សិស្សក្រីក្រ​៥០០​នាក់​ មកពី​៣​សាលាទទួល​បាន​កង់ និងមួក​សុវត្តិភាព

សិស្សា​នុសិស្ស​ដែលមាន​ជីវភាព​ខ្សត់​ខ្សោយ ​ចំនួន​៥០០​នាក់​ មកពី​សាលាបឋម​សិក្សា​បឹងធំ ​សាលា​មឋម​សិក្សា​បន្ទះ​ស្លែង ​និង​សាលាបឋម​សិក្សា​ទ្រនំ​ជ្រឹង​ ទទួល​បានកង់ ​និង​​មួក​​សុវត្តិភាព​ សំរាប់​ធ្វើដំណើរ​មកសិក្សា​ ប្រយោជន៍​ដើម្បី​កាត់​បន្ថយ​ការបោះបង់​ការ​សិក្សា​​របស់​សិស្ស​ ក៏ដូចជា​ការពារ​ក្បាល​ពេលជួប​គ្រោះថ្នាក់​ចរាចរណ៍។

5ពិធីប្រគល់កង់​ និង​មួក​សុវត្តិ​ភាព​​នេះ បាន​ធ្វើឡើង​កាល ពី​រសៀល​ថ្ងៃទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៥​ នៅសាលា​បឋម​សិក្សា​ទ្រនំជ្រឹង ​ស្ថិត​នៅ​ក្នុង​សង្កាត់ ​បឹងធំ​ ខណ្ឌ​ពោធិសែនជ័យ ​រាជធានីភ្នំពេញ ​ក្រោម​អធិបតី​ភាព ​លោក ​សុខ​ចិន្តាសោភា​ ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី ​និង​ជា​អគ្គលេខា​ធិការ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក ​ហ៊ុន ​ម៉ានី ​ប្រធាន​សហភាព​ សហព័ន្ធ​យុវជន ​កម្ពុជា ​និង​តំណាង​ក្រុមហ៊ុន ​កូកាកូឡា​។

សិស្សចំនួន​៥០០នាក់ ​មកពី​៣សាលានោះ ​ទទួល​បានកង់​១០០គ្រឿង ​និង​មួក​សុវត្តភាព​ចំនួន​៥០០​មួក ​ពីក្រុមហ៊ុន​កូកាកូឡា។​ ក្រៅពីនេះ​ ក្រុមហ៊ុន​ក៏បាន​រៀបចំ​នូវ​កម្មវិធី​បណ្តុះ​បណ្តាល ​សុខភាព​មាត់​ធ្មេញ ​និង​បង្ហាត់​ពីការ​លាង​សំអាត​ដៃ ​ដល់ប្អូនៗ​ និង​មានការ​ដាំដើម​ឈើ នៅក្នុង​បរិវេន​សាលា​បឋម​សិក្សា​ទ្រនំ​ជ្រឹង​ផង​ដែរ។

បើតាមតំណាង​ក្រុមហ៊ុន​កូកាកូឡា ​បានមាន​ប្រសាសន៍​ថា កម្មវិធី​នេះរៀប​ចំឡើង​ក្នុង​គោល​បំណង​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កំពស់​សិទ្ធិ​កុមារ ​និង​ចូលរួម​ចំណែក​កាត់​បន្ថយ​អត្រា​បោះបង​ការ​សិក្សា​របស់​សិស្សានុសិស្ស​។ តំណាង​ក្រុមហ៊ុន​ដដែល​នោះ បាន​ឲ្យដឹង​ទៀតថា​កម្មវិធី​នេះ​គឺ​ជា​កម្មវិធី​មួយ​ ក្នុង​ចំណោម​កម្មវិធី​សហគមន៍​ដ៏ទៃ​ទៀត ​ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា​នឹង​បន្តផ្តល់​ត្រឡប់​ទៅសង្គម​កម្ពុជា​វិញ​ ដូចជា​កម្មវិធី​បរិស្ថាន ​ជំនួយ​សង្គ្រោះ ​មហន្តរាយ ​កម្មវិធី​ផ្តល់​ឈាម ​កម្មវិធី​លើក​តំលៃ​ស្ត្រី​ កម្មវិធី​ទឹកស្អាត ​និង​កម្មវិធី​អប់រំ ​ដោយ​ធ្វើ​ការ​សហការ​ជាមួយ​ដៃគូរ​របស់​យើង​ ដូច​ជា ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សភាយុវ​ពាណិជ្ជកម្ម​ អន្តរជាតិ​​ JCI​ និង​AESEC​។

មានប្រសាសន៍​នៅក្នុង​ឪកាស​នោះ លោក​ហ៊ុន ​ម៉ានី ​បានថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​កូកាកូឡា ​ដែលតែង​តែ​ផ្តល់​ឪកាស​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ក្នុង​កិច្ច​សហការ​ក្នុង​កម្មវិធី​សង្គម​សប្បុរសធម៌​នានា ​ក៏ដូច​ជាការ​ឧបត្ថម្ភ​គាំទ្រ​ជាបន្ត​បន្ទាប់​ដល់​សហភាព​សហព៏ន្ធ​យុវជន​កម្ពុជា ​ក្នុងការ​បំពេញ​បេសកម្ម​របស់ខ្លួន​។ លោកបាន​បន្តថា​«ខ្ញុំសូម​កោត​សរសើរ​នូវ​គំនិត​ផ្តួច​ផ្តើម​ដ៏ថ្លៃថ្លា​របស់​ក្រុមហ៊ុន​កូកាកូឡា​ ដែល​បាន​រៀបចំ​នូវ​កម្មវិធី​ចែកកង់​មួក​សុវត្តិភាព​ និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​ចំនួន​៥០០​នាក់​ ដែល​ជាការ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កំពស់​សិទ្ធិ​កុមារ​ និង​កាត់​បន្ថយ​ការ​បោះ​បង់​ការ​សិក្សា​របស់​កុមារ​ក្រីក្រ​នៅនឹង​សហគមន៍​ក្រីក្រ»។

លោកហ៊ុន​ ម៉ានី ​បានបន្ថែម​ទៀត​ថា ​សកម្មភាព​នេះគឺ​ជាការ​វិនិយោគ​ដ៏ប្រពៃ​​ ចំពោះ​កុមារ​កម្ពុជា​ ចំពោះ​អនាគត​របស់​ខ្លួន​។ប៉ុន្តែ​ចំណុច​ដ៏ពិសេស​នៃការ​វិនិយោគ​នាពេល​នេះ គឺជា​គំនិត​ផ្តួច​ផ្តើម​របស់​ផ្នែក​ឯកជន​គឺ​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា​ ដែល​បាន​ចូល​រួម​ចំណែក​ខ្វល់​ខ្វាយ​ពីការ​ជំរុញ​ និងការ​លើក​កំពស់​វិស័យ​អប់រំ​នៅកម្ពុជា​។ លោកបាន​បញ្ជាក់​ថា​«នៅក្នុង​គោល​បំណង​តែ​មួយ​ហើយ​ដែល​សហភាព​សហព៍ន្ធ​ យុវជន​កម្ពុជា​ បាន​ចូល​រួម​ជា​បន្ត​បន្ទាប់ ​ក្នុង​សកម្មភាព​នានា​ ដើម្បី​សង្គម ​និង​សប្បុរសធម៌ ​ហើយសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បានផ្តួច​ផ្តើមកម្មវិធី​ពាក់ព័ន្ធ​យុវជន ​និង​សង្គម​ដើម្បី​ផ្តល់​ឪកាស​ដល់​យុវជន​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន ​និង​ការសិក្សា​រៀនសូត្រ​ព្រម​ទាំងការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​មួយ​ឲ្យ​មាន​ការ​រីកចំរើន​ប្រកប​ដោយ​ធនធាន​យុវជន​ដែលជា​កំលាំង​បន្តវេន​មួយ​ប្រកប​ដោយចេរភាព​តទៅ»។

លោក សុខ ​ចិន្តាសោភា ​បានផ្តាំផ្ញើរដល់​ក្មួយៗទាំងអស់​ត្រូវគោរព ​និងស្តាប់​ដំបូន្មាន ពុកម្តាយ ​លោកគ្រូ ​អ្នកគ្រូ ​ដើម្បក្លាយ​ខ្លួន​ជា​កូន​ល្អ សិ​ស្សល្អ ​និងមិត្តល្អ ​នៅក្នុង​សង្គម។បន្ថែម​ពីនេះ​លោក​រដ្ឋមន្ត្រី​ប្រតិភូ ​ក៏បាន​អប់រំ​ឲ្យ​សិស្សានុសិស្ស​ត្រូវ​ចេះ​អនាម័យ​មាត់​ធ្មេញ​ព្រោះ​ថាធ្មេញ​មាន​សារៈ​សំខាន់​ណាស់ចំពោះ​សុខភាព​យើងម្នាក់ៗ​។ បើកាលណា​មាន​បញ្ហា​ធ្មេញ​ហើយវា​ធ្វើឲ្យ​ប៉ះពាល់​ដល់ការ​រស់នៅ​ការ​​រៀនសូត្រ​ផងដែរ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative