ករណី​ជំងឺ​គ្រុនឈាម ក្នុងរយៈ​ពេល​៦ខែ​នេះមាន​ការកើន​ឡើង

យោង​តាម​របាយការណ៍ របស់​មជ្ឈ​មណ្ឌល​ជាតិ​ ប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់​ប៉ារ៉ាសេត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​ឲ្យដឹង​ថានៅ​ក្នុង​រយៈ​ពេល​៦ខែ ឆ្នាំ​២០១៥​នេះ ចំនួន​ករណី​ជំងឺ​គ្រុនឈាម​នៅ​ទូទាំង​ប្រទេស មាន​ការកើន​ឡើង​ក្នុង​នោះ​បានសំលាប់​កុមារ​ចំនួន​៣នាក់ ។

Untitledលោក​វេជ្ជ​បណ្ឌិត លាង ឬទ្ធា ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា ជំងឺ​គ្រុនឈាន​នៅ​ប្រទេស​កម្ពុជា មានការ​ប្រែប្រួល​ទៅតាម​រដូវ​ដោយ​មាន​កំរិត​ចំលង​ខ្ពស់​នៅ​រដូវ​វស្សា។ ជាក់ស្តែង​នៅដើម​ឆ្នាំនេះ ចំនួន​ករណី​ជំងឺ​គ្រុន​ឈាម មាន​ការ​កើន​ឡើង​ប៉ុន្តែ​ការកើន​ឡើងនេះ​ក្នុង​ស្ថានភាព​ដែលអាច​គ្រប់​គ្រង​បាន។

លោកបាន​លើក​ឡើង​របាយ​ការណ៍​មក​បញ្ជាក់​ថា នៅក្នុង​២៣​សប្តាហ៍ ឆ្នាំ​២០១៥ នេះ​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន​១៣៤៦​ករណី​ស្លាប់​៣នាក់​កើន​ឡើង​ជាង​ឆ្នាំមុន​ដែល​ក្នុងរយៈ​ពេលដូច​គ្នាមាន​តែ៧៩០​ករណី​ស្លាប់២​នាក់។ តួលេខ​នេះបញ្ជាក់​ថាក្នុង​ចំ​ណោម​មនុស្ស​១០០០​នាក់ មានអ្នក​កើតជំងឺ​គ្រុនឈាម​៦នាក់។ ប៉ុន្តែ​ទោះបី​ជាយ៉ាងណា​ក៏​ដោយ​អត្រា​ស្លាប់​ក្នុង​ឆ្នាំ២០១៥​នេះ​មាន​ត្រឹម​តែ០,២២​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០១៤​មាន​០,៥០​ភាគរយ។

ក្នុងការ​ការពារ​ជំងឺនេះ លោក​វេជ្ជ​បណ្ឌិត លាង ឬទ្ធា​ បាន​បញ្ជាក់​ថាជំងឺ​គ្រុន​ឈាម ជា​ជំងឺ​មួយ​ដែល​យើង​អាច​ការពារ​បាន​ដោយ​គ្រាន់​តែនៅ​តាម​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​សហការ និង​រួមគ្នា​ធ្វើ​បរិស្ថាន​ឲ្យបាន​ស្អាត ពិសេស​នៅ​តាម​លំ​នៅ​ដ្ឋាននីមួយៗ​។

លោកបាន​ឲ្យដឹង​ទៀតថា ការសំអាត​លំនៅ​ដ្ឋាន​ឲ្យបាន​ស្អាតនេះ វានឹង​មិនធ្វើ​ឲ្យមាន​មួសខ្លា​ដែលជា​ភ្ងាក់ងារ​ចំលង​នៃជំងឺ​គ្រុន​ឈាម​ព្រោះ​ជំងឺ​គ្រុនឈាម​ វាឆ្លង​តាម​រយៈមូស​ខ្លាដែល​វារស់​នៅទី​កន្លែង​ណាដែល​កង្វក់ ឬមិន​ស្អាត ដោយ​វា​កកើត​មក​ពីដង្កូវ​ទឹកដែល​នៅក្នុង​ទឹកថ្លុក​ដក់នៅ​ក្នុង​វត្ថុ​ដែល​អាចដល់​ទឹកបាន​ដូចជា​សំបក​ដូង សំបក​កង់កង់​ឬឡាន ចាស់ៗ​ជាដើម​។    លោក​បាន​បន្តែម​ថា«ការ​លប់​បំបាត់​ជំរក​ដង្កូវទឹក​តាមផ្ទះ​ ​និង​ការ​បញ្ជួន​ការ​កុមារ​មានជំងឺ​គ្រុនឈាម​ទៅកាន់​មន្ទីរពេទ្យ​ជា​កាតព្វកិច្ច​របស់​គ្រួសារ​នីមួយៗ​ព្រោះ​ថាជំងឺ​គ្រុនឈាម​មិនអាច​ព្យាបាល​នៅតាម​ផ្ទះ​បានទេ​ត្រូវតែ​បញ្ជួន​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ»។លោក​បញ្ជាក់​ថា​ក្រសូង​សុខាភិបាល​មាន​ភារកិច្ច​ផលិត​សារ​អប់រំ​សុខភាព​ផ្គត់ផ្គង់​ថ្នាំ​អាបែត​រៀបចំ​មន្ទីរ​ពេទ្យ​ទទួល​អ្នកជំងឺ​ព្យា​បាល​ព្រមទាំង​អង្កេត​តាមដាន​សភាព​ការណ៍​ជំងឺ​ដើម្បី​ចាត់​វិធាន​ការណ៍​ឲ្យបាន​ទាន់ពេល។

លោកបាន​ឲ្យដឹង​ទៀតថា ជាងនេះ​ទៅទៀត​ការចូល​រួមពី​សំណាក់​លោកគ្រូ អ្នកគ្រូ និងសិស្សានុ​សិស្ស នៅតាម​សាលា​រៀនពិសេស​នៅកំរិត​បឋមសិក្សា​មាន​សារសំខាន់​ណាស់ និងមាន​ប្រសិទ្ធភាព​ជាទីបំផុត​ក្នុងការ​អន្តរាគមន៍​ប្រយុទ្ធ​នឹងជំងឺ​នេះ។

លោក​វេជ្ជបណ្ឌិត លាង ឬទ្ធា បាន​មាន​ប្រសាសន៍​ថា«ការធ្វើ​បរិស្ថាន​ឲ្យបាន​ស្អាត មាន​សារ​សំខាន់​ណាស់​ដើម្បី​កុំឲ្យមាន​សត្វ​មូស​ខ្លាចំលង​មេរោគ​គ្រុនឈាម។ ដូចនេះ​ត្រូតែមាន​ការ​ចូលរួម​ពី​សហគមន៍​ក្រសួង​ពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស​ ទើប​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ទទួល​បាន​ជោគជ័យ»។

លោកវេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​នៅក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម​កាល​ពីថ្ងៃ​ទី២៩​មិថុនាថា​ «ក្នុងការ​លប់​បំបាត់​ជំងឺនេះ ក្រសួង​សុខាភិបាល បើទោះ​បីជា​មានកិច្ច​សហការ​ជាមួយ​ដៃគូ​នានា​មាន​យន្ត​ការ​ធ្វើ​អន្តរាគមន៍ ចលនា​ធនធាន និង​បច្ចេក​ទេស​តាម​គ្រប់​មធ្យោបាយ​រួចហើយ ប៉ុន្តែ​ការអន្តរាគមន៍​ឆ្លើយតប​ទាំងនេះ​នៅមិន​ទាន់អាច​កាត់ផ្តាច់​ពីការ​ចូលរួម​របស់​សហគមន៍​នីមួយៗ និង​គ្រួសារ​នីមួយៗ​នោះទេ​ព្រោះថា​ការលប់​បំបាត់​ជំរក​មួសខ្លា​ក៏ដូចជា​ការ​ការពារ​មិនឲ្យ​មួសខាំកូន និង​ការ​បញ្ជួន​កូនចៅ​ដែលក្តៅ​ខ្លួនមក​មន្ទីរ​ពេទ្យ​រដ្ឋឲ្យ​បានទាន់​ពេលទាំង​នេះ​សុទ្ធ​តែត្រូវ​ចាប់ផ្តើម​ពី​សហគមន៍​នីមួយៗ និងគ្រួសារ​នីមួយៗ»។

លោករដ្ឋ​មន្ត្រី​សូម​អំពាវ​នាវដល់​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ជាធរ​គ្រប់​លំដាប់​ថ្នាក់ និង​បណ្តាញ​សារពត៌មាន​ទាំងអស់​មេត្តា​ជួយ​ជំរុញចលនា​ទាំងអស់​នេះដើម្បី​បញ្ជៀស​កុមារ​ពីគ្រោះ​មរណៈ​ដោយ​សារជំងឺ​គ្រុនឈាម។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative