ទារិកា​ទី១​​ កើត​ចេញពី​​បច្ចេកទេស​​បង្ក​កំណើត​ ​ក្នុង​កែវ​​ដំបូង​​គេ​បង្អស់​​នៅ​កម្ពុជា​​ សម្រាល​​ពី​ផ្ទៃ​​ម្តាយ​​ដោយ​​ជោគ​ជ័យ ​

នេះ​គឺជា​លើក​ដំបូង​​ហើយ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ​ដែលមាន​ទារក​​កើតចេញ​ពី​បច្ចេកវិទ្យា​​បង្ក​កំណើត​​ក្នុង​កែវ​​ ឬ​បង្ក​​កំណើត​​ក្រៅ​ស្បូន​​​ដែល​​សំរាល​ពី​ផ្ទៃ​ម្តាយ​​ប្រកបដោយ​​ជោគជ័យ​​ និង​មាន​សុខភាព​ល្អ។​

5គូ​ស្វាមីភរិយា​ ​មួយគូរ​នេះបាន​​ជ្រើស​រើស​ យក​​បច្ចេក​ទេស​​បង្ក​កំណើត​​ក្នុង​កែវ​​នេះ​ នៅ​​ឡា​បូ​​ របស់​​មន្ទីរ​សម្រាក​​ព្យាបាល​​កម្ពុជា​​ ​ដែលមាន​​ទីតាំង​​ស្ថិត​នៅ​ផ្ទះ​​លេខ៣១​ សង្កាត់​​ផ្សារ​ថ្មី៣​ ខណ្ឌ​ដូនពេញ​​ រាជ​ធានី​​ភ្នំពេញ​ (ជាប់​របង​​ខាងជើង​​សាលា​បឋមសិក្សា​​ដូនពេញ​) ​ដែលជា​ឡា​បូ ​បង្ក​​កំណើត​​ក្នុង​កែវ​​ដំបូង​​គេ​​នៅ​កម្ពុជា​​ដែល​បាន​ទទួល​ការ​គាំទ្រ​​ និង​ជឿ​ជាក់​​ពី​សំណាក់​​ប្រជាជន​​ក្នុងស្រុក​ ​និង​ភ្ញៀវ​​ប​រទេស​​សម្រាប់​​អ្នក​លំបាក​​មានកូន​។ ព្រោះថា​​មន្ទីរ​​ព្យាបាល​​ នេះ​មាន​អ្នក​ជំនាញ​​កម្ពុជា​​ដែល​បញ្ចប់​​ការសិក្សា​​ពី​បរទេស​ ​និង​អ្នកឯក​ទេស​​បង្ក​កំណើត​​ជា​បរទេស​។ លោកអ្នក​​អាចធ្វើ​ការ​ទំនាក់​ទំនង​​បាន​​តាមរយៈ​ ទូរស័ព្ទ​​ទំនាក់​ទំនង​ (០២៣)​ ២២២២ ៩៥​ ឬ ​(០១៧) ៥៧៥៧ ៩៤​។​

គូ​ស្វាមី​ភរិយា​​ដំបូង​​គេ១គូ​ ​បានបង្ហាញ​​នូវ​អារម្មណ៍​​រំភើប​​ឥតឧប្បមា​នៅពេលដែល​​ពួកគាត់​មានកូន​ដូច​បំណង​តាម​រយៈ​​បច្ចេកវិទ្យា​​ទំនើប​​ចុងក្រោយ​​នៅ​កម្ពុជា​ គឺ​ការបង្ក​កំណើត​​កូន​ក្នុង​​កែវ​​ពួកគាត់​​ទើប​សម្រាល​​បានកូន​​ស្រី​គួរ​​ឲ្យ​ស្រឡាញ់​​ម្នាក់ ដោយ​​ជោគជ័យ​ កាលពី​ថ្ងៃ​ទី០៧​ ខែមិថុនា​។

គូ​ស្វាមី​ភរិយា​ ដែល​ទើប​​ទទួល​កូន​​លើកដំបូង​​តាមរយៈ​​បច្ចេកវិទ្យា​ បង្ក​​កំណើត​​ក្រៅ​ស្បូន​​នោះ​ គឺ​ លោក ញ៉ុ​ក ម៉េ​ត​ អាយុ​៤៦ឆ្នាំ​ ជា​មន្ត្រី​​នៃ​មន្ទីរ​​សុខា​ភិបាល​ ខេត្ត​​កំពង់សោម​ ផ្នែក​​ជំងឺឆ្លង​​ដែលមាន​​ភរិយា​​ឈ្មោះ​​បេង ចាន់​រី​ អាយុ​៣៣ឆ្នាំ​​រស់នៅ​ ក្រុម៣​ ភូមិ​​ព្រះសីហនុ​ សង្កាត់​​លេខ៣​ ក្រុង​ព្រះសីហនុ ​ហើយ​​ទារិការ​​ជាទី​ស្រលាញ់​​នោះ​ឈ្មោះថា​ ង៉ែត មាស​មុន្នី​រ័ត្ន​​​ មានឈ្មោះ​​ហៅ​ក្រៅ​ថា​ Natalie​ ដែល​ទើប​នឹង​កើត​​ជាង១​សប្តាហ៍​ ប្រកប​ដោយ​សុខ​ភាព​​ល្អ​។​

ជាមួយ​នឹង​ទឹក​មុខ​រីករាយ​ អ្នកស្រី​ បេង ចាន់​រី​ ដែល​ទើប​ទទួល​​បានកូន​​បាន​រំលឹក​ថា គាត់​​បាន​រៀបការ​៦ឆ្នាំ​​ហើយ​តែ​អត់​​មានកូន​ ទោះជា​​ព្យាយាម​​គ្រប់​​មធ្យោបាយ​​ក៏ដោយ​ ហើយ​គាត់​​ធ្លាប់​ទៅ​​ប្រទេស​វៀតណាម​ ចំនួន៥ដង​ និង​ស្វែង​រក​ការ​ព្យាបាល​ ក្នុងស្រុក​​ដោយ​​ចំណាយ​លុយ​អស់​ជា​ច្រើន តែ​​មិនបាន​​ជោគជ័យ​។ ប៉ុន្តែ​នៅ​​ចុងឆ្នាំ២០១៤​ គាត់​​ និង​​ស្វាមី​​ បានមក​​ពិនិត្យ​ ​និង​​ប្រឹក្សា​​យោបល់​​ជាមួយ​​វេជ្ជបណ្ឌិត​​ឯកទេស​​ខាង​លំបាក​​មាន​កូន​​នៅ​មន្ទីរ​​សម្រាក​​ព្យាបាល​​កម្ពុជា​ ហើយ​សំរេច​ចិត្ត​​ទទួល​យក​​ជម្រើស​​ការបង្ក​កំណើត​​ក្នុង​កែវ​​ នៅ​ខែកញ្ញា​ ឆ្នាំ២០១៤។ ទីបំផុត​​តាមរយៈ​​បច្ចេកវិទ្យា​​ទំនើប តែមួយ​គត់​នៅ​កម្ពុជា​ ឥ​ឡូ​នេះ​​ពួកគាត់​​ទទួលបាន​កូនស្រី​ គួរ​ជាទី​ស្រឡាញ់​ ​និង​មាន​សុខភាព​ល្អ។

អ្នកស្រី​បញ្ជាក់​ទៀតថា​ «ខ្ញុំ​ពិតជា​​មាន​សេចក្តី​​រីករាយ​​ឥតឧប្បមា​ និង​គ្មានអ្វី​ប្រៀប​ផ្ទឹម​​បានឡើយ​ នៅ​ពេល​ដែល​​ទទួល​កូន​​ដូច​បំណង​ ហើយ​​សម្រាល​​ប្រកប​ដោយ​ជោគជ័យ​​បែបនេះ។ រូបគេ​(កូន​ទើប​នឹង​កើត)​ ជា​ក្តីសង្ឃឹម​ ដែលជា​ក្តី​​ស្រមៃ​របស់​​ពួក​ខ្ញុំ​អស់​​ជាច្រើន​ឆ្នាំ​​មកហើយ »។

ចំណែក​លោក​ ញ៉ុ​ក ម៉េ​ត​ ដែលជា​ឳ​ពុក​​ក៏មាន​អារម្មណ៍​​មិន​ខុស​ពី​ភរិយា​របស់​ខ្លួន​ប៉ុន្មាន​​ឡើយ ដោយ​​លោក​បាន​មាន​ប្រសាសន៍ថា​«ខ្ញុំ​ពិតជា​​មានចិត្ត​​សប្បាយរីករាយ​​មែនទែន​​នៅពេល​​ប្រទេស​កម្ពុជា​​យើង​មាន​​បច្ចេកទេស​​បង្ក​កំណើត​​ក្នុង​កែវ​ដំបូង​​គេ​នេះ​ ដែល​ស្មើនឹង​​ប្រទេស​​គេ​ជឿនលឿន​​នៅ​ប៉ែក​​អ៊ឺរ៉ុប​ ហើយ​ពិសេស​នោះ​ គឺ​ជោគជ័យ​នៅ​លើ​គ្រួសារ​​របស់ខ្ញុំ​​តែម្តង​ ដែល​កូនស្រី​ខ្ញុំ​ជា​​កូន​ដំបូង​​គេ​បង្អស់​​របស់​កម្ពុជា​»។ មន្ត្រី​របស់​​មន្ទីរ​​សុខា​ភិបាល​​រូបនេះ ​​​បាន​បន្តទៀតថា​ «តម្លៃ​នៃ​​ការព្យាបាល​​នៅ​មន្ទីរ​​សម្រាក​​ព្យាបាល​​កម្ពុជា​​មិន​ត្រឹមតែ​​មានតម្លៃ​​សមរម្យ​​ជាង​បរទេស​​ប៉ុណ្ណោះ​ទេ​ គឺ​​ចំ​ណេញ​​ទាំង​ពេលវេលា​ ​និង​មាន​​ភាពងាយ​ស្រួល​​ទៀតផង​ ដោយ​យើង​​មិនចាំបាច់​​ចេញទៅ​​បរទេស​​នាំ​តែ​​ហត់​ទេ​ គឺ​កម្ពុ​ជា​មាន​បច្ចេកវិទ្យា​​ដូច​​បរទេស​អីចឹង​។ បើ​គូ​ភរិយា​ស្វាមី​ ដែលមាន​លទ្ធភាព​​ហើយ​ចង់​បាន​កូន​ដូច​​បំណង​នោះ​​គួរ​អញ្ជើញ​​ទៅ​ពិគ្រោះ​​នៅ​មន្ទីរ​សម្រាក​​កម្ពុជា​ ដើម្បី​​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​យ៉ាង​ជាក់លាក់​ និង​ទទួល​បាន​ជម្រើស​​នៃ​ការព្យាបាល​​ត្រឹមត្រូវ​ ហើយ​ចំពោះ​​ខ្ញុំ ខ្ញុំ​ជឿជាក់​​លើ​បច្ចេក​វិទ្យា​នេះ​ ហើយ​កូន​ស្រី​ទើប​​កើត​នេះ​ពិត​ជា​កូន​របស់​ខ្ញុំ​​ពិតប្រាកដ»។

គួរ​រំលឹក​ដែរ​ថា​ ទារក​ដំបូង​​គេ​របស់​​ពិភពលោក​​ដែល​កើតចេញ​ពី​ការបង្ករ​​កំណើត​ក្នុង​​កែវ​​ឈ្មោះ​ Louise Brown​ កើត​ថ្ងៃទី២៥ ​ខែកក្កដា​ ឆ្នាំ​១៩៧៨ ​នៅ​​ប្រទេស​​អង់គ្លេស។

លោក​ ហោ សំណាង ​ស្ថាបនិក​ និង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ មន្ទីរ​សម្រាក​​ព្យាបាល​​កម្ពុជា​ ដែល​បាន​អញ្ជើញ​​ទៅ​សាកសួរ​សុខ​ទុក្ខ​គូ​ស្វាមី​​ដំបូង​គេ​​ដែល​ទើប​​សម្រាល​ និង​ទទួល​បាន​កូន​ដូច​បំណង​​នោះបាន​មាន​ប្រសាសន៍ថា​ រូបលោ​ក ក៏ដូចជា​លោក​ស្រី​វេជ្ជបណ្ឌិត សុខ ទៀង​ និង​បុគ្គលិក​​បម្រើ​​ការ​ងារ​​​ក្នុង​មន្ទីរ​​សម្រាក​ព្យាបាល​​កម្ពុជា​ មាន​ក្តីរំភើប​​សប្បាយ​រីករាយ​​នៅពេលដែល​​ឃើញ​គូ​ស្វាមី​ភរិយា​ដំបូង​​គេ​ដែល​​សម្រាល​​បានកូន​​ដ៏​ស្រស់ស្អាត​ មាន​​សុខ​ភាពល្អ ​និង​ពិសេស​​នោះ​ឃើញ​​ស្នាមញញឹម​​របស់​គូ​ស្វាមី​ភរិយា​​ទាំង២​ និង​ក្រុមគ្រួសារ​។ លោក​បាន​បន្ត​ឱ្យដឹងថា​ ចាប់ពី​ពេលនេះ​ទៅ​ទារក​​ដែល​កើត​ពី​​បច្ចេក​វិទ្យា​​បង្ក​កំណើត​​ក្នុង​កែវ​ និង​ប្រសូត្រ​​ជា​បន្តបន្ទាប់​ នេះ​ជា​ក្តី​រីករាយ​សម្រាប់​​គ្រួសារ​ដែល​​បាន​ជួប​បញ្ហា​លំបាក​មាន​កូន និង​សង្គម​​កម្ពុជា​ទាំងមូល។

លោក​ ហោ​ សំណាង​ ​បានឱ្យដឹងថា​​បច្ចេកវិទ្យា​​បង្ក​កំណើត​​ក្នុង​កែវ​​ ឬ​បង្ក​កំណើត​​ក្រៅ​ស្បូន​​នេះ​គឺ​សម្រាប់​​ជួយ​អ្នក​ដែល​​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​​មិន​អាចមាន​​បុត្រ​តាម​​ធម្មជាតិ​ ដូចជា​ស្ត្រី​អត់​ដៃ​ស្បូន​​ទាំងសង​ខាង​ដៃ​ស្បូន​​ទាំងសងខាង​ស្ទះ​ បុរស​មាន​​មេជី​វិត​ខ្សោយ​ខ្លាំង។

ទាក់ទង​​នឹង​បច្ចេកទេស​ និង​ការព្យា​បាល​នោះ​  លោកស្រី​វេ​ជ្ជ​បណ្ឌិត​ ​ស៊ាន សុខ​ទៀង​ និង​​លោក​បណ្ឌិត​​Neil R. Stoddard ​បានឱ្យដឹងថា​​អ្នក​ដែល​​ជួប​​ការ​លំបាក​ធ្ងន់ធ្ងរ​​មិនអាច​មាន​កូន​តាម​​ធម្ម​ជាតិ​ តម្រូវឱ្យ​បូម​​ពង​ញី ​ចេញមកក្រៅ​យក​ទៅបង្កាត់​ជា​មួយ​ មេ​ជី​វិត​​របស់​ប្តី​ បានជា​កោសិកា​​កូន​ ទើប​​យកទៅ​ដាក់​ក្នុង​ស្បូន​​ម្តាយ​វិញ​។ ចំណែក​​អ្នក​មិនមាន​កូន​​តែ​ការលំបាក​​តិចតួច​ ឬ​ស្រាល​​ដូចជា​ ​មេជី​វិត​​​ឈ្មោល​ខ្សោយ​​​មធ្យម​​​គេ​គ្រាន់​​តែ​រែង​​​មេជី​វិត​​​រួច​បាញ់​​​បញ្ចូល​​​ក្នុង​ស្បូន​​គឺអាច​​មាន​កូន​តាម​​​ធម្ម​ជាតិ​​ រីឯ​ស្ត្រី​ខ្លះ​​រដូវ​មិន​ទៀង​​ ឬ​មាន​កើតរោគ​​ស្ត្រី​មួយចំនួន​​គ្រាន់តែ​​ព្យាបាល​​ឱ្យ​រដូវ​ទៀង​វិញ​​នឹង​អាច​មាន​លទ្ធភាព​​មានកូន​តាម​​លក្ខណៈ​​ធម្ម​ជាតិ​ហើយ​។ ជម្រើស​នៃ​ការ​ព្យាបាល​ គឺ​អាស្រ័យ​​តាម​មូលហេតុ​​នៃ​ការលំបាក​។ តាម​លក្ខណៈ​​បច្ចេកទេស​ គឺ​ត្រូវ​រក​មូល​ហេតុ​ឱ្យ​ បាន​ច្បាស់​មុន​នឹង​កំណត់​​ជម្រើស​ព្យាបាល​។ សូម​គូសបញ្ជាក់​ថា​ការលំបាក​​មានកូន​គ្រប់​ កម្រិត​​ទាំងអស់​​គឺមាន​​ដំណោះ​ស្រាយ​ហើយ​​នៅពេលនេះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative