ឧកញ៉ា​គួច ម៉េងលី​​ គ្រោងសង់​មន្ទីរពេទ្យ​កំពស់​១០ជាន់​ផ្តោត​​លើ​កុមារ​ និងស្រ្តី​

ក្នុងគោលដៅ​ផ្តល់សេវាថែរ​ទាំព្យាបាល ​ប្រកប​ដោយ​គុណភាព​ និង​ស្រប​តាម​​ស្តង់ដា​អន្តរជាតិ​ លោក​ឧកញ៉ា​ គួច ម៉េងលី ​ចាង​ហ្វាង​ និងជា​នាយក​សាលា​ និងវិទ្យា​​ស្ថាន​អន្តរទ្វីប​អាមេរិកាំង​ គ្រោងសង់​អាគារ​មន្ទីរពេទ្យ​ចំនួន១០​ជាន់​ នៅតាម​បណ្តោ​យ​មហា វិថីម៉ៅសេទុង​ នាពេលឆាប់ៗនេះ។

1ថ្លែងក្នុង​សន្និសីទ​សារព៌តមាន​ កាលពីថ្ងៃ​ទី២៤​ មិថុនា​ កន្លង​មកលោក​ គួច ម៉េងលី​ បានឲ្យដឹង​ថា​ មន្ទីរពេទ្យ​នេះនឹង​មាន​កំពស់​១០ជាន់​ ដែលនឹង​ផ្តោតលើការ​​ព្យា​បា​ល​កុមារ​ និងស្រ្តី​កម្ពុជា​ប្រកប​ដោយក្រម​សីលធ៌ម​​វិជ្ជាជីវៈ​ និង​ស្តង់ដា​​អន្តរ​ជាតិ​ ដូច​នៅបរទេស​។ លោកបន្តថា​ នៅបរទេស​ ពេល​ណា​​មាន​សាលា​ ឬសាកល​វិទ្យា​ល័យ​ គេតែង​មាន​ Campus​ របស់គេ​ ដែល​មាន​សេវាកម្ម​ចម្រុះ​ដូចជាកង់ទីន​ ភោជ​នីយដ្ឋាន​ បណ្ណាគារ​ ហាង​កាហ្វេ​ និង​មន្ទីរពេទ្យ​ ដើម្បីបំរើ​សេវា​វេជ្ជសាស្រ្ត​ដល់​សិស្ស​ ឬនិស្សិត​សិក្សា​នៅសាលា​នោះ។

លោកបន្តថា​ “មូលហេតុ​ដែលលោក​សាងសង់​មន្ទីរពេទ្យ​នៅតំបន់នេះ​ ដោយ​សារជា​តំបន់​ដែលមាន​តង់ស៊ីតេ​ប្រជាជន​រស់​នៅ​ច្រើន​ និង​ជាតំបន់​មិនទាន់​មានមន្ទីរ​​ពេទ្យ​ ដែលអាច​ផ្តល់សេវា​ថែរទាំ​ប្រកបដោយ​វិជ្ជាជីវៈ​ ក្រម​សីលធ៌ម​ និង​ប្រកប​​ដោយស្តង់ដា​អន្តរជាតិ​នៅទ្បើយ”។ លោក​បន្តថា​ “មន្ទីរពេទ្យ​នេះនឹងផ្តល់​​សេវា​ថែរទាំ​ព្យាបាល​ប្រកប​ដោយគុណភាព​ និង​មានស្តង់​​ដាអន្តរជាតិ​ដូចនៅ​​ប្រទេស​ជឿនលឿន​នានាផងដែរ​”។

លោកឧកញ៉ា​ គួច ម៉េងលី​ ក៏ជាវេជ្ជ​បណ្ឌិត​មួយរូប​ ដែលបាន​បញ្ចប់​ថ្នាក់​ អនុ​បណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​នៅ​សហរដ្ឋ​អាមេរិក​ និង​ជាអតីតៈ​អ្នកធ្វើ​ការងារ​​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅកម្ពុជា​ និងជា​សាស្រ្តា​ចារ្យ​បង្រៀន​នៅ​សាកលវិទ្យា​ល័យ​​បញ្ញា​សា​ស្រ្ត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative