អគ្គនាយក​ដ្ឋាន​​ពន្ធនាគារ​​ ហាម​មិន​​ឲ្យ​សង្សារ​បង ​ឬប្អូនធម៌​ និង​មិត្ត​​ភក្ដិ​សួរ​សុខ​ទុក្ខ​អ្នក​ទោសគ្រឿងញៀនទៀតទេ

អគ្គនាយកដ្ឋាន​​ពន្ធនាគារ​​ បានលើក​ឡើងថា​ ចាប់ពី​ពេលនេះ​តទៅ​ យើងហាម​មិនឲ្យ​សង្សារ​ បងឬ​​ប្អូនធម៌​ និង​មិត្ត​ភក្ដិ​​ ទៅ​​សួរ​សុខ​ទុក្ខ​​អ្នកទោស​ក្នុង​ករណី​គ្រឿង​ញៀន​ នៅ​ក្នុង​ពន្ធនាគារ​ទេ​ដើម្បី​បញ្ចៀស​​ការ​ចរាចរ​​គ្រឿងញៀន​​ក្នុង​ពន្ធនា​គារ​។​

2លោកគឹម ប៊ុនសន​ បានមាន​ប្រសាសន៍​បែបនេះ​ កាលពី​ថ្ងៃ​ទី​​២៣​ ខែ​មិថុនា​ នៅ​ក្នុង​ពិធី​​ផ្លាស់ប្ដូរ​​សំលៀក​បំពាក់​ និង​បំពាក់​​ឋានន្តរសក្តិ​​ ដល់​មន្ត្រី​​ពន្ធនា​គារ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​បានបន្តថា​ ការ​ហាម​ប្រាម​ដូច្នេះ​ គឺ​សំដៅ​​បញ្ចៀស​​ការ​ចរាចរ​​គ្រឿង​ញៀន​ នៅក្នុង​​ពន្ធនាគារ​​នីមួយៗ​ ព្រោះថា​ កន្លងមក​​ការ​ចរាចរ​​គ្រឿង​ញៀន​​ បាន​កើត​​ឡើង​ជា​ញឹក​ញាប់​ ទៅ​ដល់ដៃ​​អ្នកទោស​ ​តាមរយៈ​​ការ​បង្កប់​​គ្រឿង​ញៀន​​ជា​មួយ​ និង​​ម្ហូបអាហារ​ និង​​សំភារៈ​​ប្រើប្រាស់​ ​តាមរយៈ​ អ្នក​មក​​សួរសុខ​ទុក្ខ​ ដូច​បាន​​លើក​ឡើង​​ខាងលើ​ ឬ​តាម​រយៈ​​រថយន្ត​​តាក់ស៊ី។

លោកបាន​បន្ថែមថា​ «ការ​ហាម​​នេះ​មិន​បាន​សំដៅ​​ទៅលើ​​បងប្អូន​ ឪពុក​​ម្តាយ​ ជីដូន​​ជីតា​ ប្តី​ ឬ​ប្រពន្ធ​​កូន​ អ្នក​ជាប់​ឃុំ​​លើ​​ករណី​​ប្រើប្រាស់​​ជួញដូរ​​គ្រឿងញៀន​​ឡើយ»។

ក្រៅពី​​ការងារ​​ហាមឃាត់​​ខាង​លើ​នេះ​​ លោក​ គឹម ប៊ុនសន​ ​ក៏បាន​ឲ្យ​មន្ត្រី​​ពន្ធនាគារ​​ អនុវត្ត​ត្រួត​ពិនិត្យ​ជាដាច់ខាត​​ កុំ​ឲ្យ​មាន​​អ្នកទោស​​ប្រើប្រាស់​​ទូរស័ព្ទ​​ចល័ត​ ដែល​ការ​ប្រើ​​ទូរស័ព្ទ​​ចល័ត​​នេះ​ ​វា​ប៉ះពាល់​​ជា​ខ្លាំង​​ដល់​សន្តិសុខ​​ សណ្ដាប់​ធ្នាប់​ក្នុង​​ពន្ធនាគារ​។

ជា​មួយ​នឹង​ការ​​ហាម​ឃាត់​​ លោក​ក៏​បាន​លើក​​សរសើរ​​ដល់​​ប្រធាន​ អនុប្រធាន​ មន្ត្រី​​ពន្ធនាគារ​ ​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​​បាន​​ខិតខំ​​អប់រំ​​កែប្រែ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ ដល់​អ្នក​ជាប់​ឃុំ​ឃាំង​ ឲ្យ​មាន​​ចំណេះ​ដឹង​ទាំង​​ផ្នែក​ពុទ្ធចក្រ​ និង​​អាណាចក្រ។

លោក​ ហ៊ិន សុផល​ ប្រធាន​​ពន្ធនាគារ​ ​ខេត្ត​បន្ទាយ​មានជ័យ​​ បាន​លើក​​ទ្បើង​ថា​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​អ្នក​ជាប់​ឃុំ​​សរុប​​៩២៣​​នាក់​ ស្ត្រី​​៩៧​នាក់​​ ហើយ​ក្នុង​ចំណោម​​នេះ​​មាន​អ្នក​​ជាប់ឃុំ​​ទាក់ទង​ ​និង​បទល្មើស​​គ្រឿងញៀន​​មាន​ដល់​​ ទៅ​៦០​ភាគរយ​ឯណោះ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative