៦ខែនេះ​សមត្ថកិច្ច​ បណ្តេញ​ជន​អន្តោ​ប្រវេសន៍​បរទេស​ខុសច្បាប់​ចំនួន​១២១២​នាក់​ស្មើ​នឹង​៤១សញ្ជាតិ

ក្នុងរយៈ​ពេល៦​ខែឆ្នាំ​២០១៥​នេះ អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ បាន​បណ្តេញ​ជន​អន្តោប្រវេសន៍​បរទេស​ខុស​ច្បាប់ ចំនួន​១២១២នាក់ ស្មើ​នឹង​៤១​សញ្ជាតិ ក្នុង​នោះ​មាន​អន្តោ​ប្រវេសន៍​ខុសច្បាប់​វៀតណាម​មានប្រមាណ​​៩៥​​ទៅ៩៨% ​ត្រូវបាន​បញ្ជូន​ទៅស្រុក​ដើម​កំណើតវិញ។

2លោក អ៊ុក ហៃសិឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត នឹង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍កម្ពុជា​ បាន​​អោយ​​ដឹង​ថា​សម្រាប់ រយៈ​៦ខែ​ដើ​មឆ្នាំ​២០១៥ នេះ​សមត្ថកិច្ច បាន​ធ្វើ​ការ​ឃាត់​ខ្លួន និង​បណ្តេញ​​​ចេញ​ជន​បរទេស​មក​ពី៤១​សញ្ជាតិ​​ដែល​​បាន​​លួច​ស្នាក់​នៅធ្វើ​ការដោយ​ខុស​​ច្បាប់​​គ្មាន​​លិខិត​ឆ្លង​ដែន​​ និង​គ្មាន​​ទិដ្ឋិការ​រស់​នៅ​ដែលបង្ក​អោយ​មាន​បាតុភាព​សង្គម​នោះ​បាន​ចំនួន ១២១២នាក់ ។ ​​ដោយឡែក​បើ​គិត​តាំង ពី​ឆ្នាំ​២០១៤ រហូត​មក​ទល់​ខែ​មិថុនា ឆ្នាំ​២០១៥​នេះ  គឺ​ សមត្ថកិច្ច​បាន​បណ្តេញ​ចេញ​ជន​បរទេស​ មកពី៤៣​សញ្ជាតិ​ដែលបាន​លួចស្នាក់​នៅធ្វើការ​ដោយ​ខុសច្បាប់​គ្មាន​លិខិត​ឆ្លងដែន និងគ្មាន​ទិដ្ឋិការ​ រស់​នៅ​ដែល​បង្ក អោយ​មាន​បាតុភាព​សង្គម​នោះ​បាន​ចំនួន​​២៥៥៨​នាក់។

កាលពីព្រឹក​ថ្ងៃ​អាទិត្យទី ២៨ ខែមិថុនា ​​ឆ្នាំ២០១៥​ ជនជាតិ​វៀតណាម​ប្រុសស្រី​ចំនួន​៧៧នាក់​ ដែល មក​ស្នាក់នៅ​ និង​ធ្វើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​មាន​ឯកសារ​ ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​នោះត្រូវ​បាន​សមត្ថកិច្ច​នៃអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ធ្វើ​ការ​​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ជាផ្លូវ​ការ​ និងបញ្ជូន​ទៅកាន់​ប្រទេស​ពួកគេវិញ។ ​​​​​​

គួរបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៤​កន្លង​មក កម្ពុជា​បាន​​បណ្តេញ​ជន​បរទេស​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចំនួន​​១៨០០​នាក់ ក្នុងនោះ​ជនជាតិ​​វៀតណាម​មាន​ចំនួន​​ប្រមាណ​១៥០០​នាក់ ត្រូវបាន​បណ្តេញ​ទៅ​ប្រទេស​វៀតណាម​វិញ​។

លោក​​នាយ​ឧត្តម​សេនីយ៍សុខ ផល អគ្គនា​យក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ បាន​​ថ្លែង​​ថា​មុន​ការ​​បណ្តេញ​​​ជន​បរទេស​​ខុសច្បាប់​ទាំងអស់​នោះ​ គឺ​កម្ពុជា​បានផ្តល់​ព័ត៌មាន​ជូនទៅ បណ្តា​ស្ថានទូត​​នៃប្រទេស​​នានា​ ឲ្យចូល​រួម​ជួយ​សហការ ដើម្បី​ចូលរួម​គោរពអធិបតេយ្យភាព​ជាតិ អនុវត្ត​ច្បាប់ឲ្យ​បានត្រឹម​ត្រូវ​ធានា​និរន្តភាព​នយោបាយ មិនប្រកាន់​ពូជ​សាសន៍ មិន​រើស​អើង និង​គោរព​សិទ្ធ​​មនុស្ស​ជា​មូល​​ដ្ឋាន។

កាលពី​ថ្ងៃទី១ ខែ​កក្តដា ឆ្នាំ​២០១៥ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​បន្ត​អនុវត្ត​ការងារ គ្រប់​​គ្រង​ជន​បរទេស​អន្តោប្រវេសន៍​ ក្នុងប្រទេស​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​ដើម្បី​​រឹត​បន្តឹង​​តាម​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ណា​ ដែលបាន​អនុញ្ញាត្តិ​ឲ្យ​ជន​បរទេស​​ចូលមក​កម្ពុជា​ដោយ​​ខុស​​ច្បាប់​ផងដែរ។

បើតាម​លោក សុខ ផល ជនជាតិ​វៀតណាម និង​ជនជាតិ​បរទេស​នានា ទៀត​ដែល​បាន​​ហូរចូល​​មក​​កម្ពុជា គឺមាន​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ចំនួន​ពី​២០​ទៅ​២៥% ​បាន​ហូរ​ចូលតាម​ប៉ុស្តិ៍​នគរ​បាល​ ច្រកទា្វរ​ព្រំដែន និងមួយ​ចំនួន​ធំទៀត ហូរចូល​តាមច្រក​របៀង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​​ដើម្បី​កិច​វេស​ពីសមត្ថកិច្ច​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative