កម្ពុជា​ខ្វះធនធាន​មនុស្ស​មានគុណភាព

បើទោះ​ជាកម្ពុជា​សម្បូរ​មនុស្ស​វ័យក្មេងក្តី​ តែ​ការសិក្សាថ្មី​មួយដែលទើប​ បាន​បញ្ចប់​កាលពី​ពេលថ្មីៗ​នេះ​ បានរកឃើញ​ថា​ កម្ពុជា​សម្បូរ​ធនធាន​មនុស្ស​​យ៉ាង​សម្បូរ​បែប​ តែប្រទេស​នេះ​កំពុង​ខ្វះមនុស្ស​​ដែល​មាន​​សមត្ថ​ភាព​ពិត​ប្រាក​ដ។

Graduates from the Royal University of Phnom Penh listen to a speech by Prime Minister Hun Sen, February 22, 2011.

Graduates from the Royal University of Phnom Penh listen to a speech by Prime Minister Hun Sen, February 22, 2011.

យោងតាម​ការអង្កេត​មួយ​ ដែលធ្វើទ្បើង​ដោយ​សមាគម​ និយោជក​ដែល​បាន​ សម្ភាសន៍​និយោជក​ចំនួន​៦០០​ក្រុមហ៊ុន​ ដែលបាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​ចំនួន១០​ នៅកម្ពុជាបាន​រកឃើញថា​ ក្នុងចំណោម​​​និស្សិត​ដែ​ល​បាន​​បញ្ច​ប់​ការសិក្សា​ និង​ ទើបចូល​ធ្វើការ​​តំបូ​ង​ ពួកគេ​មាន​កង្វះខាត​សមត្ថភាព​​ជំនា​ញ​ ​ចំណេះ​ភាសាបរទេស​ នៅមាន​​កម្រិត​​ កង្វះ​ជំនាញ​ក្នុងការ​ទំនាក់​ទនង​ បដិសណ្ឋារ​កិច្ច​ និង​​កង្វះ​ជំនាញ​ដោះស្រាយ​​បញ្ហា​។

លោក​ហៃ ហ៊ុនទ្បេង​ អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ជាស្ថាប័ន​​អន្តរការរី​ដែលធ្វើការ​ងារ​ជាមួយ​អ្នករក​ការងារ​ធ្វើ​ និង​និយោជក​បានថ្លែង​ឲ្យ​គេហ​ទំព័រ​សុខភាព​កម្ពុជា​ដឹង​តាម​ទូរស័ព្ទ​ នាព្រឹក​ថ្ងៃទី២២​ មិថុនា​នេះថា​ បើ​គិត​ពី​ធនធាន​​មនុស្ស​និង​កម្រិតជំនាញ​​ យើង​មានបែង​ចែកជា​ពីរកម្រិត​ ទី១​ ធនធាន​មនុស្ស​អត់ជំនាញ​ដែលមក​ពីទីជនបទ​ កម្ពុជា​មានទី​ផ្សារការ​ងារ​ច្រើន​សម្រាប់​ពួកគេ​ សម្រាប់​​វិស័យ​​កាត់ដេរ​ និង​ស្បែក​ជើង​​​ជាដើម​ ហើយ​ពួកគេ​ទទួល​បានការ​បណ្តុះ​បណ្តា​ល​​ពីនិយោជក​ ពេល​ពួក​គេ​ចូល​​បំពេ​ញ​ការងារ​ និងទី២​ និស្សិត​ដែលទើប​បញ្ចប់ការ​សិក្សា​ថ្មីៗ​​ ភាគច្រើន​​ពួកគេ​រៀន​ជំនាញ​ទាក់​ទង​​នឹង​​សេដ្ឋកិច្ច​  ដែល​លើស​ពីចំនួន​ការងារ​ដែលអាច​​ផ្តល់​ជូន​ពួក​គេ​ ផ្ទុយទៅវិញ​កម្ពុជាត្រូវការ​ធនធាន​មនុស្ស​ទាក់ទង​ នឹង​បច្ចេកទេស​ និង​បច្ចេក​​វិទ្យា​ តែយើង​ខ្វះធនធាន​​មនុស្ស​ផ្នែកនេះ។

លោកបន្តថា​ “កម្ពុជា​សម្បូរធនធាន​មនុស្ស​ តែកម្ពុជា​ខ្វះធនធាន​មនុស្ស​ដែល​មាន​គុណភាព​។ ពួកគេ​មិនអាច​ធ្វើការងារ​បានពេញលេញ​ និងឆ្លើយតប​តាមជំនាញ​​ដែលពួកគេ​បានសិក្សាទ្បើយ​”។ លោកបន្តថា​ “និស្សិត​ត្រូវរើស​ជំនាញសិក្សា​ឲ្យត្រូវ​​នឹង​ទីផ្សារ​ និងត្រូវរៀន​ឲ្យមាន​ជំនាញ​ពេញលេញ​ដែលអាច​ធ្វើការងារ​បាន”។

លោក អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​នៃធនាគារ​អេស៊ីលីដា​ហាក់​បាន​​បដិ​សេធ​នឹងការសិក្សា​ខាង​លើ​ ដោយលោក​បាន​ថ្លែង​ថា “អ្នក​ដែលនិយាយ​ថានិស្សិត​​ដែលបាន​បញ្ចប់ការ​សិក្សា​នៅសាកល​វិទ្យាល័យ​ក្នុងស្រុក​គ្មាន​គុណភាព​ ពួកគេ​​និយា​យ​ដើម្បី​បង្អាប់​តែ​ប៉ុណ្ណោះ​ ជាក់ស្តែង​ក្នុងចំណោម​បុគ្គលិក​អេស៊ីលីដា​១១២០០​នាក់​ ពួកគេ​សុទ្ឋ​តែបញ្ចប់ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុងស្រុក​ ក្នុងនោះ​៨៥​ភាគ​រយ​​ បានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ និង១៥ភាគរយ​កំពុងសិក្សា។

លោកបន្តថា​ និស្សិត​ដែលយើង​បានជ្រើសរើស​សុទ្ឋតែអ្នក​ពូកែ​លើពូកែ​ មាន​​ឥរិយាបទល្អ​ ប្រវត្តិ​គ្រួសារល្អ​ និង​ទទួល​បានការ​បណ្តុះ​បណ្តាល​បីខែ​ មុនពេល​ចូល​បំរើ​ការងារ ​ហើយពួកគេ​តែងតែ​ទទួលការ​បណ្តុះ​បណ្តាល​​ចំនួន៥ដង​ក្នុងមួយឆ្នាំ​ ក្រោ​យ​ពេល​ពួកគេ​ចូលបំពេញ​ការងារ​”។ លោកបន្តថា​“និស្សិ​ត​​ដែលយើងមិន​​ជ្រើ​ស​​រើស​ឲ្យចូលបំពេញ​ការងារ​ មិនមែន​មានន័យ​ថាពួកគេ​គ្មាន​សមត្ថភាព​នោះទេ​ តែ​មក​ពី​យើងមិន​មានកន្លែង​ការងារ​គ្រប់គ្រាន់​ឲ្យពួកគេ​ធ្វើ​ប៉ុណ្ណោះ”។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative