ពលករ​កម្ពុជា​ធ្វើការ​នៅកូរ៉េ ទទួល​បានចំណាច់​ថ្នាក់ល្អ​ជាងគេ​ពី​រដ្ឋាភិបាល​កូរ៉េ

ពលក​រកម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ ចាត់ទុក​ជាពលករ​ដែលជាប់​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ក្នុងការ​បំពេញ​ការ​ងារ​ក្នុង​ចំ​ណោម​ពលករ​បរទេស ​មកពី​២០ប្រទេស​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។

2លោកគីម​ វ៉ុនជីន​ (Kim Weon​ Jin)​ ឯកអគ្គ​រដ្ឋ​ទួត​កូរ៉េ​ថ្មី ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍ ថា​មាន​ពលករ​ជាច្រើន​ប្រហែល​ជា​២០​ប្រទេស ធ្វើការ​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​មានតែ​ពលករ​កម្ពុជា​ទេ មាន​ប្រជាប្រិយ​ជាងគេ។ ដោយ​សារ​តែ​ពលករ​កម្ពុជា មាន​ភាព​ស្មោះ​ត្រង់​ហើយ​ភាព​ស្មោះ​ត្រង់នេះ បាន​ធ្វើឲ្យ​ថៅកែ​កូរ៉េ​ពេញចិត្ត​យ៉ាងខ្លាំង ទើប​ធ្វើឲ្យ​មាន​ប្រជាប្រិយ​ភាពខ្ពស់​។ ម្យ៉ាងទៀត​គាត់​(ពលករ)​ទៅធ្វើ​ការមិន​មែន​ដើម្បី​តែប្រាក់​នោះទេ​គឺទៅ​ដើម្បី​រៀន​ជំនាញ​ផងដែរ​ដើម្បី​ត្រឡប់​មកវិញ​ យក​ជំនាញ​ដែល​បាន​រៀន​នោះ​មកជួយ​ប្រទេស​ជាតិវិញ។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ លោក​ឯក​អគ្គរដ្ឋ​ទួត ទទួល​ស្គាល់ថា​មានថៅ​កែមួយ​ចំនួន​តូច បាន​ធ្វើទុក្ខបុក​ម្និញ​លើ​ពលករ​កម្ពុជា តែនៅ​លើ​ពិភព​លោកក៏មាន​បញ្ហានេះ​ដែរ​ព្រោះ​ថាកាល​ណាមាន​មនុស្ស​ច្រើនយើង​ពិបាក​នឹងគ្រប់​គ្រង​ណាស់ រីឯ​ថៅកែ​ក៏មាន​មនុស្ស​ល្អ និង​មនុស្ស​មិនល្អ​ដែរ។

លោកទួត​ថា​ «ខ្ញុំពិត​ជាមាន​ភាព​អាម៉ាស​ណាស់​ពេល​ដឹងថា​មាន​ថៅកែ​ធ្វើទុក្ខបុក​ម្និញ​លើ​ពលករ​កម្ពុជា តែយ៉ាង​ណា​ក៏មាន​ថៅកែ​ល្អៗ​ជាច្រើន​ទៀតដែល​បាន​បង្ហាត់​ជំនាញ​ដល់​ពលករ​កម្ពុជា​ដែរ»។

លោក​ពេជ សោភ័ន រដ្ឋ​លេខាធិការ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​បណ្ដុះ​បណ្ដាល​ និង​បញ្ជូន​ពលករ ទៅ​បរទេស បាន​សាទរ​ដែល​ពលករ​កម្ពុជា ជាប់​ចំណាច់​ថ្នាក់ល្អ​ជាងគេ ក្នុង​ចំណោម​ពលករ​បរទេស​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។

លោកបាន​បន្តថា រហូត​មកដល់​ពេលនេះ​មាន​ពលករ​កម្ពុជា​ជិត​៤ម៉ឺន​នាក់ បាន​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយបាន​នាំមក​នូវ​ប្រាក់​ចំណូល​ជាច្រើន​ដល់ក្រុម​គ្រួសារ និង​សង្គម​ជាតិ។

លោក គីម វ៉ុនជីន​ បាន​មាន​ប្រសាសន៍​បន្ថែមថា តាម​រយៈ​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន​ និង​ប្រធានា​ធិបតី​កូរ៉េ កន្លង​ទៅ​ដែល​សម្តេច​បានស្នើ​សុំ​កូតា​បន្ថែម​នូវ​ចំនួន​ពលករ ទៅធ្វើ​ការនៅ​កូរ៉េ​នោះ កូរ៉េ​នឹង​តំឡើង​កូតា​ពលករ​បន្ថែម​តាមការ​ស្នើ​សុំ​តែលោក​មិនទាន់​ដឹងថា​នឹង​បន្ថែម​ប៉ុន្មាន​នោះទេ។

តែបើ​តាម​​លោក ពេជ សោភ័ន​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថាសំរាប់​ឆ្នាំ២០១៥​មាន បេក្ខជន​ចូល​រួម​ប្រលង​ធ្វើតេស្ត​កូរ៉េ​កាលពី​ថ្ងៃ​ទី២៧ និង​២៨មថុនា ចំនួន​៣៨៣៦២​នាក់ ហើយ​កូរ៉េជ្រើស​រើស​ចំនួន​៥៧០០នាក់ ដែល​កាលពី​ឆ្នាំមុន​កូរ៉េ រើស​យក​តែ​ជាង​៤០០០​នាក់​ទេ​ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ប្រលង​រហូត​ដល់ទៅ​ជាង៥ម៉ឺន​នាក់។

លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​កំលាំង​ពលកម្ម​នៅក្នុង​ស្រុក​នៅខ្វះ​នៅឡើយ​ទេ ដូចជា​វិស័យ​សំណង់​កម្មករ​ រោង​ចក្រ​កាត់ដេរ។ បច្ចុប្បន្ន​និយោជក​កំពុង​មាន​បញ្ហា​ខ្វះពលករ។ ដូចនេះ​រដ្ឋាភិបាល​ត្រូវគិត​គូរធ្វើ​យ៉ាងម៉ិញ​ផ្តល់​ឪកាស​ការ​ងារ​សមរម្យ​គ្រប់​គ្រាន់​ក្នុងស្រុក​សិនតែ​យើងមិន​ហាម​ឃាត់​ពលករ​មាន​បំណង​ទៅធ្វើ​ការនៅ​ក្រៅ​ប្រទេស​ដែរ​ តែត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យពួក​គេមាន​លក្ខខន្ធ​ការងារ​ដើម្បី​កុំឲ្យ​គេធ្វើ​អាជីវកម្ម។ ព្រោះ​ថា​បច្ចុប្បន្ន​នេះមាន​ពលករ​មួយ​ចំនួន​ត្រូវបាន​គេ​បោក​បញ្ឆត​ទៅ​រក​ការងារ​ធ្វើនៅ​ក្រៅ​ប្រទេស​ដោយ​សារ​មិន​ទទួល​បាន​ពត៌មាន​នេះ។ ដូច្នេះ​ហើយ​បានជា​រដ្ឋាភិបាល​បាន​បង្កើត​ទី​ភ្ងាក់ងារ​ជាតិ​មុខ​របរ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ទៅធ្វើ​ការនៅ​ក្រៅប្រទេស​បានដឹង​កុំឲ្យ​ចាញ់បោក​គេបន្ត​ទៀត។ ក្រសួង​លើកទឹក​ចិត្តដល់​ពលករ ធ្វើការ​នៅក្រៅបរទេស​កុំប្រើ​តែកំលាំង​បាយត្រូវ​ប្រើជំនាញ​ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative