ឧកញ៉ាលី យ៉ុងផាត់​ នឹងរើ​សួនសត្វ​សាហ្វារីវើល​ ពីកោះកុង​មកកាន់​រាជធានី​ភ្នំពេញ

លោកឧកញ៉ាលី យ៉ុងផាត់​ អគ្គនាយក​ក្រុមហ៊ុន​លីយ៉ុងផាត់​គ្រុប បាននឹង​កំពុង​រៀប​ចំ​ផ្លាស់​ប្តូរ​សួន​សត្វ និង​ តំបន់​កំសាន្ត​សាហ្វារីវើល​ ពី​ខេត្ត​កោះកុង មក​កាន់រាជ​​ធានី​​​ភ្នំ​ពេញ​។

2លោក​ឧកញ៉ា បានថ្លែង​ឲ្យដឹង​តាមទូរ​ស័ព្ទ កាលពី​ល្ងាច ថ្ងៃ​ទី​២៩ មិថុនា កន្លង​​មក​ថាក្រុម​​ហ៊ុន​​ បាន​នឹង​កំពុងរៀប​ចំរើ​​ទី​តាំង​សួនសត្វ​សាហ្វារីវើល​​ ពី​ខេត្ត​កោះ​កុង​ មកកាន់​រាជធានី​ភ្នំពេញ​ពិតមែន ដែលការ​រើទីតាំង​នេះគ្រោង​ចំណាយ​ទឹកប្រាក់​ជាង​១លាន​ដុល្លារ​អាមេរិក។ លោកបន្ត​ថា ទីតាំងថ្មី​មានទំហំ​ប្រហាក់​ប្រហែល​គ្នា​នឹងទីតាំ​ង​​​ចាស់នៅ​ខេត្តកោះកុង ហើយ​តំបន់​ សួន​សត្វ​សាហ្វារីវើលថ្មីនេះ​ ស្ថិតនៅ​​ក្នុងក្រុង​​រណប​តេជោ​មរតក ក្នុង​សង្កា​ត់​​​បាក់ខែង រាជធានី​ភ្នំពេញ។

លោកបន្តថា​ “សួនសត្វថ្មី​នៅរាជធានី​ភ្នំពេញ​នេះ នឹងបើក​ដំណើរការ​មិនហួស​​ដើមឆ្នាំ​២០១៦ខាង​មុខទេ ហើយ​ក្រុមហ៊ុន​ រំពឹង​ថា​នឹងទទួល​បានជោគជ័យ​នៅទី​នេះ ព្រោះរាជធានី​ភ្នំពេញ​មានមនុស្ស និងភ្ញៀវ​ទេសចរណ៍​​ច្រើន”។

លោក ហូ វណ្ឌី​ សហប្រធាន​ក្រុមការ​ងារផ្នែក​វិស័យ​ទេសចរណ៍ បាន​ថ្លែងថា​ ប្រសិន​ជាសួន​សត្វថ្មី​នេះ មាន​សកម្មភាព​ច្រើន​ វា​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​​ថ្មីមួយ ដែល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ អាច​ស្នាក់​នៅ​រយៈ​ពេលយូរ​នៅ​កម្ពុជា និងអាច​ចូល​ ទស្សនា​កំសាន្ត​សួនសត្វ​ថ្មីនេះ។ លោក​បន្តថា ប្រសិន​ជាសួន​សត្វថ្មីនេះ​​ភ្ជាប់​ជា​​​មួ​យសួន​សត្វភ្នំ​តាម៉ៅ គឺ​ក្រុមហ៊ុន​ ទេស​ចរណ៍​អាច​រៀបចំ​ជាកញ្ចប់​ទេសចរ​ណ៍​ដ៏​ប្រពៃ និង​មានការ​រារែក​ពីភ្ញៀវ​ទេសចរណ៍ ក្នុងការ​ធ្វើដំណើរ​កំសាន្ត​របស់​​ពួក​គេ​​នោះ​​ទេ។

លោកបន្ត​ថា “ការ​រើសួន​សត្វថ្មី​នេះមក​កាន់​រាជធានី​ភ្នំពេញ ជាការ​សម្រេច​​ចិត្តត្រូវ ព្រោះ​នៅខេត្ត​កោះកុង​ មិន​មាន​អ្វី​ច្រើន​នោះ​ទេ។ ចំណែក​រាជធានី​ភ្នំពេញ​​មាន​​​មនុស្ស​រស់នៅ​២លាន​នាក់ មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​២លាន​នាក់ និង​ភ្ញៀវ​​ទេស​ចរណ៍​ក្នុង​ស្រុក​ដើរ​កំសាន្ត ក្នុងមួយ​ឆ្នាំពី៧​ទៅ៨​លាន​នាក់បន្ថែម​ទៀត”។​ លោក​​បន្តថា​ “ភ្ញៀវទេសចរណ៍​ ក្នុង​ស្រុក​ដើរ​កំសាន្ត​មាន​តម្រូវ​ការប្រាំ​យ៉ាង គឺការ​ដឹក​ជញ្ជូ​ន ញុំា គេង ទិញ​ទំនិញ​ និង​ត្រូវការ​តំបន់​កំសាន្ត”។

ឯកឧត្តម ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ បានថ្លែង​ស្វាគមន៍​ចំពោះ​ការ​រើ​ទី​តាំង​សួនសត្វ​មកកាន់​រាជធានី​ភ្នំពេញ​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​មានតំបន់​​កំសាន្ត​កាន់តែ​ច្រើនទៀត ហើយនេះ​គឺជា​ប្រភេទ​ទេសចរណ៍​កែច្នៃ ដែល​កម្ពុជា​មិន​ទាន់​​មាន​ការវិនិ​យោគ​តំបន់​ទេសចរណ៍​កែច្នៃ​ច្រើននៅទ្បើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative