មន្ត្រីជំនាញ​៖ បាតុភូត​​ភ្លៀង​ផ្គររន្ទះ​​នឹង​ថមថយ​ចុះតែ​ត្រូវ​​ប្រយ័ត្ន​ភ្លៀង​​ធ្លាក់​ខ្លាំង​និង​​ខ្យល់​​កន្ត្រាក់

មន្ត្រី​នាយកដ្ឋាន​ឧតុនិយម​នៃក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹង​ថា​ ចាប់ពី​ខែ​កក្តដា​រហូត​ដល់ចុង​ឆ្នាំនេះ បាតុភូត​​ភ្លៀង ផ្គរ រន្ទះ​នេះនឹង​មានការ​ថមថយ​ចុះបន្តិច​ម្តង​ៗ​​ជា​លំដាប់​។ ប៉ុន្តែ​ទន្ទឹម​នឹងនេះ បានអំពាវ​នាវឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​​ភ្លៀង​​ធ្លាក់​​ខ្លាំង​និង​​ខ្យល់​​បក់​ខ្លាំង។

4លោក អ៊ុំ រី​ណា ប្រធាន​​នាយក​ដ្ឋាន​​ឧតុនិយម​ បាន​ប្រាប់​​ឲ្យ​ដឹង​ថា​ បាតុភូត​​ភ្លៀង ផ្គរ រន្ទះ​​នេះ​មិន​​កើត​មាន​​ច្រើន​​ដូច​នៅ​​ដើម​រដូវ​​វស្សា​​ពី​ខែ​មេសា ដល់​ខែ​មិថុនា​​នោះទេ។  លោក​បាន​បន្តថា ចាប់ពី​​ខែកក្កដា រហូត​ ដល់ ​ខែសីហា ស្ថានភាព​​ទាំង​នេះ​​​នឹង​បន្ត​​ថយ​ជា​​លំដាប់ និង​កាន់​តែ​តិច​ទៅៗ​នៅ​ចុង​រដូវ​​វស្សា​​គឺ​នៅ​​ចន្លោះ​​ ខែតុលា រហូត​ដល់​​សប្តាហ៍​​ទី៣​ នៃ​ខែវិច្ឆិកា។ តែយ៉ាង​ណាក៏​ដោយ​​លោក​បាន​អំពាវ​នាវ​​ឲ្យ​​ប្រជា ពលរដ្ឋ​​ប្រុង​ប្រយ័ត្ន​​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​​បក់​ខ្លាំង​​ផងដែរ។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​នាយកដ្ឋាន​ឧត្តុនិយម ផ្សាយ​នៅ​ក្នុង​​គេហទំព័រ​​របស់ខ្លួន នៅ​ថ្ងៃទី​០២​ កក្តដា បានឲ្យ​ដឹង​ថា​ភ្លៀង ផ្គរ រន្ទះ​​កើតមានឡើង​​បណ្តា​​ខេត្ត​មួយ​ចំនួន​​នៅ​​តំបន់​​ខ្ពង់រាប និង​​តំបន់​​មាត់​ សមុទ្រ។ ខ្យល់​​បក់​​ខ្លាំង​​នៅលើ​​ឆ្នេរ​សមុទ្រ នឹង​នៅ​លើ​ផ្ទៃ​សមុទ្រ រលក​​សមុទ្រ​​អាចមាន​​កំពស់​​ចាប់ពី​១ទៅ​២ម៉ែត្រ​ក្នុង​​រយៈ​ពេល​៣ថ្ងៃ​​ជាប់​​គ្នា​គឺ​​ពី​ថ្ងៃ​ទី ២ ​កក្កដា​ ដល់​ថ្ងៃ​ទី៤ខែ​កក្កដា ។

ភ្លៀង ផ្គរ រន្ទះ​ នឹង​កើត​មានឡើង​​បណ្តា​​ខេត្ត​​នៅ​​តំបន់​​មាត់​សមុទ្រ និង​​បណ្តា​​ខេត្ត​ក្រុង​​ចំនួន៩ ដែល​​ស្ថិតនៅ​ក្នុង​តំបន់​​ខ្ពង់រាប​ រួមមាន​​គឺ​ខេត្ត​កំពង់​ឆ្នាំង​ កំពង់​ចាម ត្បូងឃ្មុំ កំពង់ធំ តាកែវ ព្រៃវែង ស្វាយរៀង ខេត្តកណ្តាល និង​ក្រុងភ្នំពេញ។ ក្រសួង​​ធនធាន​ទឹក និង​​ឧតុនិយម ក៏បាន​​អំពាវ​​ឲ្យ​​ប្រជាពល​រដ្ឋ​​ប្រុង​ប្រយ័ត្ន​​ជាមួយ ភ្លៀង​​ធ្លាក់​​ខ្លាំង និង​​ខ្យល់​បក់​​ខ្លាំង។

លោក អ៊ុំ រី​ណា បាន​បន្ថែម​ថា ស្ថាន​ភាព​​អាកាស​ធាតុ​ដែល​មាន​ភ្លៀង ផ្គរ រន្ទះ​នេះ មិន​មែន​​កើត​ឡើង​​តែ​​ក្នុង​​រយៈ​ពេល​៣ថ្ងៃ​នេះ​​ទេ វា​​អាច​​បន្ត​​កើត​មាន​​ទៀត ឬក៏​ប្រែប្រួល។ លោក​ពន្យល់​ថាយើង​​ធ្វើ​ការ​​ព្យាករណ៍​​ពី​ស្ថាន​ភាព​​អាកាស​ធាតុ​​រយៈ​ពេល​៣ថ្ងៃ​មុន ដូច្នេះ​​លទ្ធផល​​នៃ​​ការ​ព្យាករណ៍​​ក៏​បង្ហាញ​៣ថ្ងៃ​​ដែរ។ នៅ​​ថ្ងៃស្អែក​​យើង​​ព្យាករណ៍​​ទុក​មុន​៣ទៀត ដូច្នេះ​​ស្ថានភាព​​អាកាស​ធាតុ មិនមែន​​មានន័យ​ថា ភ្លៀង ផ្គរ រន្ទះ អាច​​កើត​​មានតែ​​ក្នុង​រយៈ​ពេល៣ថ្ងៃ​ ដូច​ដែល​យើង​​ជូនដំណឹង​​នៅថ្ងៃ​នេះ​ទេ វា​នឹង​​ប្រែ​ប្រួល​​​ទៀត ដូច្នេះ​​ទាមទារ​​ឲ្យ​មាន​ការ​តាម​ដាន​រាល់​ថ្ងៃ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative