមាន​ផ្លូវ​ក្រាល​​កៅស៊ូ ក្រាល​ក្រួស​​ក្រហម ក្រាល​​ល្បាយ​​ថ្មភ្នំ និង​ក្រាល​​ខ្សាច់​ភ្នំ​​ឈើកាច់ សរុប​​ប្រវែង ៤០០,៩៨ ​គីឡូម៉ែត្រ ក្នុងនោះ​​អនុវត្ត​បាន​ចំនួន ១៤គម្រោង សរុប​ប្រវែង ១៨៩,៤៣គីឡូម៉ែត្រ សម្រេចបាន ៦៧​%។

ការស្រង់​​ទិន្នន័យ​​ផ្លូវ​ជនបទ​ ​បាន​ចំនួន​៣០៩ខ្សែ​​ស្មើ៦៥៦​គីឡូម៉ែត្រ ធ្វើ​​បច្ចុប្ប​ន្ន​ភាព​​ទិន្នន័យ​ផ្លូវ​ជន​បទ​​​បាន​ចំនួន​៤០៥ខ្សែ​ ស្មើ​២.០៦០​គីឡូម៉ែត្រ លើ​ចំនួន​​ផ្លូវ​ជនបទ នៅ​ទូទាំង​ប្រទេស​​សរុប ១៤.៥៥២ខ្សែ ស្មើ​ ៤១.៦១៥​គីឡូម៉ែត្រ​។​

គួរ​រម្លឹកថា គម្រោង​​កែលម្អ​ផ្លូវ​ជនបទ​នៃ​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ រយៈ​ពេល ៥ឆ្នាំ គិត​ចាប់ពីឆ្នាំ​២០១១​ ​ដល់ឆ្នាំ​​២០១៦​ មាន​​ថវិកា​៦៧​លាន​ដុល្លារ ក្នុងនោះ​ហិរញ្ញ​ប្បទាន​របស់​រាជ​រដ្ឋាភិបាល​៧,២៥លាន​ដុល្លារ ប្រាក់កម្ចី​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB​ ៣៥ លាន ​ដុល្លារ ប្រាក់កម្ចី​​ធនាគារ Keximbank របស់​​សាធារណរដ្ឋ​​កូរ៉េ​២១​លាន​​ដុល្លារ និងជំ​នួយ​​ឥត​សំណង​​របស់​​មូល​និធិ​NDF​៥,៤​​លាន​ដុល្លារ​ សម្រាប់​​កែ​លម្អ​​ផ្លូវ​​ជនបទ​ប្រវែង​៥០៤,៤០​គីឡូម៉ែត្រ ដោយ​ក្រាល​​កៅស៊ូ​​ប្រទេស​​ពីរ​ជាន់ ក្នុង​ខេត្ត​​​ចំនួន៧​គឺ​ខេត្ត​កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ធំ​។​

សូមជម្រាប​ផងដែរថា នៅក្នុង​ឆមាស​​ទី​១ដើម​ឆ្នាំ​២០១៥​​នេះ ក្រសួង​​អភិ​វឌ្ឍ​ន៍​​ជនបទ​បាន​ខិតខំ​​អនុវត្ត​​នូវការងារ​​របស់​ខ្លួន​ឲ្យ​​សម្រេច​បាន​តាម​​ទិសដៅ​ និង​ផែនកា​រ​​​របស់​​ក្រសួង ស្របតាម​​គោល​នយោបាយ​របស់​​រាជរដ្ឋា​ភិបាល ក្នុងការ​​ចូលរួម​​ចំណែក​កាត់​បន្ថយ​​ភាពក្រីក្រ​របស់​​ប្រជាពលរដ្ឋ​។ ក្នុងនោះ​​ក្រសួង​ក៏បាន​​ខិតខំ​​ពុះពារ​​ជម្នះ​នូវ​រាល់​​ឧបសគ្គ​​គ្រប់បែប​យ៉ាង ដើម្បី​​ជំរុញ​​ឲ្យ​ជីវភាព​​រស់នៅ​របស់​​ប្រជាពល​​រដ្ឋ​​នៅតាម​​ជនបទ​កាន់តែ​​ប្រសើរឡើង​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative