ការធានារ៉ាប់​រង​សុខភាព​ ស្ថិតក្នុង​ចំណាត់​ថ្នាក់ទី៣​នៅកម្ពុជា

ទន្ទឹមនឹងការរីកចំរើន​នៃវិស័យធានា​រ៉ាប់រង​ នៅកម្ពុជា​ ការធានា​រ៉ាប់រង​សុខ​ភាព​ បានស្ថិតក្នុង​ចំណាត់ថ្នាក់​ទី៣​ នាំមុខ​ដោយ​ការធានារ៉ាប់រង​ទ្រព្យសម្បត្តិ​ និង​ការធានារ៉ាប់រង​យានយន្ត។
09លោក ឆាយ រតនៈ​ ប្រធាននាយកដ្ឋាន​ធានា​រ៉ាប់រង​ និងសោធន​នៃក្រសួង​​សេដ្ឋ​​កិច្ច​ និងហិរញ្ញវត្ថុ​​ បានថ្លែង​ឲ្យដឹង​កាលពីពេលថ្មីៗ​នេះថា​ ទឹកប្រា​ក់​បាន​មក​ពី​វិស័យ​ធានារ៉ាប់រង​ ក្នុងរយៈពេល​៤ខែដើម​ឆ្នាំនេះ​មានចំនួន​២៨.៩​លាន​​ដុល្លា​រ​ ធៀ​បនឹង​ចំនួន​ ២១លាន​ដុល្លារ ​កាលពីឆ្នាំមុន​ ស្មើនឹង​កំណើន​៣៧​ភាគរយ​​។​ លោក​បន្តថា​ ផ្នែកធានារ៉ាប់រង​លេចធ្លោជាង​គេ គឺការ​ធានារ៉ាប់រង​ទ្រព្យសម្បត្តិ​ស្មើនឹង​ ​៤១ភាគរយ​  ធានាយាន​យន្ត​១៦ភាគរយ​  ធានា​សុខភាព​១៤ភាគរយ​  ធានាគ្រោះ​​ថ្នាក់​បុគ្គល​ ៨ភាគរយ​ និងធានា​រ៉ាប់រង​វិស្វកម្ម​៧​​ភាគរយ។​

នៅកម្ពុជា​មានក្រុមហ៊ុន​ធានារ៉ាប់​រងទូ​ទៅចំនួន៧​ ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន​១ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន៣​ និងក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូចចំនួន​៣។

លោក រតនៈ បានបន្តថា​ “ការកើនទ្បើង​ក្នុងវិស័យ​រ៉ាប់រង​ ដោយសារកំនើន​​សេដ្ឋកិច្ច ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ និងការយល់​ដឹងរបស់ប្រជាពលរដ្ឋ​​កាន់តែប្រសើរទ្បើង”។

លោក​ យក់ ចំរើនឬទ្ឋិ​ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ Forte​ បានថ្លែងថា ​ទឹកប្រាក់បានមក​ពីរ៉ាប់រង​របស់​ក្រុមហ៊ុន​Forte បាន​កើនទ្បើង​ជាបន្តបន្ទាប់​ ជាក់ស្តែង​កាលពីឆ្នាំ​២០១៤​ ក្រុម​ហ៊ុនលោក​ទទួលបានទឹក​ប្រាក់បានមក​ពីវិស័យ​ ធានារ៉ាប់រង​ កើន​ទ្បើង​ដល់៤៧ភាគ​រយ​ ធៀបនឹង​ឆ្នាំ២០១៣​ និងគិតត្រឹម​​រយៈ​ពេល​៤ខែ​ដើមឆ្នាំ​២០១៥នេះ​ ទឹកប្រាក់បាន​មក​ពីវិស័យ​ធានា​រ៉ាប់​រង​​កើន​ទ្បើង​ពី​៩លានដុល្លារ​ កាលពី​ឆ្នាំមុន​ ដល់១១.៥​លាន​ដុល្លារ​​នៅឆ្នាំនេះ​ ដែលស្មើនឹងកំ​ណើន​​២៥​ភាគរយ។

លោកបន្តថា​ “កំនើនបុព្វលាភ​បានមកពីវិស័យ​ធានារ៉ាប់រង​ គឺដោយសារ​ការ​ហូរចូលនូវចំនួន​អ្នកវិនិយោគ​កាន់តែច្រើន​ កំណើន​សេដ្ឋកិច្ច និងប្រាក់ចំណូល​​របស់ប្រជាពលរដ្ឋ​ ពិសេស​​គ្រួសារ​វណ្ណៈ​កណ្តាល​កើនទ្បើង​នៅកម្ពុជា​​”។ ​លោ​ក​បន្តថា​ “ជានិន្នាការ​ទូទៅនៅក្នុង​ពិភពលោក​ ពេលណាសេដ្ឋកិច្ច​គ្រួសារកើន​ទ្បើង វិស័យ​​ធានា​រ៉ាប់រងនឹ​ង​មានការកើនទ្បើងផងដែរ ​” ។

លោក​ឌួង វិបុល​ អគ្គនាយកក្រុមហ៊ុន​ធានារ៉ាប់រង​ កាំមីងកូ​ បានថ្លែងយ៉ាង​ខ្លី​ថា​ វិស័យធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​លោកមាន​ការកើន​ទ្បើងនាឆ្នាំនេះ​ តែលោក​មិនបញ្ជាក់​ឲ្យដឹងពីបុព្វលាភ​បានមកពីវិស័យ​នេះនោះទេ។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative