​កន្លះ​ឆ្នាំ​នេះ​អគ្គិសនី ​ភ្ជាប់​​ចរន្ត​​តំលៃ​៦១០រៀល ​ដល់​​បន្ទប់​​កម្មក​រ​​បាន​ជាង​១១ម៉ឺន​​បន្ទប់

ប្រតិ​បត្តិ​ការ តភ្ជាប់​​ចរន្ត​អគ្គិសនី​ តម្លៃ៦១០​រៀល ក្នុង​មួយ​​គីឡូវ៉ាត់​ម៉ោងទៅ​ដល់​​បន្ទប់ និង​ផ្ទះ​ជួល​របស់​កម្មករ​ រហូត​មក​ដល់​​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០១៥​គឺមាន​​រយៈ​ពេល​កន្លះ​​ឆ្នាំ​ហើយ ដោយ​មាន​បន្ទប់​​ជាង ១១ម៉ឺន ត្រូវ​បាន​​ត​ភ្ជាប់​​រួច​រាល់។

2យោងតាម​​សេចក្តី​ប្រកាស​​ព័ត៌មាន​ របស់​​អគ្គិសនី​​កម្ពុជា ដែល​ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៥នេះ បាន​​ឲ្យ​ដឹង​ថា គិត​​ត្រឹម​​យប់​ថ្ងៃ​ទី២៩ ខែ​មិថុនា​ បន្ទប់ ១១០.២៨៦​បន្ទប់ ត្រូវបាន​​ត​ភ្ជាប់​​ចរន្ត​​តម្លៃ ៦១០​រៀល​​ក្នុងមួយ​​គីឡូវ៉ាត់​ម៉ោង ដែល​ជា​​តម្លៃ​​អនុគ្រោះ​​របស់​​រាជ​រដ្ឋាភិបាល។ តម្លៃ​៦១០រៀល​​នេះ​ គឺ​​សម្រាប់​​អ្នក​​ដែល​​ប្រើប្រាស់​​ក្រោម ៥០​គីឡូវ៉ាត់​ ក្នុង​​មួយខែ។

យុទ្ធនា​ការ​ ត​បណ្តាញ​​អគ្គិសនី និង​​ដំឡើង​​កុង​ទ័​រ​​ដល់​​កន្លែង​​ស្នាក់​នៅ​​របស់​​អ្នក​ជួល​​បន្ទប់ ឬ​ជួល​​ផ្ទះ ជា​ពិសេស​កម្មករ កម្មការិនី បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​​ទី២៩​ ខែ​មករា ឆ្នាំ២០១។ យុទ្ធនាការ​​ត​បណ្តាញ​​អគ្គិសនី និង​​ដំឡើង​កុង​ទ័​រ​ ជូន​​អ្នក​​ជួល​​បន្ទប់ និង​ជួល​​ផ្ទះ ក្នុង​​ជំហា​ន​ទី២ កំពុង​ធ្វើ​ឡើង​ក្នុង​​ខណ្ឌ​​សែន​សុខ ព្រែក​ព្នៅ​ ពោធិ៍​​សែន​ជ័យ  ចំការមន ច្បារអំពៅ ជ្រោយចង្វារ មានជ័យ និង ខណ្ឌ​ឬ​ស្សី​កែវ។

យុទ្ធនាការ​​នេះ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​កម្ពុជា បាន​មើល​ឃើញថា​កម្មករ  កម្មកា​រិនី នៅ​តាម​​ផ្ទះ និង​បន្ទប់​​ជួល​ត្រូវ​បាន​ចំណាយ​​ថ្លៃ​ភ្លើង​ខ្ពស់ ពោល​​ចាប់ពី១.៥០០​រៀល រហូត​ដល់២.៥០០​រៀល​ក្នុង​មួយ​​គីឡូវ៉ាត់​ម៉ោង ដែល​មិនមែន​ជា​តម្លៃ​​អនុគ្រោះ​​របស់​រាជ​រដ្ឋាភិបាល ហើយ​តម្លៃ​​ភ្លើង​ខ្ពស់​​នេះ​ទៀត​សោតវា​​នឹងមិន​​អាចធ្វើ​​ឲ្យ​ជីវភាព​​របស់​​កម្មករ កម្មការិនី បាន​ប្រសើរ​​នោះឡើយ។

យុទ្ធនា​​ការជួយ​​ឲ្យ​កម្មករ​កម្មការិនី បាន​ប្រើប្រាស់​​អគ្គិសនី​​ក្នុង​តម្លៃ ៦១០រៀល​​ក្នុង​មួយ​​គីឡូវ៉ាត់​ម៉ោង ត្រូវបាន​​គេរំពឹង​ថា នឹង ចូលរួម​​កាត់​បន្ថយ​ការ​ចំណាយ​​របស់​​កម្មក​រ កម្មការិនី បាន​មួយ​កម្រិត​​ថែមទៀត ដើម្បី​​សល់​ប្រាក់​ខែបាន​​កាន់តែ​ច្រើន​ជួយ​​ដល់​ជីវភាព​​ក្រុមគ្រួសារ​​នៅតាម​​ទីជនបទ ក៏ដូច​ជា​ជួយ​​ការរស់​នៅ​របស់​​កម្មក​រ កម្មការិនី  បាន​ប្រសើរ​​ផងដែរ។

លោក កែវ រតនៈ ប្រតិភូ​​រាជរដ្ឋាភិបាល​​កម្ពុជា ទទួល​បន្ទុក​​អគ្គនាយក​​អគ្គិសនី​កម្ពុជា ​បាន​ឲ្យ​ដឹង​ថាយុទ្ធនា​ការ​​ត​បណ្តាញ​​អគ្គិសនី​ និង​​ដំឡើង​​កុង​ទ័​រ​​ដល់​បន្ទប់​​អ្នក​​ជួល​​បន្ទប់ និង​ជួល​​ផ្ទះ​នេះ គ្រោង​​នឹង​ចំណាយ​ថវិកា​​ប្រមាណ ២លាន​​ដុល្លារ​​អាម៉េរិក។លោក កែវ រតនៈ ធ្លាប់​បាន​​បញ្ជាក់ថា និយោជិត​​របស់​​អគ្គិសនី ដែល​​ចុះ​បំពេញ​ការងារ​​ត​បណ្តាញ​​នេះ មាន​​ចំនួន​២៤០នាក់​ ចែក​ចេញជា ៣០ក្រុម ​ក្នុង​មួយ​ក្រុម​មាន​​គ្នា ៨នាក់។ ក្រុម​និយោជិត​​របស់​​អគ្គិសនី​​កម្ពុជា ចុះ​​ទទួល​ពាក្យ​ស្នើសុំ​​បន្ត​​ចរន្ត និង​​ធ្វើការ​​ភ្ជាប់​​ចរន្ត​អគ្គិសនី​​នៅ​ទី​តាំង​ស្នាក់​នៅ​របស់​​កម្មករ កម្មការិនី ដោយ​​ថ្ងៃ​ចន្ទ ដល់​ថ្ងៃសៅរ៍ ធ្វើការ​ចាប់​ពី​ម៉ោង ​៤៖៣០​នាទី​ល្ងាច  ដល់​​ម៉ោង ៨៖៣០នាទី​​យប់។ សម្រាប់​​ថ្ងៃ​អាទិត្យ ធ្វើ​ចាប់​ពី​ម៉ោង៨  ព្រឹក​ដល់​ម៉ោង ៥ល្ងាច។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative