ក្រសួង​ទេសចរណ៍​​នឹងរៀប​ចំ Ultra​​ Mararton​​ នៅដើម​ឆ្នាំ​​២០១៦​​ខាង​​មុខ​​នេះ

ក្រសួង​ទេស​ចរណ៍​ សហការ​​ជាមួយ​ក្រុម​ហ៊ុន​​ Phonic​ Voyages​​ នឹង​រៀប​ចំ​ ព្រឹត្តិ​​ការណ៍​ Ultra​​ Marathon​ ចម្ងាយ​ ​១២០​​គីទ្បូម៉ែត្រ​​ នៅខែ​​ម​ករា ដើមឆ្នាំ​​២០១៦​​​ខាង​​មុខ​​នេះ។

1ឯកឧត្តម​​ថោង ខុន​​ រដ្ឋមន្រ្តី​​ក្រសួង​​ទេសចរណ៍​ បានថ្លែង​​ឲ្យដឹង​តាម​​​ទូរស័ព្ទ​​​នៅ​រសៀល​​ថ្ងៃទី​២៩ មិថុនា​​នេះ​ថា​ Ultra​​ marathon​​ គឺ​ជា​ព្រឹត្តិ​​ការណ៍​​អន្តរជាតិ​ ដែល​​នឹង​​ប្រារព​ធ្វើ​ទ្បើង​នៅ​​អង្គរវត្ត ក្នុង​ខេត្ត​​សៀមរាប នា​ខែ​មករា ដើម​ឆ្នាំ​​២០១៦​​ខាង​មុខ​នេះ។ នេះជា​ព្រឹត្តិ​ការណ៍​​កីទ្បា​​លំដាប់​​អន្តរជាតិ ដែលនឹង​​មានការ​​ផ្សាយ​​បន្ត​​ផ្ទាល់​តាម​​ទូរទស្សន៍​​អន្តរជាតិ ដើម្បី​​ផ្សព្វ​​ផ្សាយ​ ទៅ​ពិភព​​លោក ព្រោះ​អង្គរ​របស់​​​យើង បាន​ក្លាយ​​ជាទិស​ដៅ​​ទេសចរណ៍​​លេខ១​ក្នុង​​ពិភព​លោក​​ហើយ ហេតុនេះ​​ការ​រៀប​​ចំ​ព្រឹត្តិ​​ការណ៍​នេះ នឹងនាំ​​មកនូវ​​ផលិតផល​​ថ្មីៗ​​សម្រាប់​​ភ្ញៀវ​​ទេសចរណ៍​ ដែល​​ពួក​​គេ​មក​រត់​​កំសាន្ត​ផង និង​​អាចមក​​មើល​អង្គរផង។

ឯកឧត្តម​បាន​បន្ត​ថា​ “ការ​រៀប​ចំ​កម្ម​វិធី​នេះ ធ្វើឲ្យ​កម្ពុជា​​ចំណេញ​​ច្រើន​​ណា​ស់ ដែល​អាច​​ផ្សព្វផ្សាយ​​ពីប្រទេស​​យើង​ទៅ​កាន់​ពិភព​​​លោក និង​ធ្វើឲ្យ​​ល្បី​នៅ​ស្រុក​​យើង​ និងល្បី​​ពីប្រាសាទ​​អង្គរ​កាន់​តែ​រន្ទឺ​ថែម​ទៀត”។​ លោក​បន្ត​ថា​ “អង្គរ​​បានក្លាយ​​​ជា​ទិស​​ដៅ​​​ទេសចរណ៍​​លេខ១ នៅលើ​​ពិភពលោក​​​ហើយ​ ដូច្នេះ​​ការរៀប​ចំ​​ព្រឹត្តិ​ការ​ណ៍​​​​បែបនេះ​​ធ្វើឲ្យ​យើង​​ចំណេញ ព្រោះ​គេ​ក៏​ត្រូវ​ការ​​យើង​​ យើងក៏ត្រូវ​​ការគេ​​វិញ​ដែរ”។

ក្រសួង​ទេសចរណ៍​កម្ពុជា​​កន្លង​មក ក៏បាន​​ទទួល​ជោគ​ជ័យ​ក្នុងការ​​រៀបចំ​ព្រឹត្តិ​​​ការណ៍កីទ្បា​​ជាច្រើន​មក​ហើយ ដូចជា​​ ប្រកួត​​រត់​ពាក់​​កណ្តាល​​ម៉ារ៉ា​តុង និងការ​រត់​ Full Maraton​ ​នៅតំបន់​​អង្គរ ក្នុង​ខេត្ត​​សៀមរាប។

បើតាមឯក​​ឧត្តម ថោង ខុន​​ បានឲ្យដឹង​​ថា រហូតមក​​ទល់ពេលនេះ​​មាន​អ្នក​ចុះ​​​ឈ្មោះចូល​រួម​ក្នុង​ព្រឹត្តិការណ៍​​នេះចំនួន​​ជាង​៣០០​នាក់​​ហើយ។

លោកហូ វណ្ឌី​​ សហប្រធាន​​ក្រុមការងារ​​វិស័យ​​ទេសចរណ៍​​បាន​ថ្លែង​ថា នេះ​ជា​​​​ការលក់​​កញ្ចប់​​ទេសចរណ៍​​មួយ ដែល​ភ្ញៀវ​ទេស​​ចរណ៍​​មិនត្រឹម​តែ​មក​​ចូលរួម​​ព្រឹត្តិ​ការណ៍​​កីទ្បា​នោះ​​ទេ តែពួកគាត់​​នឹងទិញ​សេវា​កម្ម​ផ្សេងៗ​​ទៀត ដែល​កម្ពុជា​​មាន​ផង​​​ដែរ។លោកបន្ត​​ថា កម្ពុជា​​នឹងចំណេញ​​សេវាកម្ម​​ចំនួន៥ ដែល​ភ្ញៀវ​​ទេ​សចរណ៍​​ត្រូវ​ការ​​ដូច​ជា ការដឹក​​ជញ្ជូន​ ដល់អ្នក​​ផ្តល់​​សេវា​ សណ្ឋា​​គារ ភោជ​នីយ​ដ្ឋាន ជាដើម។

លោកបន្ត​ថា ទេសចរណ៍ ​​និងកីទ្បា​​គឺតភ្ជាប់​គ្នា​ទៅវិញ​ទៅ​មក ពេលក្រុម​​កីទ្បា​ទៅ​ដល់​ទីណា មាន​អ្នកគាំទ្រ​​ពួកគេ​​ទៅ​ដល់ទី​នោះ​ ដែលពួក​គេ​ត្រូវការ​កន្លែង​ស្នាក់​​នៅ​ ​ហូបចុក និងសេវាកម្ម​​ផ្សេងៗ​ទៀត”។​ លោកបន្ថែម​​ថា “កីទ្បា​​ និង​ទេស​ចរណ៍ ពិត​​ជា​មិនអាច​​កាត់ផ្តាច់​ពី​គ្នា​បាន​នោះទេ”។ 

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative