កម្ពុជា​គ្រោង​នឹងរៀប​ចំ​មហោស្រព​ភាពយន្ត​ខ្នាតខ្លី​ចតុមុខ​២០១៥​នៅខែ​វិច្ឆិកា​ខាង​មុខ

ក្រុម«​កុនខ្មែរ​កូនខ្មែរ»​ រួមសហការ​ជាមួយ​ផលិតកម្ម ​៨០២AD បានរៀប​ចំសន្និសីទ​សារ​ព័ត៌​ មានមួយ​ស្តី​ពី​មហោ​ស្រព​ ភាពយន្ត​ខ្នាតខ្លី​ចតុមុខ ២០១៥ (CSFF)​កាលពី​​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​​​រោង​ភាពយន្ត​ Major Cineplex​ by Cellcard ជាន់​ទី២​ផ្សារទំនើប Aeon Mall ។

3មហោស្រព​ភាពយន្ត​ខ្នាតខ្លី​ចតុមុខ (CSFF) ដែលត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​មហោ​ស្រព​​ភាពយន្ត​ខ្នាតខ្លី​ដំបូង​គេនៅ​កម្ពុជា ដើម្បី​ជំរុញ​​ និងផ្តល់​រង្វាន់​ ដល់​សមិទ្ធិករ​ពោរពេញ ដោយ​ទេព​កោសល្យ នៅក្នុង​ស្រុក ក៏ដូច​ជានៅ​តំបន់​អាស៊ី​អាគ្នេយ៍ តាំង ពីឆ្នាំ ២០១២មក​ ជារៀង​រាល់ឆ្នាំ។ ឆ្លងកាត់​ជោគ​ជ័យ​ រយៈពេល​ប៉ុន្មានឆ្នាំ​មកនេះ​ មហោ​ស្រព​បានធ្វើ​បច្ចុប្បន្នកម្ម​ខ្លួន​ឯងដល់​កម្រិត​កាន់តែ​ខ្លាំង​ឡើងៗ​​​។​ ឆ្នាំនេះ​ CSFF​ នឹងប្រព្រឹត្ត​ទៅចាប់ ពីថ្ងៃ​ទី០៦ ដល់ទី០៨​នៅ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ​​។ ភាពយន្ត​ខ្នាតខ្លី ចាប់​ផ្តើម ទទួល​ចុះឈ្មោះ​ពីថ្ងៃទី​០១ កក្កដា​ ២០១៥ ដល់ថ្ងៃ​ទី០១ កញ្ញា ២០១៥។ បេក្ខជន ដែល​ចាប់​អារម្មណ៍​ ត្រូវ​បង្កើត​ក្រុម និងថត​រឿងខ្លីៗ​មិន​លើស​ពី​ ៣០នាទី។​

លោក សុខ ​វិសាល នាយក​មហោស្រព ឆ្នាំ២០១៥ និងជាចាង​ហ្វាង​​ផលិតកម្ម ​៨០២AD ដែល​ធ្លាប់​រួមដឹក​នាំរឿងខ្នាត​វែង​ «គ្រាប់​​ពេជ្រ» បាន​មានប្រសាសន៍​ថា «យើង​ព្យាយាម​ត្រួសត្រាយ​ផ្លូវ ដល់​យុវសមិទ្ធិករ​ខ្មែរ ដោយ​ផ្តល់​ឱកាស​ដល់ពួក​គាត់ ឱ្យ​បង្ហាញ​នូវ​សមត្ថភាព​របស់​ខ្លួន។ ហើយពួក​គាត់​ក៏​អាច​មានឱកាស​ជួបជាមួយ​តួអង្គ​សំខាន់ៗ​នៅក្នុង​វិស័យ​ភាពយន្ត ទាំងក្នុង​ស្រុក និង​ក្រៅ​ស្រុក​»​។

ដើម្បី​បំផុស​ចលនានេះ និងបន្ត​ប្រពៃណី​របស់ខ្លួន​ឆ្នាំនេះ CSFF​នឹងរួម​បញ្ចូល​នូវកម្រង សកម្មភាព​ខ្លីៗតែ​ខ្លឹម ដែល​ប្រឡូក​ អ្នក​ដែលចង់​ធ្វើជា​សមិទ្ធិករ និងក្រុម​ថត ក្នុងការ​ផលិត​ភាពយន្ត​ខ្លីៗ ក្នុង​កំឡុង​ពេល FilmCamp Marathon​ (ខែកញ្ញា) និង​ FilmCamp​ Trip (ខែតុលា)​។​ លី ប៉ូឡែន ធ្លាប់​ឈ្នះ​តំណែង​ទី១ ពីមហោស្រព​ភាពយន្ត​មួយនេះ កាលពី​ឆ្នាំ ២០១៣ និង​បាន​ ឈ្នះ​រង្វាន់ជា​​ច្រើន​បន្ត​មក​​ទៀត រួមទាំង Tropfest ២០១៥​ និងអាហារូប​ករណ៍​សិក្សា​ផ្នែក​អត្ថបទ​ភាពយន្តនៅ​សហរដ្ឋ​​អាមេរិក​ បានចាប់​អារម្មណ៍ថា​ «ខ្ញុំជឿ​ជាក់ថា សមិទ្ធិករ​​​​​​វ័យក្មេង នឹងរៀន​បានបទ​ពិសោធន៍​ជាច្រើនពី​​មហោ​ស្រព​​នេះ តាមរយៈ​ការ​ អនុវត្តន៍ និងជួប​ជាមួយ​គ្រូជំនាញ​​ភាពយន្ត​មកពី​គ្រប់​ផ្នែក​»​។

ទន្ទឹមនឹង​មហោស្រព​នេះដែរ «ជុំរុំ​ភាពយន្ត​២០១៥»(Film CampKH ២០១៥)ដែលប្រមូល​​ផ្តុំបទ​បង្ហាញ​ នានា​ស្តីពី បច្ចេក​ទេស ភាពយន្ត នឹង​ត្រូវរៀបចំ​ធ្វើនៅ​ថ្ងៃទី០១​ខែវិច្ឆិកា ដើម្បីផ្តល់​នូវ​គំហើញ​ស៊ីជម្រៅ អំពី​ទិដ្ឋភាព​នានា​ក្នុងផ្នែក​សោត​​ទស្សន៍ ទាំង​ ទ្រឹស្តី​​ ​និងបំនិន។​ «ជុំរុំភាពយន្ត» មាន​​អ្នក​ចូល​រួម​​ជាង​៥០០រូប និង​វាគ្មិន​ជាង ២០រូប​។

ក្រៅពីនេះ​ក៏មានការ​រៀបចំ FilmCamp​Marathon (នៅភ្នំពេញ) ​បានបណ្តុះ​បណ្តាល បេក្ខជន​២១ រូប ដែល​ផលិត​បាន​ ៣រឿង​ដោយ​១រឿងៗ​មានរយៈ​​ពេល៥​នាទី។ ហើយ FilmCamp Trip (នៅកោះរ៉ុង) ទទួល​បាន៦រឿង​ ដោយ១​រឿងៗ​​មានរយៈ​ពេល ៣នាទី ដឹកនាំ​ដោយ អ្នក​ចូលរួម​២៤រូប។ រង្វាន់​របស់​ពួកគាត់​មានចាប់​ពីជ័យ​លាភី​តាមជំនាញ​រហូត​ដល់​ ការ​ឧបត្ថម្ភ​ជា​ថវិកា​សម្ភារៈ​ ដើម្បី​ផលិត​ភាព​យន្ត​ថ្មីៗ​​របស់​ខ្លួន​​ទៅទៀត។

គួរបញ្ជាក់​ថាកាលពី​ឆ្នាំមុន CSFF ទទួល​បានដល់​ទៅ៦០រឿង​មកពី​កម្ពុជា និងជុំវិញ​ពិភពលោកដែល​​គាំ​ទ្រ​​ដោយស្ថាប័ន​ជាង ១៥​កន្លែងជាអាទិ៍ ក្រសួង​ព័ត៌មាន និងនាយកដ្ឋាន​ភាពយន្ត។

ក្រុម«កុនខ្មែរ​កូនខ្មែរ»ត្រូវ​បានទទួល​ស្គាល់ខ្លាំង​តាមរយៈស្នា​ដៃសំខាន់ៗ​ជាច្រើន​តាំងពី​ឆ្នាំ២០០៩​មក​​ដូចជា ភាពយន្ត​រឿង​ «ពេជ្រ​កូនភ្លោះ» ពិព័រណ៍​ភាពយន្ត​ពីទសវត្ស​ឆ្នាំ៦០ និង៧០​ «ជុំរុំ​ភាពយន្ត»​FilmCamp Marathon FilmCamp Trip​«កុនខ្លី» (លើប៉ុស្តិ៍MyTV)​ រឿង «ប្រាំអង្គ»​ (ភាពយន្តខ្នាត​វែង​ផលិត​​ជិតចប់) និង​គម្រោង​ភាពយន្ត​ផ្សេងៗ​​ទៀត ជា​​លក្ខណៈ​​ផ្លាស់ប្តូរ​​បទ​​ពិសោធន៍​​រវាង​​សមិទ្ធិ​ករ​​​ថ្មី​ថ្មោង​ និង​អាជីព​។​ «កុនខ្មែរ​​កូនខ្មែរ»​​នៅតែ​បន្ត​​មិហិច្ឆតា​​របស់​​ខ្លួនក្នុង​ការ​កសាង​វិស័យ​ភាព​យន្ត​​នៅ​​កម្ពុជា​ ឱ្យកាន់​តែរឹងមាំ និង​មាន​គុណភាព​ជាងមុន។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative