ទូតរុស្ស៊ី ស្នើ​ឲ្យ​​កម្ពុជា​ ជួយ​ពន្លឿន​រឿង​ក្តីជន​ជាតិ​រុស្ស៊ី​​ម្នាក់ ជាប់​ពន្ធ​នាគារ​នៅ​​ខេត្ត​សៀមរាប​ឲ្យ​បាន​ឆាប់

ក្នុងជំនួប​ពិភាក្សា​ជាមួយ​សម្តេច ក្រឡា​ហោម ស ខេង នាយករដ្ឋ​មន្ត្រី​​ស្តីទី​​នៃ​​ព្រះ​​រាជាណា​ចក្រ​កម្ពុជា កាលពី​​ល្ងាច​ថ្ងៃ​​ទី២​ ខែ​កក្តដា នៅទី​ស្តីការ​ក្រសួង​ លោក​​ឌីមីទ្រី ស្វេតកូវ​ ឯក​អគ្គរដ្ឋទូត​ប្រទេស​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា បាន​​ស្នើ​​ឲ្យ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ពន្លឿន​ដំណើរ​​កាត់​​ក្តី​​ជន​ជាប់​ចោទ​ជនជាតិរុស្ស៊ី​​ម្នាក់ ដែល​​កំពុង​​​បាន​ជាប់​ពន្ធនាគារ​​នៅខេត្ត​សៀមរាប​ឲ្យបាន​ឆាប់។

3ជាការឆ្លើយ​តប នឹងសំណុំ​រឿង​ក្តី​​បុរស​ជនជាតិ​រុស្ស៊ី​នេះ​សម្តេច ស ខេង បាន​ធ្វើការ​ឯកភាព​​នឹង​​ជំរុញ​ឲ្យមន្ត្រី​ជំនាញ​ពន្លឿន​សំ​ណុំ​​រឿង​​ក្តី​ទៅ​តាម​នីតិវិធី​​របស់​តុលា​ការ​ឲ្យ​បានឆាប់។

ជនជាតិ​រុស្សី​ម្នាក់ ដែល​​បានកំពុង​ជាប់​ពន្ធនាគារ ​នៅ​​ខេត្ត​​សៀមរាប​នោះ ត្រូវគេ​ដឹងមាន​ថា មាន​ឈ្មោះ​ P.V Tikhonov​ បច្ចុប្បន្ន​កំពុង​បាន​ជាប់​ចោទ​​ពីបទ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​លើ​កុមារ និង​បាន​ផលិត​រូប​អាណាចារ​​របស់​កុមារ​នៅ​ខេត្ត​សៀមរាប​ ហើយ​ត្រូវ​បានចាប់​ខ្លួនកាល​ពីអំឡុង​ចុង ខែធ្នូ ឆ្នាំ​២០១៤កន្លង​មកនេះ។

ក្នុងជំនួប​នោះដែរ​លោក ក៏សំ​ដែង​ការ​អរគុណ បន្ទាប់​ពីសម្តេច​ក្រឡាហោម ស ខេង ដែលបាន​​អញ្ជើញ​​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​រុស្ស៊ី​នាពេល​ថ្មីកន្លង​មកនេះ។

គួររំលឹក​ថា ក្នុង​ដំណើរ​បំពេញ​​ទស្សនកិច្ច​​នោះ ភាគី​ទាំងពីរ​កម្ពុជា-រុស្ស៊ី​ បាន​ឯកភាព​គ្នា​អនុវត្ត​អនុសា​រណៈ​ការ​យោគយល់​គ្នាដែល​មានការ​ងារ​សំខាន់​ៗជាច្រើន​ក្នុង​គោល​ដៅ​ថែរក្សា​សន្តិ​សុខ​នៅក្នុង​ប្រទេស​ ក្នុងនោះ​ប្រទេស​រុស្ស៊ី បាន​ឯក​ភាព​​ជួយ​ពង្រឹង​សមត្ថភាព បណ្តុះ​បណ្តាល​កង​សម្លាំង​នគរបាល​​កម្ពុជា ហើយ​រុស្ស៊ី នឹង​អនុវត្តតាម​សំ​​ណើ​​រ​បស់ភាគី​កម្ពុជា​ពាក់ព័ន្ធ​នឹងការ​បញ្ជូន​គ្រូរុស្ស៊ី ​មកបណ្តុះ​បណ្តាល​នគរបាល​​កម្ពុជា ឬត្រូវ​​បញ្ជូន​មន្ត្រី​នគរបាល​កម្ពុជា ទៅ​បណ្តុះ​បណ្តាល​ដោយផ្ទាល់​នៅ​ ប្រទេស​រុស្ស៊ី​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative