CATA​ ដឹកនាំ​សមាជិក​ទស្សនកិច្ច​ នៅខេត្ត​ច័ន្ទបុរី​ នា​សប្តាហ៍​ក្រោយ​

សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ (CATA)​  នឹង​ដឹកនាំ​សមាជិក​​របស់​​ខ្លួន​​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​ នៅ​ខេត្ត​ច័ន្ទបុរី​ ប្រទេស​ថៃ​ រយៈ​ពេល​បីថ្ងៃ​នៅសប្តាហ៍​​ក្រោ​យ​នេះ។

1លោក​ អាង គីមអៀង​ ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ បានថ្លែង​​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ នាព្រឹក​ថ្ងៃទី​២០​ មិថុនា​នេះ​ថា​ នេះជា​លើកទី​៣ហើយ​ ដែល​លោក​​ បានដឹក​នាំ​សមាជិក​ សមាគម​ទីភ្នាក់ងារ​ទេស​ចរណ៍​កម្ពុជា​ ទៅ​ទស្សនកិច្ច​ និង​សិក្សា​​ស្វែង​យល់​ពីសក្តានុពល​ទេសចរណ៍​នៅ​ខេត្តច័ន្ទបុរី​ ប្រទេសថៃ​ ដើម្បី​សិក្សា​ស្វែង​​យល់​ពី​សក្តានុពល​ទេសចរណ៍​ របស់​ខេត្ត​ច័ន្ទបុរី​ ដែល​ជា​ខេត្ត​ជាប់​ព្រំ​ដែនខេត្ត​ប៉ៃ​លិន​​ ប្រទេស​​កម្ពុជា​។ លោកបន្តថា​ ដំណើរ​ ទស្សន​កិច្ច​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សមាគ​ម​ទេស​ចរណ៍​ ខេត្ត​ច័ន្ទបុរី​ ហើយការ​ធ្វើដំណើរ​នេះធ្វើ​ទ្បើង​តាម​រថយន្ត​បឺស​ ដោយ​ចេញ​​ដំនើរ​នៅ​ ថ្ងៃទី២២​ មិថុនា​ និង​ត្រលប់​មកវិញ​នៅ​ថ្ងៃ​ទី២៤​ មិថុនា​ នាសប្តាហ៍​​ក្រោយនេះ។

ច័ន្ទបុរី ​ជាខេត្ត​មួយមាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ របស់់​ប្រទេសថៃ​ ព្រោះ​​ខេត្ត​នេះ​មាន​​ត្បូងថ្ម ​ដូចខេត្ត​ប៉ៃលិនដែរ​ មាន​ចំការ​ផ្លែ​ឈើ​ច្រើន​ប្រភេទ​ មានតំបន់​ឆ្នេរ ​មាន​វារី​វប្បកម្ម​ចិញ្ចឹម​បង្គារ​ ទឹកជ្រោះ​ កន្លែងចិញ្ចឹម​ផ្សោត​ទន្លេដែល​អាចសម្តែង​​ជូន​​ភ្ញៀវ​ទេសចរណ៍​បានទស្សនា​ផងដែរ។

លោក​ អាង គីមអៀង​ បានបន្តថា​ ច័ន្ទបុរី​ជាខេត្តល្បី​មួយរបស់​ប្រទេសថៃ​ ដែលមាន​ស្លាក​ស្នាម​ប្រវត្តិសាស្រ្ត​ជាច្រើន​ និងជាទី​​កន្លែងដែល​បារាំង​បាន​បង្ខំ​ឲ្យ​ប្រ​ទេស​ថៃ​ចុះហត្ថ​លេខា​លើ​សន្ឋិសញ្ញា​បារាំង​ សៀម​នៅឆ្នាំ​១៩០៧​ ហើយ​បើយើង​ធ្វើ​​ដំណើរ​ដោយ​រថយន្ត​ចូល​ទីក្រុងបាងកក តាម​ច្រក​ខេត្តច័ន្ទបុរី យើងអាចចំណេញ​ពេល​វេលាប្រហែលមួយម៉ោង ធៀប​នឹង​ច្រក​ព្រំ​ដែន​ប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ​ ដោយសារ​មាន​ចំងាយ​ផ្លូវជិត​ជាង​​​ប្រមាណ​៥០​គីទ្បូ​ម៉ែត្រ​​។ ​លោកបន្តថា​ តាម​​គំរោង​សមាជិក​សមាគម ​និង​អ្នកសារព៌ត​មានប្រមាណ​៤០នាក់​នឹងចូលរួម​ក្នុង​ដំណើរ​​ទស្សន​កិច្ច​នេះ តែ​រហូតមក​ទល់ពេល​នេះ ទើប​មាន​អ្នកចុះ​ឈ្មោះចូល​រួមជាង​​៣០​នាក់​ប៉ុណ្ណោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative