ក្រសួងសុខាភិបាល កោះ​ប្រជុំ​មន្រ្តី​អន្តរ​ក្រសួង ដើម្បី​ពិនិត្យ​មើល​សេចក្តី​ព្រាងច្បាប់​​គ្រឿង​ស្រវឹង

ក្នុងគោលដៅ​កាត់បន្ថយ​ការប្រើ​ប្រាស់ និង​កាត់បន្ថយ​ការផ្សព្វ​ផ្សាយ​ពាណិជ្ជ​​កម្ម គ្រឿង​ស្រវឹង ក្រសួង​សុខាភិបាល​ បាន​កោះប្រជុំ​មន្រ្តី​អន្តរ​ក្រសួង ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ច្បាប់​ស្តី​ពីគ្រឿង​ស្រវឹង ដែល​ជាច្បាប់​ថ្មីមួយនៅ​កម្ពុជា​ ក្នុង​ពេល​ដែល​​កម្ពុជាត្រូវ​បានគេ​ចាត់​​ទុក​ជា​ឋាន​សួគ៌នៃ​ការផ្សព្វផ្សាយ​គ្រឿងស្រវឹង។

09លោកវេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បាន​ថ្លែងឲ្យ​គេហ​ទំព័រ​សុខភាព​កម្ពុជា​ ដឹងកាល​ពីដើម​សប្តាហ៍​នេះថា ក្រសួ​ង​កំពុង​កោះប្រជុំ​​អន្តរ​​ក្រសួង ដើម្បី​ពិភាក្សា​​អំពី​​សេចក្តី​ព្រាង​ច្បាប់នេះ ​ បន្ទាប់​ពីទទួ​ល​​បាន​សិទ្ឋិ​​ប្រទាន​​ពី​​សម្តេច​ តេជោ​ហ៊ុន សែន​ នា​យ​ក​រដ្ឋមន្រ្តី​នៃរាជរដ្ឋាភិ​បាល​កម្ពុជា​​។  លោក​បន្ត​ថា​ ​ក្រសួង​រំពឹង​ថា​​សេចក្តី​​ព្រាង​ច្បាប់​​នេះ នឹង​ដាក់​​ឆ្លង​គណៈរដ្ឋ​​មន្រ្តី​នៅ​​ពេ​ល​​ឆាប់​ៗនេះ​ ហើយនឹង​ទទួល​បាន​ការ​​អនុម័ត​ពី​រដ្ឋសភាព​នៅឆ្នាំ​​២០១៦​​​ខា​ង​មុខ។

លោកបន្តថា​ “ច្បាប់នេះ​ហាមយុវជន​អាយុក្រោម​២១ឆ្នាំ មិន​ឲ្យទិញ​​ឬផឹក​​គ្រឿង​ស្រវឹង ព្រោះវ័យ​​នេះ​ជា​ពេល​វេលាលូត​លាស់ខាង​ជីវសាស្រ្ត​ និងរូបរាង​កាយ​​ល្អ​បំ​ផុត​”។ លោកបន្ត​ថា “ទាក់​ទងការ​ផ្សាយ​ពាណិជ្ជកម្ម​ សេចក្តី​ព្រាងច្បាប់​នេះ​​មិន​ទាន់កំណត់​ថាបិទ​ ឬយ៉ាងណា​​នៅទ្បើយ​ទេ យើង​នឹង​ពិភាក្សា​ជាមួយ​មន្រ្តី​​អន្តរ​ក្រ​សួង​​ថា​គួរ​ផ្សាយ​ក្នុង​​កម្រិត​​ប៉ុណ្ណា​ទើប​សម​ស្រប ព្រោះ​​សារពី​ក្រុមហ៊ុន​ស្រាបៀរ​​ផ្សព្វផ្សាយ​សព្វថ្ងៃ​ជាសារ​ខុស ព្រោះវា​មិនដែល​ផឹកស្រា​​ធ្វើឲ្យ​មាន​សុខភាព​ល្អ​​នោះ​ទេ។​ ឲ្យតែផឹក​វានឹងធ្វើ​ឲ្យ​វិល​វល់ និងបាត់​បង់ស្មារតី​តិច​ឬច្រើន អាស្រ័យ​​តាម​ចំណុះ​នៃ​អ្នក​ទទួលទាន”។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ដើម្បី​ចលនា​សុខភាព​កម្ពុជា​បាន​ថ្លែង​​ថា យើង​កំពុង​ជំរុញ​ឲ្យមាន​ច្បាប់គ្រឿង​ស្រវឹង​ និង​ដាច់ចេញ​វិធានការណ៍​៤ចំណុ​ច​​តាម​អនុ​សាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ទី១ តំទ្បើង​ពន្ឋស្រា​ដើម្បី​កាត់​​បន្ថយ​ចំនួន​អ្នកប្រើ​ប្រាស់ ហើយ​រដ្ឋាភិបាល​បានចំណូល​ពន្ឋកាន់​តែច្រើន ទី២​ ហាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់រូប​ភាព​ ទី៣​ ទាក់​ទង​នឹង​កន្លែង​លក់គឺ​កំណត់​កន្លែង​លក់​ឲ្យ​បានជាក់​លាក់ និង​ទី៤ កំណត់​អាយុអ្នក​ទិញនិង​អ្នកផឹក។

លោកបន្តថា​ “ការផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​នៅកម្ពុជា បាន​ធ្វើឲ្យ​ចំនួន​អ្នកផឹក​កើនទ្បើង​យ៉ាងគំ​ហុក ពិសេស​លើកុមារ​ យុវជន​ និងស្រ្តី​”។ លោកបន្ត​ថា “ការ​កើន​ទ្បើងនូវ​ចំនួនអ្នកផឹក​ស្រា​ឬស្រា​បៀរ បង្ក​ឲ្យមាន​ផលវិ​បាក​ចំនួន៤យ៉ាង​ ដូចជា​ ទី១​ ជំងឺ​កើនទ្បើង​កាន់តែច្រើន​ ទី២​ បង្ក​គ្រោះថ្នាក់​ចរាចរ ទី៣​ បង្កឲ្យមាន​អំពើ​ហឹង្សា​និងសណ្តាប់​ធ្នាប់​សង្គម និង​ទី៤​ ធ្វើឲ្យ​ខាត​បង់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ ព្រមទាំង​ប៉ះពាល់​ដល់មោទនភាព​ជាតិ ព្រោះក្រុមហ៊ុន​ទាំងនោះ​យក​បេតិក​​ភ័ណ្ឌ​ជាតិ​ទៅ​ដាក់​ជាមួយស្រាបៀរ​របស់ខ្លួន”។

​ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃក្រុមហ៊ុន​ផលិតស្រាបៀរ​ក្នុងស្រុក​មួយ ដែល​បាន​និយា​យ​ក្នុង​លក្ខខណ្ឌ​​មិន​បញ្ចេញ​ឈ្មោះ​ បាន​សម្តែង​ការព្រួយ​បារម្ភពី​ច្បាប់​នេះ ដោយ​លោក​បានថ្លែង​ថា ច្បាប់​គ្រឿង​ស្រវឹង​គឺជាការ​បារម្ភ​មួយ ព្រោះវានឹង​ធ្វើឲ្យការ​លក់​របស់​យើង​ធ្លាក់​ចុះ ក្នុង​ពេលដែល​យើងកំពុង​ប្រកួត​ប្រជែង​ ជាមួយ​ផលិត​ផល​ល្បីៗ​​នាំចូល​ពីបរទេស​។​ លោក​បន្តថា​ ទោះជា​យ៉ាង​ណា​យើង​ចាំតែ​អនុវត្តន៍​តាមច្បាប់​​របស់រដ្ឋ​កំណត់​មក តែ​យើង​ត្រូវការ​ពេលវេលា​មួយចំនួន​ទៀត ដើម្បី​កសាង​ម៉ាក​​ផលិត​ផល​របស់​យើង​សិន ដើម្បី​ឲ្យ​ផលិតផល​ក្នុងស្រុក មានកំលាំង​ប្រកួត​ប្រជែង​​ជាមួយ​ផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស។

លោកបន្តថា​ “គេ​និយាយថា​ប្រជាជន​កម្ពុជា ផឹកស្រាបៀរ​ច្រើន​ តែតាម​ការ​សិក្សា​​បានរក​ឃើញថា​ ប្រជាជន​ នៅ​ប្រទេស​ជិត​ខាង​​ម្នាក់ផឹក​ចំនួន៥០លីត្រ​​ក្នុង​មួយ​ឆ្នាំ តែប្រជាជន​​កម្ពុជា​​យើងផឹក​ចំនួន​២៨លីត្រ​ប៉ុណ្ណោះក្នុង​មួយឆ្នាំ”។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative