រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ ​ចុះពិនិត្យ​ម៉ាស៊ីនស្កែន​កំដៅ​​នៅ​​​​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុន​ហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អបដំណើរ​ដោយ​ អគ្គនាយកដ្ឋាន​បច្ចេក​​ទេស​​សុខាភិ​បាល​ ព្រម​ទាំង​មន្ត្រី​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​ និង​ជំងឺឆ្លង​ កាល​ពីព្រឹក​ថ្ងៃទី២៣​ ខែ​មិថុនា​ ឆ្នាំ២០១៥​ បាន​ចុះពិនិត្យ​ការងារ​របស់​មន្រ្តី​​ចត្តាឡីស័ក​ និង​ពិនិត្យ​មើល​ម៉ាស៊ីនស្កែក​កំដៅ​​ នៅ​តាម​ច្រក​អន្តរជាតិ​ ដែល​​​​បាន​ដាក់​ឲ្យ​ត្រួត​ពិនិត្យ​​អ្នក​ដំណើរ​ឆ្លងកាត់​ ដើម្បី​តាមដាន​ និង​ទប់​ស្កាត់​ការចម្លង​​ជម្ងឺផ្លូវ​ដង្ហើម​មជ្ឈឹមបូព៌ា(​Mers)។

2លោក​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ​​បាន​ថ្លែង​ទៅ​កាន់​​​អ្នក​​សារព័ត៌​មាន​​ បន្ទាប់​ពីបញ្ចប់​​​សកម្ម​ភាព​ត្រួត​ពិនិត្យ​​​ ថា​លោកបាន​​​ធ្វើការ​ណែនាំ​ឲ្យមន្ត្រី​ ដែល​​នៅ​​ប្រ​ចាំនៅ​ច្រកទ្វារ​អា​កាស​​​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ឲ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ធ្វើ​ការ​តាម​ដាន​​​កំដៅ​ខ្លួន​នៃ​អ្នក​​ដំណើរ​ដែលឆ្លង​កាត់​ម៉ាស៊ីម​ស្គេន​កំដៅ​ និង​បំពេញ​​ទម្រង់​ប្រកា​សុខ​ភាព​​ឲ្យបាន​ជាប់ជា​ប្រចាំ​ ជាពិសេស​សម្រាប់​អ្នកដំណើរ​ដែល​មកពី​មជ្ឈឹមបូព៌ា​ និងមក​ពីប្រទេស​​កូរ៉េ​​ខាងត្បូង​ ដែល​កំពុង​​ផ្ទុះជំងឺ​មើសនេះ​។

លោកបាន​បញ្ជាក់​ថា មក​ទល់ពេល​នេះ​ ថ្វីត្បិត​តែ​ប្រទេស​​ក​ម្ពុជា​ ពុំទាន់​​មាន​​ករណី​ជំងឺ​ Mers​​ កើតមាន​ឡើងក៏ដោយ​ ក៏ក្រសួង​សុខាភិបាល​កម្ពុជា​ កំពុង​តែយក​ចិត្តទុក​​ដាក់​ខ្ពស់​បំផុត​លើការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​មើសនេះ​ មកក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ ដោយដាក់​មន្ត្រី​សុខាភិបាល​ចត្តា​ឡីស័ក​ទៅ​ត្រួត​ពិនិត្យ​តាម​ដាន​ករណី​ជំងឺឆ្លង​នៅអាកាស​យាន្តដ្ឋាន​អន្តរជាតិ​ក្នំពេញ​ និង​សៀមរាប​ ព្រមទាំងបាន​ដាក់​ម៉ាស៊ីន​សម្រាប់​ត្រួតពិនិត្យ​កំដៅ​ និង​​មាន​ការត្រួត​ពិនិត្យ​អ្នកដំណើរ​នៅតាម​ច្រកចេញ​ ចូល​ប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យ​ និង​​ច្រកបាវិត​ នៃ​ខេត្តស្វាយ​រៀងផង​ដែរ។

តាមសេចក្តី​​ប្រកាសព័ត៌មាន​​បាន​បញ្ជាក់​ដែរថា​ ទម្រង់​បែបបទ​សម្រាប់​ផ្តល់ព័ត៌មាន​​សុខភាព​​របស់​អ្នកដំណើរ​ត្រូវដាក់​ឲ្យអនុវត្ត​ឡើងវិញ​ផងដែរ​ សម្រាប់​គ្រប់អ្នក​ដំណើរ​ចេញចូល​​តាម​ច្រក​អន្តរជាតិ​ ដូចបាន​ជម្រាប​ជូនខាង​លើនេះ​។ បន្ថែម​លើវិធានការ​ត្រួតពិនិត្យ​តាមច្រក​​អាកាស​​យានដ្ឋាន​អន្តរជាតិ​ទាំងពីរ​ និងច្រកចេញ​ចូលសំខាន់​ពីរទៀតនៅ​ខេត្តបន្ទាយ​មានជ័យ​ និង​ស្វាយរៀង​នោះ​ ក្រសួង​សុខាភិបាល​ក៏កំពុង​ដាក់នូវ​វិធាន​ការក្នុង​ការ​ពង្រឹង​ក្រុមការងារ​​ឆ្លើយ​តប​បន្ទាន់​ដែលមាន​ស្រាប់ និង​បានចាត់​ឲ្យមន្ទីរពេទ្យ​ជាតិ​ចំនួន២​ និងមន្ទីរពេទ្យ​ខេត្ត​ចំនួន២​ គឺមន្ទីរពេទ្យ​កាល់ម៉ែត​ និងមន្ទីរ​ពេទ្យមិត្ត​ភាពខ្មែរ​-សូវៀត​បានត្រៀម​លក្ខណៈ​ក្នុង​ការ​ជួយ​​សង្គ្រោះ​បន្ទាន់​នៅរាជធានី​ភ្នំពេញ​មន្ទីរពេទ្យ​បង្អែក​មង្គលបូរី​ នៅ​ខេត្តបន្ទាយ​មានជ័យ​ និងមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​នៅខេត្តសៀមរាប​។

ទន្ទឹមនឹង​នោះក្រសួង​សុខាភិបាល​នឹងបណ្តុះ​បណ្តាល​ជូនដល់​មន្ត្រីដែល​ទទួលភារកិច្ច​ក្នុងការ​ជួយ​សង្គ្រោះ​បន្ទាន់​នៅតាម​មន្ទីរពេទ្យ​ទាំងនេះ​បន្ថែម​ទៀតក្នុង​ពេលឆាប់ៗ​ខាងមុខនេះ​ ទោះ​ជាក្រសួង​ធ្លាប់បាន​ផ្តល់ការ​បណ្តុះ​បណ្តាល​ក្នុងពេល​ត្រៀមលក្ខណៈ​ឆ្លើយតប​ជំងឺ​អេបូឡា​រួចហើយ​ ក៏ដោយដែល​នឹងរៀបចំ​ដោយនាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​នៃក្រសួង​សុខាភិបាល ​និងមានអ្នក​ជំនាញ​ការពីអង្គការ​សុខភាព​ពិភពលោក​ជាអ្នកផ្តល់​ទីប្រឹក្សាបច្ចេកទេស​ផងដែរ។

ជាមួយ​គ្នានោះ​​ដែរ លោក​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ សូមអំពាវ​នាវឲ្យ​​ប្រជា​ពល​រដ្ឋ​​កម្ពុជា​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ដោយចេះ​ការពារខ្លួន​ពីការឆ្លងវីរុស​ MERS​ នេះដោយ​ ពាក់ម៉ាស់​កា​រពារបើ​មានករណី​សង្ស័យ​ ជាពិសេស​នៅពេល​ក្អក​ ឬក្រ​ដាសដើម្បី​កុំឲ្យមានការចម្លង​ទៅអ្នកដែល​នៅជុំវិញខ្លួន​។ បើមានរោគ​​សញ្ញាក្តៅ​​ខ្លួន​ ក្អក​ និងពិបាក​ដកដង្ហើម ​ត្រូ​វប្រញាប់​ទៅជួបគ្រូពេទ្យ​ដែលមានការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ​​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ​ដែលនៅជិតខ្លួន​បំផុតព្រមទាំង​ប្រយ័ត្ន​ការ​ចម្លង​​នៅ​ក្នុងក្រុម​គ្រួសារ​ និងមិន​ត្រូវធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​ ប្រសិន​បើមានការ​សង្ស័យថា​ខ្លួន​ឈឺ​​ដោយមាន​រោគសញ្ញា​សង្ស័យ​ទាំងនេះ​។ ចៀសវាងការ​ប៉ះពាល់ជិតស្និទ្ធ​ជាមួយអ្នក​ជំងឺផ្លូវដង្ហើម​ស្រួច។ ត្រូវអនុវត្ត​​អនាម័យ​ល្អ​ជាប្រ​ចាំ​ដោយលាងដៃ​ឲ្យបានញឹកញាប់​ជាមួយសាបូ​ និងទឹកស្អាត​ ជាពិសេស​ក្រោយពេលក្អក​ ឬកណ្តាស់​មុនពេល​បរិភោគ​អាហារ​ក្រោយពេលប៉ះពាល់​ជាមួយអ្នកជំងឺ​ ឬបរិស្ថាន​ជុំវិញ​គាត់​​នៅមុនពេល​ចម្អិន​អាហារ​ និងនៅ​ក្រោយពេល​បន្ទោរបង់​។ល។ ​ប្រកាន់​ខ្ជាប់​នូវការ​អនុវត្ត​​អនាម័យ​ និងសុវត្ថិភាព​ចំណី​អាហារ​ដូចជា​ចៀសវាង​ផលិត​ផល​សត្វចម្អិន​មិន​ល្អ​ក្នុង​នោះ​មាន​​ទឹកដោះ​ និងសាច់​។ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​ក​សិដ្ឋាន​ ឬសត្វរស់​ជាកន្លែងដែល​​ដឹង​ថា​ មានវីរុស​កំពុងចរាចរ​។ ត្រូវលាងដៃ​ឲ្យបានទៀង​ទាត់មុនពេល​ និងបន្ទាប់ពី​ការប៉ះសត្វ។

បើមានករណីសង្ស័យ​ ត្រូវប្រញាប់​រាយការណ៍​មកភ្នាក់ងារ​សុខាភិបាល​ ជាបន្ទាន់​​តាមរយៈ​ទូរ​ស័ព្ទ​លេខ​០១២ ៨៨៨ ៩៨១ ឬ​០៨៩ ៦៦៥ ៥៦៧​ ឬសាកសួរព័ត៌មាន​បន្ថែម​។ ដោយទាក់​ទង​លេខ​​០១២ ៨២៥ ៤២៤​ ឬ០៩២ ៥៥៤ ១០០ ​ឬ​តាម​គេហទំព័ររបស់​នាយកដ្ឋាន​​ប្រយុទ្ធ​​នឹងជំងឺ​ឆ្លង​ www.cdcmoh.gov.kh​ និង​ facebook ​នាយកដ្ឋានការឆ្លង​រោគនេះ។

3ចំពោះការឆ្លង​មេរោគ​ នេះវិញ​គេនៅមិន​ទាន់ដឹង​ពិតប្រាកដ​នៅឡើយទេ​ ក៏ប៉ុន្តែមាន​ការលើក​ឡើងដោយអង្គការ​សុខភាព​ពិភពលោក​ ថាវាអាចឆ្លង​តាម​រយៈការប៉ះពាល់​ផ្ទាល់​ ជាមួយអ្នកជំងឺ​ ដូចជាអ្នក​ដែលថែទាំ​អ្នកជំងឺ​ MERS​ ដោយផ្ទាល់​ ឬក៏រស់នៅ​ជាមួយអ្នកជំងឺ ​MERS។​ ការចម្លង​ គឺមាននៅតាម​មន្ទីរពេទ្យ​ ហើយ​ក៏មិន​​មានការសង្កេត​ឃើញមានការ​ចម្លងនៅក្នុង​សហគមន៍ បើ​តាម​របាយការណ៍​នៃការ​សិក្សា​​របស់​អ្នកស្រាវជ្រាវ​លើករណីជំងឺនេះ។

រហូត​មកដល់ពេលនេះ​មិនមានវ៉ាក់​សាំង ​ឬឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ MERS នេះ​នៅឡើយទេ​ ដូច្នេះការប្រុង​​ប្រយ័ត្ន​ និងការចូល​រួមទប់​ស្កាត់ការ​ចម្លងជំងឺ​ពីប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​តាមការ​ណែនាំ​​របស់​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ខាងលើនេះ​ ជាការចាំបាច់​ណាស់​សម្រាប់​​សុខ​ភាព​​យើងទាំងអស់​គ្នា​ និងដើម្បី ​”កុំឲ្យ​មានការ​ចម្លងជំងឺ​ MERS នៅកម្ពុជា”។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative