កម្មករ​រោងចក្រ CN នៅចោម​ចៅ ៥២​នាក់​ទៀតបន្ត​ដួល​សន្លប់

កម្មករ​បម្រើ​ការនៅ​រោងចក្រ​ CN Prosperous​ Garment​ (Cambodia) Co., Ltd​ ដែល​មាន​​ទី​តាំង​ស្ថិត​​នៅភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ចំនួន៥២​នាក់​ទៀតហើយ បាន​បន្តដួល​សន្លប់​កាលពីព្រឹក​ថ្ងៃ ទី០២​ ខែ​កក្កដា ឆ្នាំ២០១៥​នេះ ដោយ​​សារ​​តែការភិត​ភ័យ គួបផ្សំ​នឹងបញ្ហា​សុខភាព។

5កាលពីថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៥ ​កន្លងទៅ​នេះមាន​​កម្មករ​​នៅ​រោង​ចក្រ​នេះ​ប្រមាណ​​ជា​៩០នាក់ បាន​​ដួល​សន្លប់​​ម្តង​រួច​​មក​ហើយ។

បើតាម​មន្រ្តី​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (ប.ស.ស)​ ដែល​បានចុះ​ទៅដល់​កន្លែង​កើត​​ហេតុ បាន​​ឲ្យ​ដឹង​ថា​ការ​ដួល​​សន្លប់​​នេះ​​ផ្តើម​ចេញ​​ពីកម្មករ​ម្នាក់​បានដួល​សន្លប់​បន្ទាប់​មកធ្វើ​ឲ្យ​កម្មករ​ដទៃ​ទៀត​មានការ​ភិតភ័យ និងស្លន់​ស្លោ ក៏ដួល​សន្លប់​តគ្នា​តែម្តង។

ក្រោយកើត​ហេតុ​ភ្លាមៗ មន្រ្តី្ត​ជំនាញ ប.ស.ស និង​ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះ​ថ្នាក់​ការងារ របស់​បេឡា​ ជាតិ​របប​សន្តិសុខ​សង្គម​ នៃក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ចុះជួយ​សម្របសម្រួល​ និង​បញ្ជូនជន​រងគ្រោះ​ ទៅ​ព្យាបាល​នៅបន្ទប់​ពិគ្រោះ និងព្យាបាល​ជំងឺ​ទូទៅ ​ហ៊ាង មុន្នីវុធ។

តាមការ​អង្កេត​របស់​ក្រុម​អធិការកិច្ច បាន​បញ្ជាក់​ថា បរិយាកាស​នៅក្នុង​រោងចក្រ ខ្សែ​ចង្វាក់​ផលិត​កម្ម មាន​កំដៅ  ពន្លឺ​ ខ្យល់​ ចេញ​ចូល​ប្រព័ន្ធ​ផ្លិតទឹក​ កង្ហា​ ការទុក​ដាក់ទំនិញ ឃ្លាំង គឺបាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស។ តែក្រុមការងារ​ បាន​រកឃើញ​ បញ្ហា បរិស្ថាន​ និង​បរិយាកាស​មិនល្អ​ប្រសើរ​នៅជុំវិញ​រោង​ចក្រ ហើយ​ក៏បាន​ណែនាំ​និយោជក​ឲ្យបន្តយកចិត្ត​ទុកដាក់​ពី​បរិស្ថាន​នៅជុំវិញ​រោងចក្រ​ផងដែរ។

ជាមួយ​គ្នានោះ​ក្រុមការ​ងារ ប.ស.ស​ ក៏បាន​ផ្សព្វផ្សាយ​ពីការថែ​ទាំសុខភាព​ អនាម័យ សុវត្ថិភាព​ការ​ងារ សុវត្ថិភាព​ ពេល​ធ្វើ​ដំណើរ​ដល់កម្មករ​-កម្មការិនី ប្រធាន​ក្រុមប្រតិភូ​បុគ្គលិក សហជីព​មូល​ដ្ឋាន​​ប្រចាំ​រោងចក្រ គ្រូពេទ្យ ប្រចាំរោងចក្រ​។

ចំពោះថ្លៃ​សេវា​ដឹកជញ្ជូន និង​សេវា​ព្យាបាល​កម្មករ ដែលរង​គ្រោះរហូត​ដល់​ជាសះ​ស្បើយ ជាបន្ទុក​របស់បេឡា​ជាតិ​ របប​សន្តិសុខ​សង្គម។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative