ម៉ាស៊ីនវាស់កម្រិត​ត្រចៀក​មកដល់​កម្ពុជាឆ្នាំ​២០០០

នៅពេល​បច្ចុប្បន្ន វិទ្យាសាស្ដ្រ​មានការ​រីក​ចម្រើន​គ្រប់បែប​យ៉ាង។ ឧបករណ៍​ទំនើប​ជាច្រើន​ត្រូវបាន​បង្កើតទ្បើង​ដើម្បីបំពេញ​តម្រូវការ​របស់​មនុស្ស។ ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន​ជម្ងឺ និងព្យាបាល​ជម្ងឺ ឧបករណ៍​សុខាភិបាល​ជាច្រើន​ត្រូវបាន​បង្កើតជា ជំនួយ​ដល់​គ្រូពេទ្យ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាការ​ស្វែងយល់​អំពី​ឧបករណ៍​សុខាភិបាល។ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកឧបករណ៍​អេទ្បិចត្រូនិច​វាស់ កម្រិត​ត្រចៀក ឬម៉ាស៊ីន​វាស់កម្រិត​ត្រចៀក​ទំនើបមួយ​យកមក​បង្ហាញ។

ម៉ាស៊ីនវាស់​កម្រិត​ត្រចៀក ជាអ្វី?

ម៉ាស៊ីនវាស់​កម្រិត​ត្រចៀក គឺជាម៉ាស៊ីន​ដែលប្រើ​ដោយប្រព័ន្ធ​រលក​សម្លេង និងថតយក​រូបភាព​នៃជម្ងឺ​ផ្សេងៗ​នៃត្រចៀក។ ម៉ាស៊ីន​នេះប្រើ​សម្រាប់វាស់​រលក​សម្លេង និងឱ្យ​ដឹងពីជម្ងឺ​ផ្សេងៗ​របស់​ត្រចៀក។ ម៉ាស៊ីននេះ​មកដល់​កម្ពុជាក្នុង​អំទ្បុងឆ្នាំ​២០០០។

ម៉ាស៊ីនវាស់​ត្រចៀកពីរ​ប្រភេទ​ត្រូវបាន​ប្រើប្រាស់​ជាមូលដ្ឋាន គឺម៉ាស៊ីន​វាស់​សម្លេង​ត្រចៀក និងម៉ាស៊ីន​វាស់សម្ពាធ។

គុណប្រយោជន៍នៃ​ម៉ាស៊ីនវាស់​ត្រចៀក

ម៉ាស៊ីនវាស់​កម្រិត​ត្រចៀក​ត្រូវបាន​ប្រើប្រាស់ ដើម្បីជា​ប្រយោជន៍​ក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ​ផ្នែកសោត​វិញ្ញាណ។ ការវិវឌ្ឍន៍ ផ្សេងៗ​នៃដំណាក់​កាលជម្ងឺ​ត្រចៀក ទីតាំង​នៃជម្ងឺ​ត្រចៀក​នៅត្រង់​ត្រចៀកក្រៅ ត្រចៀក​កណ្ដាល ឬត្រចៀកក្នុង និងការ​ប្រែប្រួល ពណ៌របស់​ក្រដាស​ត្រចៀក ត្រូវបាន​ដឹងដោយ​ម៉ាស៊ីនវាស់​កម្រិត​ត្រចៀក។

ម៉ាស៊ីនវាស់​សម្លេង​ត្រចៀក (Audiometer) ប្រើសម្រាប់​វាស់សម្លេង​សុទ្ធ។ ម៉ាស៊ីន​នេះវាស់​កម្រិតទាប​បំផុតដែល មនុស្សយើង​ស្ដាប់ឮ​ទៅតាម​ប្រេកង់​នីមួយៗ។ ធម្មតាគេ​វាស់ត្រង់​ចន្លោះ២៥០ ទៅ៨០០ហឺត។ លទ្ធផល​ក្រោយពី​វាស់អាច​បោះពុម្ភ ឬ ឱ្យរូបភាព​ចេញជា​ក្រាហ្វិច។ ការវាស់​នេះមានពីរ​បែប​ផ្សេងគ្នា គឺការវាស់​កម្រិតស្ដាប់ឮ​ដោយការ​ចម្លងតាម​ខ្យល់ និងការ​ស្ដាប់ឮ ដោយការ​ចម្លងតាម​កូនឆ្អឺង។ ម៉ាស៊ីនវាស់​សម្លេងត្រចៀក​មានប្រយោជន៍​ដូចជា ៖

– ផ្ដល់ឱ្យដឹងថា​អ្នកជម្ងឺ​មានការ​ស្ដាប់ឮ​ធម្មតា ឬថយចុះ។ វាបង្ហាញ​ជាក្រាហ្វិច​ច្បាស់លាស់​ពីកម្រិត​ស្ដាប់ឮ។

– ផ្ដល់លក្ខណៈ​ពិសេសដែល​អាចឱ្យដឹង​ពីរោគវិនិច្ឆ័យ​នៃជម្ងឺ​ត្រចៀក ដូចជាជម្ងឺ​តាមវ័យ ជម្ងឺរឹងកូន​ឆ្អឹងជាដើម។

– ផ្ដល់នូវ​លទ្ធផល​ដែលអាច​ប្រើប្រាស់​សម្រាប់បញ្ចូល​ទិន្នន័យឱ្យ​ឧបករណ៍​ជួយស្ដាប់​ចំពោះ​អ្នកថ្លង់។

– បង្ហាញពី​កន្លែងប៉ះពាល់​នៃប្រភេទជម្ងឺ​ដែលបណ្ដាល​ឱ្យថ្លង់។

ម៉ាស៊ីនវាស់សម្ពាធ​ត្រចៀក (Tympanometer) ប្រើសម្រាប់​វិភាគត្រចៀក​កណ្ដាលដែល​អាចប្រាប់​ឱ្យដឹងអំពី ៖

– ការបំពេញមុខងាររបស់​ក្រដាស​ត្រចៀក និងចលនា​រចនាសម្ព័ន្ធ​របស់ត្រចៀក​កណ្ដាល។

– ម៉ាស៊ីននេះផ្ដល់តួលេខ​ច្បាស់លាស់​នូវសម្ពាធ​របស់ត្រចៀក​កណ្ដាល

– បង្ហាញយ៉ាងច្បាស់ពីមុខងារ​របស់បំពង់​រក្សាសម្លេង​ដែលតភ្ជាប់​ត្រចៀក​កណ្ដាល ទៅផ្នែកខាង​ក្រោយ​នៃច្រមុះ។

– ម៉ាស៊ីននេះបង្ហាញ​ក្រាហ្វិច​នៃចលនា​កូនឆ្អឺង​ត្រចៀក​កណ្ដាល។ ក្នុងកូនឆ្អឹង​ត្រចៀក​កណ្ដាល មានកូនឆ្អឺង​៣ដែលកូន​ឆ្អឺង នេះមាន​សន្លាក់បន្ដគ្នា សម្រាប់ទទួល​សម្លេងបន្ដ​ពីក្រដាស​ត្រចៀក​ទៅដល់​ត្រចៀកក្នុង។

– ម៉ាស៊ីននេះអាចបង្ហាញពីទឹកដែល​ដក់ក្នុង​ត្រចៀក​កណ្ដាល។

– បង្ហាញពីក្រាហ្វិចនៃការបាក់ ឫផ្លាត់របស់​កូនឆ្អឺង​ត្រចៀក​កណ្ដាល ដែលបណ្ដាល​មកពី​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​គ្រោះថ្នាក់ ចរាចរណ៍​ជាដើម។

– បង្ហាញពីភាពរឹង​នៃកូនឆ្អឹង​ត្រចៀកកណ្ដាល​ដែលមាន​ជម្ងឺក្នុង​ត្រចៀក។

រូបភាពទស្សនាវដ្តីសុខភាពយើង

គួរវាស់ត្រ​ចៀកនៅ​ពេលណា?

នៅពេលលោកអ្នក​មានអាការ​ហ៊ឹងត្រចៀក​ពិបាកស្ដាប់ មានការ​ប្រែប្រួល​ខុសពីមុន ដូចជា​កម្រិត​នៃការស្ដាប់​ឮថយចុះ មានសម្លេង​ខ្ទ័រក្នុង​ត្រចៀក មានជម្ងឺ​អំបៅ​អំបែក​យូរឆ្នាំ មានឈាម ឬខ្ទុះហូរចេញ​ពីត្រចៀក មុន និងក្រោយពេល​ការវះ​កាត់ និងវាស់ ដើម្បីតាម​ដានក្រោយ​ការព្យាបាល។ ចំពោះ​លោកអ្នក​ដែលមិន​មានបញ្ហា​កម្រិតនៃ​ការស្ដាប់ តែមាន​បញ្ហាត្រចៀក ដូចជា​ឈឺត្រចៀក តឹងណែន​ក្នុងត្រចៀក​ជាដើម ក៏ត្រូវពិនិត្យ​ត្រចៀកដោយ​ម៉ាស៊ីនវាស់​កម្រិត​ត្រចៀកដែរ។ នៅពេល​ដែលលោកអ្នក​ធ្វើការ​នៅកន្លែង ដែលមាន​សម្លេងអ៊ូអរ ដូចជា​ក្នុងរោងចក្រ សហគ្រាស រោងសិប្បកម្ម​ជាដើម លោកអ្នក​ដែលចូលចិត្ដ​ប្រើកាស​ស្ដាប់ត្រចៀក លោក អ្នកដែល​មានវ័យលើស​ពី៤៥ឆ្នាំទ្បើងទៅ គួរឧស្សាហ៍​វាស់កម្រិត​ត្រចៀក ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បាន។

ម៉ាស៊ីនវាស់​កម្រិត​ត្រចៀក​ប្រើបាន​ចំពោះក្មេង​ចាប់ពីអាយុ​៦ឆ្នាំទើ្បង​ទៅដល់​វ័យចាស់ ដោយមិន​កំណត់ទើ្បយ។ ការវាស់ ដោយ​ម៉ាស៊ីនមិន​ប៉ះពាល់​ត្រចៀក​ទៅពេល​ក្រោយទេ។ មិនមែន​គ្រប់ជម្ងឺ​ត្រចៀក​ទាំងអស់សុទ្ធ​តែត្រូវពិនិត្យ​ដោយម៉ាស៊ីន​នេះនោះទេ ។ ជម្ងឺត្រចៀក​ខ្លះពុំចាំបាច់​ត្រូវការ​វាស់ទើ្បយ។ ការវាស់​ត្រូវធ្វើទ្បើង​ទៅតាម​ប្រភេទជម្ងឺ។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែលលោក​អ្នកមាន​បញ្ហា​ត្រចៀក ឬការស្ដាប់​ឮចុះថយ គួរតែ​ទៅរក​គ្រូពេទ្យ​ជំនាញដើម្បី​ពិនិត្យ និងព្យាបាល​ឱ្យ បានត្រឹមត្រូវ។ សូមកុំ​ព្យាយាម​ទុកជម្ងឺ​ត្រចៀក​ដែលស្រាល​ឱ្យក្លាយជា​ជម្ងឺរ៉ាំរ៉ៃ​ដែលពិបាក​ក្នុងការ​ព្យាបាល អាចបណ្ដាល​ឱ្យមាន​គ្រោះ ថ្នាក់ដល់​ថ្លង់បាន។ សូមកុំ​ព្យាយាម​ឆ្កឹះឆ្កៀល​ត្រចៀក​ដោយខ្លួនឯង ឬឆ្កឹះឱ្យ​អ្នកដទៃ វាជា​ទង្វើដែល​នាំឱ្យមាន​គ្រោះថ្នាក់​ខូចត្រចៀក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative