កម្ពុជាជប៉ុន​ បង្កើត​មជ្ឈ​មណ្ឌល​វិជ្ជាជីវៈ​ ផ្នែក​សាងសង់​ខ្នាត​អន្តរជាតិ​ បណ្តុះ​បណ្តាល​ដល់​យុវជន​កម្ពុជា

ស្រប​ពេលដែល​​កម្ពុជា​​ កំពុង​​ត្រៀមខ្លួន​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សហគមន៏​ សេដ្ឋកិច្ច​អាស៊ាន​ នាចុង​ឆ្នាំ២០១៥​នេះ​អ្នក​វិនិយោគទុន​កម្ពុជា​និង​ជប៉ុន​ បានរួមគ្នា​បង្កើត​មជ្ឈ​មណ្ឌល​វិជ្ជាជីវៈ​ផ្នែក​សាងសង់​ និង​ក្រុមហ៊ុន​​សំណង់​ក​ម្ពុ​ជា​​ជប៉ុន​យូរ៉ាតាអេស.អ៊ី​ (ខេមបូឌា)​ ដើម្បី​ផ្តល់ការ​បណ្តុះ​បណ្តាល​ដល់​យុវជន​កម្ពុជា​ ដែលមាន​បំណង​ចង់​ទទួល​​បាន​​នូវ​​ចំណេះ​ដឹង​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ ផ្នែក​សំណង់​​ខ្នាត​អន្តរ​ជាតិ​ សម្រាប់​យកទៅ​ប្រើប្រាស់​​ទាំង​នៅ​​​​​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក៍​ដូចជា​នៅក្នុង​តំបន់​ផង​ និង​អន្តរជាតិផង​។

2ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​​ជាផ្លូវការ​ មជ្ឈ​មណ្ឌល​វិជ្ជា​ជីវៈ​ផ្នែក​សាងសង់​ និង​ក្រុមហ៊ុន​​សំណង់​ក​ម្ពុ​ជា​​-ជប៉ុន​យូរ៉ាតា អេស.អ៊ី ​(ខេមបូឌា)​ ត្រូវ​បានប្រារព្វ​ធ្វើ​ឡើង​កាលពី​ពេលថ្មីៗ​ក្រោម​អធិបតីភាព​ លោក​ អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោក​ អ៊ាង សុផល្លែត​ ស្ថាបនិ​នៃ​សាជីវកម្ម​ ផារ៉ាហ្គន​ និង​ជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ យូរ៉ាតា​ អេស.អ៊ី​ (ខេមបូឌា)​ បានលើក​ឡើងថា​ សាជីវកម្ម​​ផារ៉ាហ្គន​ បាន​បោះ​ជំហាន​​ថ្មីមួយ​ទៀត​តាម​​រយៈ​កិច្ច​​សហ​ការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ យូរ៉ាតា​ នៃប្រទេស​ជប៉ុន​រួមគ្នា​បង្កើត​ក្រុមហ៊ុន​សំណង់​ ​យូរ៉ាតា​អេស.អ៊ី​(ខេម​បូឌា)​ ដែលមាន​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផ្នែកសាង​សង់​ បង្រៀន​ដោយ​​គ្រូ​ធ្លាប់​​មានបទ​ពិសោធ​ខ្ពស់​មកពី​ប្រទេស​ជប៉ុន​ ទាំងទ្រឹស្តី​ និង​ទាំង​ការអនុវត្ត​ នៅក្នុង​ក្រុមហ៊ុន​ និង​​នៅ​ការ​ដ្ឋាន​ដល់​ប្រជាជន​កម្ពុជា​ ជាពិសេស​សម្រាប់​ស្រទាប់​យុវជន​កម្ពុជា​ ដែលមាន​បំណង​ចង់​ទទួល​​បាន​​នូវ​​ចំណេះដឹង​ប្រកប​ដោយវិជ្ជា​ជីវៈ​ខ្ពស់​ផ្នែកសំណង់​ខ្នាត​អន្តរជាតិ​ សម្រាប់​យកទៅ​ប្រើ​ប្រាស់​​ទាំង​នៅ​​​​​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក៍ដូចជា​នៅក្នុងតំបន់​ផង​ និង​អន្តរជាតិផង​ ស្របពេល​ដែល​​កម្ពុជា​​កំពុង​​ត្រៀម​ខ្លួន​ធ្វើ​​សមាហរណកម្ម​​ចូល​ទៅ​ក្នុង​​សហគមន៏​​​សេដ្ឋកិច្ច​​អាស៊ាន​​នាចុងឆ្នាំ​​២០១៥​នេះ​​។ ​ថ្លែង​​​​​​​បើក​​ពិធី​សម្ពោធ​​ អោយ​​ប្រើប្រាស់​​ជាផ្លូវ​ការ​មជ្ឈ​មណ្ឌល​វិជ្ជាជីវៈ​ផ្នែកសាង​សង់​ និង​ក្រុមហ៊ុន​​សំណង់​​​​កម្ពុជា​-ជប៉ុន​យូរ៉ាតា​អេស.អ៊ី​(ខេមបូឌា) ​លោក ​អ៊ិត សំហេង​ បាន​អបអរសាទរ​ និងគាំ​ទ្រ​​ចំពោះ​​​​គម្រោង​វិនិយោគ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផ្នែក​សាងសង់​ និង​ក្រុមហ៊ុន​សំណង់​នេះ​ ដែល​នឹង​ចូលរួម​ចំណែក​បន្ថែមទៀត​ជួយគាំទ្រ​ដល់​បរិស្ថាន​វិនិយោគ​ និង​ការ​អភិវឌ្ឍ​វិស័យ​​សំណង់​​នៅ​កម្ពុជា​​​​។លោក​រដ្ឋមន្ត្រី​បានបន្តថា​ « ជាការពិត​ ការបើក​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ និង​ក្រុមហ៊ុន​សំណង់​នៅពេល​នេះ​ គឺជាការ​​បង្ហាញ​​​អោយ​ឃើញថា​ កម្ពុជាបាន​បោះ​ជំហាន​ថ្មីមួយ​ទៅមុខ​ទៀត​ប្រកប​ដោយចីរភាព​ នៅក្នុង​ការ​​បណ្តុះ​​​បណ្តាល​ធនធាន​មនុស្ស​ អោយ​ទទួល​បាននូវវិជ្ជា​ជីវៈផ្នែក​សំណង់​លំដាប់​អន្តរជាតិ ​និងអំពី​​ដំណើរ​​​ការរីក​ចម្រើន​ជឿន​លឿន​នៅក្នុង​សង្គម​សេដ្ឋកិច្ច​កម្ពុជា​»។

លោកបាន​បន្ថែមថា​ លទ្ធផល​ជាវិជ្ជមាន​នេះ​គឺជា​​មោទន​ភាព​របស់​កម្ពុជា​ទំាងមូល​ និង​បានរួម​ចំណែក​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ជាក់ស្តែង​​របស់​ប្រជាជន​​កម្ពុជា​ ​លើ​​វិស័យ​សំណង់​ និង​បានរូម​ចំណែក​បង្ក​លក្ខណៈ​អនុគ្រោះ​ និង​អំណោយ​ផល​ដល់​​កម្ពុជា​កាន់តែ​មាន​​ភាព​​ម្ចាស់ការ​ដោយ​ស្មើភាព​ និង​ស្មើ​សិទ្ធិ​នៅលើ​ឆាក​អន្តរជាតិ​ទាំង​កម្រិត​តំបន់​ និង​ពិភពលោក​។       លោក​ អ៊ិត សំហេង​ បាន​​សង្កត់​​ធ្ងន់ថា​ ទោះ​បី​​ជា​ការ​បណ្តុះ​ប​ណ្តាល​នេះ​ ទទួល​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​ក៏ដោយ​ ក៏​កម្ពុជា​​នៅ​តែ​​​បន្ត​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ ទំាង​គុណភាព​ និង​វិសាលភាព​។ សំណង់​​មួយ​​ចំនួន​តូច​នៅ​មិនទាន់​​ឆ្លើយតប​បាន​ទៅនឹង​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ​នៅឡើយ​។ ដូច្នេះ​ការងារ​បណ្តុះ​បណ្តាល​​នេះ​មាន​​សារៈ​​សំខាន់​ និង​ចាំបាច់​ដែល​ត្រូវគិត​គូរ​យកចិត្ត​ទុកដាក់​ខ្ពស់​ ដោយ​ហេតុថា​​ការ​​អភិវឌ្ឍ​​នៃផ្នែក​​សំណង់​​​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ កាត់​បន្ថយ​ភាពក្រីក្រ​ ជា​ពិសេស​ នៅក្នុង​បរិការណ៏​ដែលកម្ពុជា​ត្រូវឈាន​ចូលនៅក្នុង​​សហគមន៏​សេដ្ឋកិច្ច​​អាស៊ាន​​នាចុង​ឆ្នាំ​​នេះ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative