អង្គការ​សុខភាព​ពិភពលោក​ ប្រគល់​វិញ្ញាបនបត្រ​​ទទួល​ស្គាល់​ការ​បំបាត់​​ជំងឺ​កញ្ជ្រឹល​​ទាំងស្រុង​នៅកម្ពុជា

អង្គការ​សុខភាព​ពិភពលោក​​ បាន​ប្រគល់​វិញ្ញាបន​បត្រ​​ទទួល​ស្គាល់​​ ការបំបាត់​​ជំងឺ​កញ្ជ្រឹល​​ទាំងស្រុង​ ​នៅកម្ពុជា​ដែល​ពិធីប្រគល់​ និង​ទទួល​នេះបាន​ប្រព្រឹត្ត​ទៅ កាល​រសៀល​​ថ្ងៃទី​ ២៥​ មិថុនា ២០១៥​ នៅទីស្តីការ​​ក្រសួង​សុខាភិបាល​​ ក្រោម​អធិប​តី​ភាព​ លោកស្រី​ ម៉ែន សំអន​ ឧបនាយក​រដ្ឋមន្ត្រី​ និងជា​​រដ្ឋមន្ត្រី​ក្រសួង​​ទំនាក់​ទនង​ជាមួយ​​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការ​​កិច្ច​ លោក​វេជ្ជបណ្ឌិត​​ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល​ និង​​លោក​ Shin Young-Soo​ នាយក​អង្គការ​​សុខភាព​ពិភព​លោក​ ប្រចាំតំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​​ខាងលិច។

2លោក​ Shin Young-Soo​ បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​៦​​ ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច​ ក្នុងកា​រ​​សម្រេច​​បាន​​ នូវ​កា​រលុប​បំបាត់​ជំងឺ​កញ្ជ្រឹល​ និង​ជា​ប្រទេស​​មួយ​ដែល​​មានប្រាក់​ចំណូល​ទាប​តែ​មួយ​គត់​​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ព្រមទាំង​​ជាប្រទេស​មួយក្នុង​ចំណោម​ប្រទេស​​៦២​ក្នុង​ពិភពលោក​​ដែលសម្រេច​បាន​ការ​​លុបបំបាត់​ជំងឺ​កញ្រ្ជឹល​ទាំងស្រុង​ ដែល​ជាជំងឺ​ដ៏កាច​សាហាវ​​មួយនៅលើ​ពិភពលោក​។

លោកវេជ្ជបណ្ឌិត​ លោក​​ម៉ម ប៊ុនហេង​ បានមាន​ប្រសាសន៍​ថា ក្រសួង​សុខា​ភិបាល​កម្ពុជា​ បាន​ចាប់​ផ្ដើម​​ប្រយុទ្ធ​នឹងជំងឺ​កញ្រ្ជឹល​​ចាប់តាំង​ពីឆ្នាំ​១៩៨៦​ ដោយ​បាន​​ផ្ដល់ថ្នាំ​បង្ការ​ដល់​កុមារ​​អាយុក្រោម​​១ឆ្នាំ​ទូទាំង​ប្រទេស​ និង​បាន​បន្ត​ផ្ដល់​​ថ្នាំបង្ការ​ដល់កុមារ​​ចាប់ពី​អាយុ៦ខែ​ ដល់៥ឆ្នាំ​​ ។ ចាប់តាំង​ពីឆ្នាំ​២០១១​ មក​ អស់រយៈ​ពេល​បីឆ្នាំ​កម្ពុជា​រកមិន​ឃើញមាន​ជំងឺ​កញ្ច្រឹល​​ទៀតទេ​ ដូចនេះ​គណកម្មការ​​ជាតិត្រួត​ពិនិត្យ​​ជំងឺ​កញ្រ្ជឹល​​បានធ្វើ​របាយការណ៍​ដាក់ជូន​​ គណកម្មការ​វាយ​តម្លៃ​នៃ​អង្គការ​​សុខភាព​ពិភពលោក​ ហើយ​គណកម្មការ​​វាយតម្លៃ​របស់​អង្គការ​​សុខភាព​ពិភពលោក​​ ក៏បានប្រជុំ​និងសម្រេច​ទទួល​ស្គាល​ជាផ្លូវការ​​ថា កម្ពុជា​បានបំ​បាត់ជំងឺ​កញ្ជ្រឹល​​ទាំងស្រុង​ក្នុងឆ្នាំ២០១៥​​នេះ។

លោកស្រី ម៉ែន សំអន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយរដ្ឋ​សភា​ ព្រឹទ្ធសភា​ និង​អធិការ​​កិច្ច​ បានមាន​ប្រសាសន៍​ដែរថា​ ក្នុងរយៈ​ពេល៣០ឆ្នាំ​មកនេះ​ យើងទាំង​អស់គ្នា​ បាន​រួមកម្លាំង​​គ្នាកសាង​ប្រទេស​ឡើងវិញ​ លើគ្រប់​វិស័យ​ ដែលមាន​កា​ររីកដុះ​ដាល​​នៅ​​ទូទាំង​ប្រទេស ក្នុងនោះ​ក៏មានវិស័យ​​សុខាភិបាល​​ដែលជា​វិស័យ​ អាទិភាព​មួយយ៉ាង​សំខាន់ ដែល​រាជរដ្ឋា​ភិបាល​​​បានយក​ចិត្ត​ទុក​ដាក់​ត្រូវ​បានអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស គួរឱ្យ​កត់សម្គាល់​ ទាំង​ការ​ស្ដារ​ និង​​ពង្រឹង​សមត្ថភាព​​ស្ថាប័ន​​ ការ​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​​ដែល​បាន​ឆ្លើយ​តបទៅនឹង​​តម្រូវការ​​ផ្នែកសុខភាព​​ជាសារវ័ន្ត​របស់​ប្រជាពលរដ្ឋ​​​ទូទាំង​ប្រទេស ។

លោកស្រីបន្តថា​ រហូត​មកដល់​ពេលនេះ​ ស្ថានភាព​​ទូទៅនៃ​សុខភាព​​របស់​ប្រជាជន​​យើងត្រូវបាន​​ប្រសើរ​ឡើង​ជាបន្ត​បន្ទាប់​ នៅ​គ្រប់មជ្ឈ​ដ្ឋាន តាំង​ពីថ្នាក់កណ្ដាល​ទីប្រជុំ​ជន​ធំៗរហូត​ដល់​ជន​បទ ហើយយើង​មាន​មន្ទីរ​ពេទ្យ​​ មានមណ្ឌល​សុខភាព​​ ប៉ុស្តិ៍​សុខភាព​​សម្រាប់​ផ្ដល់​សេវា​ជូន​ប្រជាជន​​យើង។ លោកជំទាវ​​ក៏បានថ្លែង​អំណរគុណ​ដល់​អង្គការ​​សុខភាព​ពិភពលោក​ប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ ដែល​បាន​ទទួល​​ស្គាល់​ជា​ផ្លូវការ​ ពីជោគជ័យ​ និងបានផ្ដល់​នូវវិញ្ញាបន​បត្រ​ទទួលស្គាល់​ការ​បំបាត់​​ជំងឺ​​កញ្ជ្រឹល​​ទាំង​ស្រុង​​នៅព្រះ​រាជាណាចក្រ​កម្ពុជា ដល់រាជ​រដ្ឋាភិបាល​កម្ពុជា​នាពេលនេះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative