គ្រោះថ្នាក់ចរាចរ សម្លាប់​មនុស្សជាង ១ពាន់​នាក់​ក្នុង​​រយៈ​ពេល​៦​ខែ​ឆ្នាំនេះ

របាយ​ការណ៍ បូកសរុប​លទ្ធផល​ការងាររយៈ​ពេល៦ខែ របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញ​ថា​ នៅ​ឆមាស​ទី១ ឆ្នាំ២០១៥​នេះ គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើងចំនួន​ ២.៥១៤លើក បណ្តាល​ឲ្យមនុស្ស​ស្លាប់ ១.២២៩​នាក់ និង​រងរបួស​ចំនួន​៤.០៩០នាក់។

2តាមរបាយ​ការណ៍​ដដែល បាន​​ឲ្យ​ដឹង​​ទៀតថា គ្រោះថ្នាក់​ចរា​ចរក្នុង​ឆមាសទី១​ឆ្នាំនេះ ថយ​ចុះ​​៨៩​លើក ស្មើនឹង​​៣​ភាគ​រយ​ បើ​​ធៀប​​នឹង​រយៈ​ពេល​​ដូច​គ្នា​ទៅនឹង​ឆ្នាំ២០១៤។ ដោយ​ឡែក​​​ចំ​នួន​អ្នកស្លាប់ បានកើន​ឡើងចំ​នួន​​៥៩នាក់ហើយ​ចំ​នួន​​​អ្នករង​របួស​ថយ​ប្រមាណ ៦ភាគរយ​។ នេះ​មាន​ន័យ​​ថា​​មនុស្ស​ស្លាប់​ដោយ​​គ្រោះ​​ថ្នាក់​ចរាចរ​​ជាមធ្យម ៥នាក់​​ក្នុងមួយ​ថ្ងៃ។

របាយការណ៍​របស់អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានបន្តថាដើម្បី​ទប់ស្កាត់​នូវគ្រោះថ្នាក់​ចរាចរណ៍​នេះ មន្រ្តី​នគរបាល​ចរា​ចរណ៍ បានខិត​ខំយ៉ាង​ខ្លាំងក្នុង​ការរឹត​បន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ជាពិសេសត្រួត​ពិនិត្យ​គោល​ដៅ​ដើមទី។ ប្រតិបត្តិការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់ចរាចរណ៍​ផ្លូវគោក​រយៈពេល ៦ខែនេះ កម្លាំង​នគរបាល បានត្រួត​ពិនិត្យ  អប់រំ​ និង ផាក​ ពិន័យ លើទោចក្រ​យានយន្ត​ល្មើសបាន​ចំនួន ២២៣.៣៥៥​គ្រឿង។ ផាកពិន័យ​រថយន្ត​ល្មើស  ៩៩.២៧៥​គ្រឿង​ ក្នុង​នោះ​រថ​យន្ត​ធុនធំ ៣៤.០១៨​គ្រឿង។

គួរបញ្ជាក់​ថា​ រយៈពេល ៦ខែនេះ សំណុំរឿង​គ្រោះថ្នាក់​ចំនួន ៦២៣​ករណី ត្រូវបាន​បញ្ជូនទៅ​តុលា​ការ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative