កម្ពុជាបណ្តេញ ជនជាតិ​វៀតណាម ៧៧​នាក់​បន្ថែម​ទៀត​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ

ជនជាតិ​វៀតណាម ប្រុស​ស្រី​ចំនួន​៧៧នាក់ ដែលមក​ស្នាក់នៅ និង​ធ្វើការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា​ ពុំមាន​ឯកសារ​ត្រឹម​ត្រូវ​តាមផ្លូវ​ច្បាប់​នោះ ត្រូវ​បាន​សមត្ថកិច្ច​នៃអគ្គនា​យក​ដ្ឋាន​អន្តោ​ប្រវេសន៍ ធ្វើការ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ ជាផ្លូវ​ការ​និង​បញ្ជូន​ទៅ​កាន់​​ប្រទេស​ពួកគេ​វិញ កាលពី​ព្រឹកថ្ងៃ​អាទិត្យ​ទី ២៨ ខែមិថុនា​​ឆ្នាំ ២០១៥ ។ ​​​​​​

2លោក​ អ៊ុក​ហៃសិឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​នឹង​អនុវត្ត​នីតិវធី​នៃ​អគ្គ​នាយក​​ដ្ឋាន​​អន្តោ​ប្រវេសន៍​ កម្ពុជា​បាន ថ្លែង​អោយដឹង​ថា ឆ្លង​តាម​ការ​ពិនិត្យ​  និង​ស្រាវ​ជ្រាវ​យ៉ាង​ម៉ត់​ចត់ ​ចំពោះ​ជនបរទេស​ ដែល​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​នាពេល​កន្លង​ មក​គឺមាន​តែ​ជនជាតិ​វៀត​ណាម​ចំនួន​៧៧នាក់ ​ប៉ុណ្ណោះ​ដែល​ស្នាក់​នៅ និង​ធ្វើការ​នៅប្រទេស​កម្ពុជា​ពុំ​ស្របច្បាប់​។ ពួកគេ​ទាំង៧៧​នាក់​ គឺ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅតំបន់​ផ្សេងៗ​គ្នា រួម​មាន មកពី​ខេត្ត​ព្រះសីហនុ​ ខេត្ត​សៀម​រាប ​ខេត្តបាត់ដំបង ​និង រាជធានី​ ភ្នំពេញ​ នៅក្នុង​ការដ្ឋាន​សំណង់​មជ្ឈ​មណ្ឌល​កោះពេជ្រ​  រោងសិប្បកម្ម​ឈើបឹង​ត្របែក និង​សង្កាត់​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារថ្មី៣ និង​សង្កាត់​វត្តភ្នំ ។

លោកបានបន្តថា ពួកគេនឹង​ត្រូវ​បណ្តេញ​​ចេញតាម​ច្រកទ្វារ​ចំនួន២ គឺ​តាម​ច្រកទ្វារ​បាវិត និង​ច្រកទ្វារ​ក្អម​សំណរ​​។ ​​​​​​​​​​​​​

លោកបាន​រំលឹក​ថាសម្រាប់​ ៦ខែ ដើម​ឆ្នាំ២០១៥​នេះ សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន ​និង​បណ្តេញ​ចេញ​ជន​បរទេស​មក​ពី​៤១​សញ្ជាតិ ដែលបាន​លួចស្នាក់​នៅធ្វើការ​ដោយខុស​ច្បាប់គ្មាន​លិខិត​ឆ្លង​ដែន​ និង​គ្មាន​ទិដ្ឋិការ​រស់នៅដែល​បង្ក​អោយ​មាន​បាតុភាព​សង្គម​នោះបាន​ចំនួន ១២១២​នាក់ ។ ​​ដោយឡែក​បើគិតតាំង​ពីឆ្នាំ២០១៤​ រហូត​មកទល់ ខែ​មិថុនា ឆ្នាំ​២០១៥​ នេះ​ គឺ​សមត្ថកិច្ច​បាន​បណ្តេញ​​ចេញ​​ជនបរទេស​មកពី​៤៣​សញ្ជាតិ ដែលបាន​លួចស្នាក់​នៅធ្វើ​ការដោយខុស​ច្បាប់​គ្មាន​លិខិត​ឆ្លង​ដែន និង​គ្មានទិដ្ឋិការ​រស់នៅដែល​បង្ក​អោយមាន​បាតុភាព​សង្គម​នោះបាន​ចំនួន​​២៥៥៨​នាក់។ ​​​ ជាមួយ​គ្នានោះដែរ​លោក​ក៏បាន​អំពាវ​នាវដល់​ជនបរទេស​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​នូវ​ច្បាប់​នៃព្រះរាជាណាចក្រ​កម្ពុជា​ មុន​នឹង​ចូលមក​ស្នាក់​នៅនិង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ត្រូវតែ​បំពេញ​ឯកសារ​ផ្លូវច្បាប់​នានាអោយ​បានត្រឹមត្រូវ​ជាមុន​ដើម្បី​ជាប្រយោជន៍​រក្សា​បាននូវ​ស្ថេរភាព​សង្គម​ និង​មិនខាត​ពេលវេលាទាំង​អស់គ្នា ។ ​​​​​​​​​​​ជាពិសេស​ទៀត​នោះសម្រាប់​ជនបរទេស​ទាំងអស់​ដែល​ កម្ពុជា​ធ្លាប់​ធ្វើការ​បណ្តេញ​ចេញ​ជាលើកទី១​នា​ពេល​កន្លង​មកនោះ គឺមិនត្រូវ​ត្រឡប់​មករស់នៅ​និងធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយពុំបាន​បំពេញ​ឯកសារ​ផ្លូវច្បាប់​ជាមុន​បែបនេះទៀត​ឡើយ ព្រោះល្គឹក​ណាសមត្ថកិច្ច​បានរក​ឃើញ​បែប​នេះជាលើក​ទី២​ ពួកគេ​នឹង​មិនមាន​សិទ្ធិ​ចូល​ប្រទេសកម្ពុជា​តែម្តង ។​​​​​​​​​​​​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative