រដូវមិនទៀង

នៅវ័យ​គ្រប់ការ ស្ដ្រីតែងតែ​មានការធ្លាក់​ឈាមរដូ​វជារៀងរាល់​ខែ ដែលខុស​ពីបុរស​គ្មានឈាម​រដូវ។ ការមក​រដូវនេះ គឺជាលក្ខណៈ​សម្គាល់​សុខភាព​របស់នារី។ ហើយការ​មករដូវ​នេះ មានលក្ខណៈ​ស្រដៀង​គ្នាទាំងអស់ គឺមកជា​រៀងរាល់​មួយខែ​ម្ដងៗ មានរយៈ​ពេល ពី៣ទៅ​៤ថ្ងៃ ឬមួយ​សប្ដាហ៍។ ការ​ប្រែប្រួល គឺជា​ករណីមក​រដូវ​មិនទៀង តើត្រូវ​ធ្វើដូច​ម្ដេចទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ចំពោះ​ស្ដ្រីខ្លះ រដូវរបស់​គាត់មិនសុទ្ធ​តែមកជា​ទៀងទាត់​រាល់ខែ​ទាំងអស់​នោះទេ។ ការមក​រដូវមិន​ទៀងទាត់​នេះ មាន​បញ្ហាខ្លះយើងចាត់​ទុកថាវា​ជារឿង​ធម្មតាទេ។ ប៉ុន្ដែ​ក៏មាន​បញ្ហាខ្លះ​ទៀត ជារឿង​មិនមែន​ធម្មតា ដែលបង​ប្អូនស្ដ្រី​ត្រូវយល់​ដឹង និងប្រុង​ប្រយ័ត្ន​ចំពោះ សុខភាព​ខ្លួន។

និយមន័យ​រដូវទៀង និងរដូវ​មិនទៀង

ជាធម្មតា​ឈាមរដូវ​ធ្លាក់មក​រៀងរាល់ខែ ខួបរដូវ​ជាមធ្យម ២៨​ថ្ងៃ គឺនៅ​ចន្លោះគម្លាត​ពី២១ ទៅ​៣៥ថ្ងៃ ហើយរដូវ​មានរយៈ​ពេល ៣ ទៅ​៤ថ្ងៃ។ ជា​ឧទាហរណ៍ ស្ដ្រីខ្លះ​មានខួប​រដូវ២៨​ថ្ងៃ រៀងរាល់២៨​ថ្ងៃគាត់​មកម្ដង ឬ៣០ថ្ងៃ​មកម្ដង។ នៅខែក្រោយ​រដូវគាត់​មកមុន​២ថ្ងៃ ឬលើស​ពី២ថ្ងៃ នុះមិនជា​បញ្ហាអ្វីទេ។ ករណី​នេះ បងប្អូនស្ដ្រី​មិនបាច់មាន​ការព្រួយ​បារម្ភទេ។ ករណីខួប​រដូវមក​លើសពី​៣៥ថ្ងៃ ឬតិចជាង​២១ ថ្ងៃ យើង​ហៅថា រដូវមិន​ទៀង។

លោកស្រី​វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ប្រធានផ្នែក​ពិនិត្យជម្ងឺ​ក្រៅ នៃមជ្ឈម​ណ្ឌលជាតិ​គាំពារ​ចមាតា និង​ទារក បានធ្វើ​ការអធិប្បាយ​អំ ពីបញ្ហា​រដូវនេះថា ការធ្លាក់​ឈាមរដូវ​មានច្រើន​បែបច្រើន​សណ្ឋាន។ ស្ដ្រីត្រូវដឹង​ថារដូវមិន​ទៀងបែប​ណា ដែលយើង​ចាត់ទុកថា​ជារឿង ធម្មតា និងរដូវ​មិនទៀង​ប្រភេទណា ដែលយើង​ចាត់ទុកថា ជារឿង​មិនធម្មតា។

– ការធ្លាក់​ឈាម​រដូវនៅ​ពាក់កណ្ដាល​ខែ ៖ ស្ដ្រីមាន​ធ្លាក់ឈាម​តិចៗ រយៈពេល​១ទៅ៣​ថ្ងៃ នៅពាក់​កណ្ដាលខួប​រដូវរបស់​គាត់ ហាក់ដូច​ជារដូវរបស់​គាត់ធ្លាក់១៥​ថ្ងៃម្ដង។ ការណីនេះ​ពុំចាំបាច់​ធ្វើការព្យាបាល​ទេ នុះយើងចាត់​ទុកថា រដូវរបស់​គាត់មកទៀង​ធម្មតាទេ។ តែ ប្រសិនបើ​គាត់ធ្លាក់ឈាម​ច្រើនត្រូវធ្វើ​ការព្យាបាល។

– ការធ្លាក់​ឈាមមុនពេល​មករដូវ ៖ ស្ដ្រីមករដូវ​នៅថ្ងៃទី១ ប៉ុន្ដែនៅ​ថ្ងៃទី២៤ គាត់មានធ្លាក់​ឈាមរដូវ។ ករណី​នេះ បើឈាម រដូវមក​តិចៗ ហើយមាន​ពណ៌ក្រហម​ក្រម៉ៅ ក៏មិនមាន​បញ្ហាអ្វីព្រួយ​បារម្ភទេ។ ផ្ទុយទៅ​វិញ បើឈាម​នោះមាន​ធ្លាក់ច្រើន យើងគួរ​ទៅជួបជា មួយគ្រូពេទ្យ​ជំនាញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រភេទរដូវ​មិនទៀង

មានកត្ដា​មួយចំនួន ដែលធ្វើឱ្យ​រដូវស្ដ្រីមក​មិនទៀង​ទាត់។ ការទទួល​ទានអាហារ​មិនគ្រប់​គ្រាន់ ជាមូលហេតុ​នាំឱ្យមិនមាន​រដូវ។ ការព្រួយ​ចិត្ដច្រើន​ពេក សប្បាយ​ចិត្ដពេក និងការមាន​អារម្មណ៍មិន​ធម្មតា ក៏នាំឱ្យ​រដូវរបស់​ស្ដ្រីមកមិន​ទៀងទាត់​បានដែរ។ ម្យ៉ាង​ទៀត រដូវ មិនទៀង​អាចបណ្ដាល​មកពីការប្រើ​ប្រាស់ថ្នាំពេទ្យ​មួយចំនួន។ ប្រការដែល​នឹងរៀបរាប់​ខាងក្រោម​នេះ ជាប្រការ​ដែលរដូវស្ដ្រី​មកមិនទៀង មានលក្ខណៈ​មិនធម្មតា ស្ដ្រីគួរមាន​ការកត់សម្គាល់​ផងដែរ។

– រដូវធ្លាក់​ញាប់ ៖ ខួប​រដូវខ្លី ការមក​រដូវមានរយៈ​ពេលពី១៨ ទៅ២១​ថ្ងៃម្ដង តែចំណុះ​ឈាមរដូវ​មកប៉ុនគ្នា ហើយរយៈ​ពេល៣ ទៅ៤ថ្ងៃ​ក៏ដូចគ្នា​ដែរ។ លក្ខណៈ​នេះ គឺមិន​ធម្មតាទេ ស្ដ្រីត្រូវស្វែង​រកការ​ព្យាបាល។

– រដូវ​រង្វើល ៖ គឺខួប​រដូវលើស​ពី៣៥ថ្ងៃ វាអាចមាន​៤៥ថ្ងៃទើប​មករដូវម្ដង។ អ្នក​ខ្លះ៣ ឬ៤ខែ​ទើបមកម្ដង តែមករដូវ​មានរយៈ ពេល៣ ទៅ៤ថ្ងៃ​ដូចគ្នា។ ការមករដូវ​បែបនេះ មិនចាំបាច់​ធ្វើការព្យាបាល​ទេ នេះគ្រាន់តែ​ខួបរដូវ​មានរយៈពេល​វែងប៉ុណ្ណោះ។ តែវាមាន​ផលវិ បាកបន្ដិច​ត្រង់ថាគាត់ ពិបាកក្នុង​ការបង្ក​កំណើត (ពិបាក​ឱ្យមាន​កូន)។

– រដូវមក​ច្រើន ៖ រដូវមក​ជាទៀងទាត់​ធម្មតា តែរដូវ​មកម្ដងៗ​ច្រើន ធ្វើឱ្យមាន​សភាព​ស្លេកស្លាំង។ ករណី​នេះ ស្ដ្រីច្រើន​តែកើត មានជម្ងឺ​សរីរាង្គប្រដាប់​បន្ដពូជ ដូចជាជម្ងឺ​ស្បូន ជម្ងឺមហារីក​ជាដើម។ ស្ដ្រីត្រូវស្វែង​រកការព្យាបាល​ជាបន្ទាន់។

– ឈាមរដូវ​ធ្លាក់មិនស៊ី​សង្វាក់គ្នា ៖ ក្នុង​មួយខែ គាត់ធ្លាក់​ឈាមរដូវ​៣ទៅ៤ដង ករណីនេះ​ច្រើនតែកើត​មាននៅលើ​ស្ដ្រីគ្រប់ការ។ ចំពោះស្ដ្រី​នៅវ័យក្មេង​ក៏អត់មាន​បញ្ហាដែរ។ ប៉ុន្ដែចំពោះ​ស្ដ្រីចំណាស់​អាចមានជម្ងឺ​ដុំសាច់ក្នុង​ស្បូន ឬជំងឺ​មហារីក។

រដូវមិន​ទៀង ពេលចូល​វ័យអស់រដូវ

ជា​ធម្មតា ស្ដ្រីអស់រដូវ​នៅវ័យចាប់​ពី៤៥ឆ្នាំ ទៅ​៥៥ឆ្នាំ។ ប្រសិនបើ​ស្ដ្រីមករដូវ​មិនទៀង រដូវរបស់​គាត់មកក្នុង​១ខែ ពី២ទៅ​៣ដង នៅវ័យជិត​អស់រដូវ ករណី​នេះ គាត់អាចនឹង​មានជម្ងឺសរីរាង្គ​បន្ដពូជដែរ គាត់ត្រូវ​ទៅជួបគ្រូពេទ្យ​ជំនាញ។ លក្ខណៈ​សម្គាល់ថា គាត់​អស់រដូវ លុះត្រាតែ​គាត់អស់រដូវ​មួយឆ្នាំ​ពេញ ទើបហៅថា​អស់រដូវ​មែនទែន។

ប្រការគួរ​យល់ដឹង

ប្រសិនបើ​យុវនារីអាយុ​២០ឆ្នាំ មានវ័យគ្រប់​ការហើយ តែគ្មាន​រដូវ គាត់ត្រូវទៅ​ជួបគ្រូពេទ្យ​ដើម្បីធ្វើការ​ពិនិត្យ និង​ព្យាបាល។ បញ្ហាដែលនឹង​អាចកើតឡើង គាត់អាចមាន​ដូចជាជម្ងឺ​ស្បូនតូច(​ស្បូនតូចមិន​អាចបង្កើត​ជារដូវបាន) សន្ទះព្រហ្ម​ចារីជិត(គ្មាន​រន្ធ) ជម្ងឺ​មហារីក សរីរាង្គ​បន្ដពូជផ្សេងៗ​ជាដើម។ ជួនកាល វាអាចធ្វើ​ឱ្យនារីមាន​ការធ្លាក់ឈាម​តែវាមិនមែន​ជាឈាមរដូវ​ទេ។ បើមាន​ករណីបែប​នេះ គួរ ប្រញាប់រូតរះ​ទៅជួបគ្រូពេទ្យ​ជំនាញខាង​រោគស្ដ្រី។

បងប្អូនស្ដ្រី​ទាំងឡាយ នៅពេលមាន​អាការមិន​ធម្មតាដូចបាន​ជម្រាប​ខាងលើ គួរប្រញាប់​ទៅពិគ្រោះ​ជាមួយគ្រូពេទ្យ​ជំនាញ​ឱ្យបានទាន់ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative