ណាហ្គាវើល​ បេះដូង​សប្បុ​រស​ ដាំកូន​ឈើដើម្បី​កែលម្អ​បរិស្ថាន​នៅក្នុង​សាលា​រៀន

ណាហ្គាវើល​ បេះដូង​សប្បុរស​ កាលពី​ពេលថ្មីៗ​នេះ បាន​នាំយក​កូនឈើ ចំនួន​២០០ដើម ទៅ​ដាំនៅ​ក្នុងបរិវេណ​សាលា​ បឋម​សិក្សា​គោក​បញ្ជាន់​ ក្នុងសង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើន​ការយល់​ដឹងក្នុង​ចំណោម​សិស្សា​នុសិស្ស​ស្តីពីសារ​សំខាន់នៃ​ការថែទាំ​បរិស្ថានដែល​ពួកគេកំពុង​រស់នៅ​ជាមួយ។

4លោក James Ma​ នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក និងការ​ងារ​សង្គម​ណាហ្គាវើល​ បានមាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ ណាហ្គា​វើល​ បានផ្តួចផ្តើម​បង្កើតកម្ម​វិធី​បរិស្ថាន​ដើម្បី​អប់រំ និង​បង្កើត​ការយល់​ដឹងក្នុង​ចំណោម​ក្មេងជំនាន់​ក្រោយ ស្តីពី​សារសំខាន់​នៃបញ្ហា​បរិស្ថាន​។ លោកបានបន្ត​ថា « ថ្ងៃ​នេះយើង​ដាំកូន​ឈើដើម្បី​ចូលរួម​ចំណែក​នូវកិច្ចខិត​ខំប្រឹងប្រែង​របស់យើង​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​បរិស្ថាន​។ កម្មវិធីដាំ​កូនឈើ​នឹងមិន​ត្រឹមតែ​ជួយកាត់​បន្ថយ​បញ្ហាការ​ប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​នោះ​ទេ ថែមទាំង​ជួយផ្តល់​ជាម្លប់​សម្រាប់​សិស្សានុសិស្ស​នៅ​ពេល​​ថ្ងៃក្តៅ និងជួយ​ធ្វើឱ្យមាន​សោភ័ណភាព​នៅក្នុង​បរិវេណ​សាលារៀន​ទៀតផង​»។

លោកបាន​រំលឹក​ថា តាមរយៈ​កម្មវិធី​បរិស្ថាន​របស់យើង មក​ទល់ពេល​នេះយើង​បានដាំកូន​ឈើបាន​ជាង ១,២០០ ​ដើមរួច​ហើយ​នៅតាម​បណ្តា​សាលារៀន​ផ្សេងៗ​។ បន្ថែមពីលើ​នេះទៀត យើង​មានផែន​ការដាំកូន​ឈើចំនួន​ ២,០២០ ដើម​ នៅចុង​ឆ្នាំនេះ​។”

លោក Devid Tye​ ប្រធាន​វិស្វករ​ ណាហ្គាវើល​ ដែលបាន​ចូលរួម​ក្នុងកម្មវិធី​នេះបាន​មានប្រសាសន៍​ថា «ខ្ញុំមាន​មោទនភាព​ណាស់ចំពោះ​ក្រុមហ៊ុន​របស់ខ្ញុំ ដែល​បានធ្វើ​សកម្មភាព​ការងារ​សង្គម​។ ខ្ញុំសប្បាយ​ចិត្តក្នុងការ​ចូលរួមក្នុង​សកម្មភាព​ការងារ​សង្គម​របស់​ក្រុមហ៊ុន​របស់ខ្ញុំ​ដែលចូលរួម​ចំណែក​ក្នុងសង្គម​។ ដើមឈើនឹង​មិនត្រឹមតែ​ជួយកាត់​បន្ថយផល​ប៉ះពាល់​នៃការបំពុល​ខ្យល់ទៅ​លើ​សុខភាព​របស់កុមារ​ប៉ុណ្ណោះ​នោះទេ ថែមទាំង​ជូយកាត់​បន្ថយការ​ឡើងកំដៅ​សីតុណ្ហភាព​ទៀតផង​។ យើងសង្ឃឹម​ថា គ្រប់គ្នា​នឹងខិតខំ​ទោះបន្តិច​បន្តួចក្តី​ដើម្បីចូល​រួមការពារ​មាតាធម្មជាតិ​របស់យើង​។ ជាពិសេស​ខ្ញុំមាន​សេចក្តី​ត្រេកអរ​ណាស់ដែល​ឃើញក្មេងៗ​ចេះយកចិត្ត​ទុកដាក់ថែទាំ​បរិស្ថាន»។

លោក សំ សុផល​ នាយករង​សាលាបឋម​សិក្សាគោក​បញ្ជាន់​មានប្រសាសន៍​ថា «នេះជា​លើកទីពីរ​ហើយដែល​ក្រុមហ៊ុន​ ណាហ្គាវើល​ បាននាំយក​កូនឈើមក​ដាំនៅក្នុង​សាលារបស់​យើង។ សកម្មភាព​ដាំ​កូន​ឈើ​​របស់​ក្រុមហ៊ុន​ ណាហ្គាវើល​ ធ្វើ​ឱ្យសាលា​របស់ខ្ញុំ​ប្រែក្លាយជា​ពណ៌បៃតង និង​មានភាព​ស្រស់ស្អាត​។ ម្យ៉ាងវិញ​ទៀត បុគ្គលិក​ ណាហ្គាវើល​ បានបណ្តុះ​គំនិត​កុមារ​ឲ្យចេះ​ស្រឡាញ់​បរិស្ថាន ស្គាល់​នូវតម្លៃ​ដើមឈើ និង​ចេះកែលម្អ​បរិវេណ​សាលា​រៀនរបស់​ពួកគេ»។ លោកបាន​បន្តថា​ក្រុមហ៊ុន​ ណាហ្គា​វើល មិនត្រឹម​តែបានដាំ​កូនឈើនៅ​ក្នុងសាលា​របស់យើង​ប៉ុណ្ណោះនោះ​ទេ ថែមទាំង​បានផ្តល់ការ​បណ្តុះ​បណ្តាល​កីឡាវាយកូន​បាល់ ដល់​សិស្សានុសិស្ស​របស់យើង​ទៀតផង​។ លោកបាន​បន្ថែម​ថាយើងនឹង​យកចិត្តទុក​ដាក់ថែ​ទាំកូនឈើ​ទាំងនេះ​ឱ្យបានល្អ​ដើម្បីផ្តល់​បរិយាកាស​សិក្សាល្អ​ប្រសើរមួយ​សម្រាប់​សិស្សានុសិស្ស។

តំណាងឱ្យ​សិស្សានុ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​« ខ្ញុំសូម​អរគុណ​ដល់ក្រុមហ៊ុន​ណាហ្គាវើល​ និង​បុគ្គលិក​ទាំងអស់​ដែលបាន​ចំណាយ​ថវិកា​ និងពេលវេលា​របស់​ពួកគេ​ដើម្បី​ជួយដល់​សាលា​របស់យើង​។ ខ្ញុំសង្ឃឹម​ថា ពួកគេ​នឹងនៅតែ​បន្តចូល​រួមចំណែក​សកម្មភាព​របស់ពួក​គេនៅក្នុង​សាលារៀន​របស់យើង​ទៀត»។

 សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative