ជំងឺ​រាគ​​រូស ​​ជា​​មូល​ហេតុ​​ចំ​បង​​ទី​២ ​បណ្តាល​​ឲ្យ​​កុមារ​​កម្ពុជា​​ស្លាប់

ជំងឺ​រាគ​​រូស​​ គឺ​ជា​​មូល​ហេតុ​​ចំ​បង​​ទី២​ ដែល​​បណ្តាល​​ឲ្យ​​កុមារ​​កម្ពុជា​​អាយុ​​ក្រោម​៥ឆ្នាំ​​ស្លាប់​​ ហើយ​​កង្វះ​​វីតា​មីន ​​និង​​ជាតិ​​រ៉ែ​ដោយ​សារ​តែ​ជំងឺ​រាគ​​បាន​ធ្វើ​​ឲ្យ​​កម្ពុជា​ខាត​បង់​​GDP​ ប្រចាំ​ឆ្នាំ​​ប្រហែល​១៤៦លាន​​ដុល្លា​​អា​មេរិក។

2យោង​តាម​​របាយ​ការណ៍​​របស់​​អង្គ​ការ​​យូ​នី​​សេ​ហ្វ ​​បាន​​ដឹង​ថា​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​ប្រជាពល​រដ្ឋ ​រស់​នៅ​​ជនបទ​​ចំនួន​ ៥០ ភាគ​រយ​​មិនមាន​​ទឹកស្អាត​​សម្រាប់​​ផឹក​ឡើយ​ ហើយ​​មាន​​ប្រជា​ពលរដ្ឋ​ជាង ​៨ ​លាន​​នាក់​ នៅ​​តំបន់​​ជនបទ​ ឬ​ស្មើ​នឹង​ ៦៦ ភាគ​រយ​មិន​បាន​​ទទួល​​សេវា​​អនាម័យ។​  រីឯ​កា​រ​បន្ទោបង់​​ពាស​វាល​​ពាស​កាល ​គឺជា​​ការ​​អនុវត្ដ​​ជា​ទម្លាប់​​ធម្មតា​​របស់​​កុមារ​ ហើយ​​មាន​សាលា​រៀន​​ចំនួន​ ២២ ​ភាគរយ ​ដែល​​មិនមាន​​បង្គន់​​ប្រើ​ប្រាស់​។​ សូម្បី​តែ​​នៅ​តាម​​សាលា ​បឋម​សិក្សា​​ដែល​មាន​​បង្គន់​ប្រមាណ​ជា៣០ ភាគរយ មិនមាន​ដំណើរការ​ឡើយ។ នៅក្នុង​កាលៈទេសៈ​ទាំងនេះ កុមា​រតែង​ប្រឈម​ទៅនឹង​ជំងឺឆ្លង​នានា។

របាយ​ការណ៍ ​បាន​បញ្ចាក់​ថា​កុមារ​​ដែល​​ឈឺ​ មិន​អាច​​ស្រូប​យក​​សារ​ធាតុ​ចិញ្ចឹម​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​​ឡើយ។ ​កង្វះ​អាហា​រូបត្ថម្ភ​​នាំ​ឱ្យ​មាន​​ការ​អភិវឌ្ឍ​​ផ្នែក​​ចំណេះ​ដឹង​ និង​​លទ្ធ​ផល​​សិក្សា​​ខ្សោយ​ ហើយ​​កុមារ​​ងាយ​​នឹង​​រៀន​​ត្រួត ​ថ្នាក់​ ឬ​បោះបង់​ចោល​កា​រសិក្សា​​តែម្ដង​។​ ពួក​គេ​មិ​ន​សូវ​មាន​​លទ្ធ​ភាព​​បំពេញ​ការងារ ​មាន​​ផលិត​ភាព​ទាប ​ហើយ​​រក​ចំណូល​បាន​​តិច​​នៅពេល​ក្លាយ​ជា​​មនុស្ស​ពេញវ័យ​។ ​នេះ​​គឺ​ជា​​ បន្ទុក​​សេដ្ឋកិច្ច​​ដ៏​ធ្ងន់ធ្ងរ​​មួយ​​មក​លើ​​ប្រព័ន្ធ​​សុខា​ភិបាល​​របស់​​ប្រទេស​​កម្ពុជា​ ដោយ​សារ​តែ​បញ្ហា​​សុខភាព​​កុមារ​ និង​​ជំងឺ​រ៉ាំ​រ៉ៃ​​របស់​​មនុស្ស​ពេញវ័យ”។​ បញ្ហា​នេះ​​ក៏​បន្ទច់​បង្អាក់​​ដល់​​ការ​អភិវឌ្ឍ​​របស់​​ប្រទេស​​កម្ពុជា​​ផងដែរ ដោយ​សារ​​វា​ធ្វើ​ឱ្យ​​ប្រទេស​​នេះ​មិន​មាន​​ប្រជាជន​​ដែល​មាន​សុខភាព​ល្អ និង​​មានកា​រ​​អភិវឌ្ឍ​​ផ្នែក​​ចំណេះ​ដឹង​រាប់​​ជំនាន់​ទៅ​មុខ​ទៀត​។

ដើម្បី​​បំបែក​​វដ្ដ​​នៃ​​ការ​ឆ្លង​​ជំងឺ ​និង​​កង្វះ​​អាហា​រូបត្ថម្ភ​ យូ​នី​​សេ​ហ្វ​​សូម​​អំពាវ​នាវ​​ឱ្យ​មាន​​ការ​ពង្រឹង​​កិច្ច​សហ​ប្រតិ​បត្ដិការ ​រវាង​ក្រសួង​​អភិវឌ្ឍន៍​ជនបទ​ សុខា​ភិបាល​ អប់រំ​ កសិកម្ម​ ធនធាន​ទឹក​ និង​​រដ្ឋាភិ​បាល​​នៅ​​ថ្នាក់​ក្រោម​​ជាតិ ​ដើម្បី​​អាច​​ដោះ​ស្រាយ​ស្ថាន​ភាព​​នេះ​​តាម​​បែប​ផែន​​ក្ដោប​​រួម​លើ​​គ្រប់​​ទិដ្ឋភាព​​ទាំងអស់​​របស់​វា​។

យោង​​តាម​​លទ្ឋ​ផល​​អង្កេត​​ថ្នាក់​​ជាតិ ​​បឋម​​របស់​​វិទ្យា​​ស្ថាន​​ជាតិ​​ស្ថិតិ​​នៃ​ក្រ​សួ​ង​​ផែន​ការ ​​ដែល​​ធ្វើ​ជា​​មួយ​​ប្រ​ជា​ព​ល​​រដ្ឋ​​ចំនួន​១៦,​៣៥​៦​​គ្រួ​សារ​​ នៅ​​ទូ​ទាំង​​ប្រ​​ទេស​​បាន​​ចេញ​​កា​ល​​ពី​ពេល​​ថ្មីៗ​​នេះ​​បា​ន​​​បង្ហាញ​​ថា​​ អត្រា​មរណៈ​​របស់​​ទារក​​ទើប​​នឹង​​កើត​​ បាន​កាត់​​បន្ថយ​​ពី​២៨​​នាក់​​ក្នុង​​ឆ្នាំ​២០​០៥​​ មក​​នៅ​​ត្រឹ​ម​​២៧​​នាក់​​នៅ​ឆ្នាំ​​២០​១០​ និង​​ធ្លា​ក់​​ចុះ​​ម​​ក​​នៅ​​ត្រឹម​​១៨​នាក់​​ក្នុ​ង​​ឆ្នាំ​​២០​១៤ ​​ក្នុង​ចំ​ណោម​ ​១០០​០​កំ​ណើត​​រស់។​ ​អត្រា​ម​រណៈ​រ​បស់​​កុ​មា​រ​អាយុ​​ក្រោម​១​ឆ្នាំ​​បាន​កាត់​​បន្ថយ​​ពី​៦៥​នាក់​​នៅ​ ​ឆ្នាំ​​២០​០៥​​ ម​ក​​នៅ​​ត្រឹ​​ម​៤៥​នា​ក់​​នៅ​ឆ្នាំ​​២០​១០​​ និង​​ធ្លាក់​ចុះ​​មក​​នៅ​ត្រឹម​​២៨​នាក់​​ក្នុង​ចំ​ណោម​​១០០​០​​កំ​ណើត​​រស់​។ ​ អត្រា​ម​រណៈ​​របស់​កុមារ​ ​អាយុ​​ក្រោម​៥​ឆ្នាំ​​បាន​ធ្លាក់​​ចុះពី​​៨៣​​នាក់​​នៅ​​ឆ្នាំ​​២០​០៥​​  មក​​នៅ​​ត្រឹម​​៤៥​នាក់​​នៅ​ឆ្នាំ​​២​០​១០​ ​ និង​​ធ្លាក់​ចុះ​​មក​​នៅ​​ត្រឹ​ម​​៣៥​​នាក់​​នៅ​​ឆ្នាំ​​២០​១៤​ ក្នុង​​ចំ​ណោម​​១០​០០​​កំ​ណើ​​ត​រស់​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមិថុនា​ ឆ្នាំ២០១៥

Google Analytics Alternative