សម្ពោធ​គម្រោងថ្មី​យុទ្ធនាការ​អប់រំ​អំពី​បរិស្ថាន​របស់​អង្គការ​ស៊ីប៉ា

អង្គការស៊ីប៉ា​ សហការ​ជាមួយ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​បាន​បើក​សម្ភោធ​គំរោងថ្មី​ ដែលផ្តោត​លើយុទ្ឋ​នាការ​អប់រំ​បរិស្ថាន​ស្ថិត​នៅ​ភូមិ​​ត្រ​ពាំង​​សុក្រំ​ ឃុំបែកចាន​​​ ស្រុកអង្គស្នួល​​ ខេត្តកណ្តាល​។

2យោងតាម​សេចក្តី​ប្រកាស​ព៌តមាន​របស់​អង្គការ​ស៊ីប៉ា​ បានឲ្យ​ដឹង​កាល​ពី​ព្រឹក​​ថ្ងៃ​ទី១៩​ មិថុនា​កន្លង​មក​ថា​ ​គម្រោង​នេះ​ធ្វើ​ឡើង​​ក្រោម​រូបភាព​ជា​បណ្ណា​ល័យ​​ចល័ត​​ ពិសេស​មួយរបស់​​អង្គការ​​ស៊ីប៉ា​ ដោយទទួល​បានការ​ឧបត្ថម្ភ​ទាំង​ស្រុង​ ពី​ក្រុមហ៊ុន​​អាកាសយាន​ដ្ឋាន​​កម្ពុជា។​​ ក្រៅពីការ​លើកកម្ពស់​អំណាន​​ តាម​រយៈ​ការ​ផ្តល់​លទ្ធ​ភាព​​ទទួល​​បានសៀវ​ភៅ​​ និង​ព័ត៌​មាន​​បណ្ណាល័យ​ចល័ត​នេះ​ ក៏​ធ្វើ​បេសកកម្ម​ថ្មី​​មួយ​​បន្ថែម​ទៀតដែរ​ គឺការ​អប់រំ​បញ្ជ្រាប​អំពី​ការការពារ​បរិស្ថាន​ សុវត្ថិភាព​ចរាចរណ៍​​ និង​អនាម័យ​ទៅដល់​​ប្រ​ជា​ជន​ជាពិសេស​កុមារ​ និង​យុវវ័យ​។ បណ្ណាល័យ​ចល័ត​​ថ្មីនេះ​​បានចាប់​ផ្តើម​សកម្ម​ភា​ព​នៅតាម​សហគមន៍​តាំង​ពី​ដើម​​ឆ្នាំ​២០១៥​ ហើយ​ធ្វើ​​ការផ្តោត​សំខាន់​លើ​​ការអប់រំ​​បញ្ជ្រាប​តាមរយៈ​ឧបករណ៍​ព័ត៌មាន​ផ្សេងៗ​។

ក្នុងឆ្នាំ២០១៥​នេះ​ បណ្ណាល័យ​ចល័ត​“បរិស្ថាន​” កំពុង​​ប្រតិ​បត្តិ​ការ​នៅជុំវិញ​​ព្រលាន​យន្តហោះ​​ នៅតាម​សហគមន៍​ចំនួន​៥​ ដែល​ត្រូវបាន​​ជ្រើសរើស​ដោយ​​អង្គកា​រ​​ស៊ីប៉ា ​និង​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​ ហើយនៅ​​តា​ម​​​សហគមន៍​​ចំនួន​​៦០​​ផ្សេង​​ទៀត​ ដែលស្ថិត​នៅជាយ​ក្រុងភ្នំពេញ​ ខេត្ត​កំពង់ស្ពឺ​ និង​​ខេត្តតាកែវ។​ គម្រោង​​នេះ​នឹង​មានអ្នក​ទទួល​ផលច្រើន​ជាង​​៣​០០០​​នាក់​ ហើយពួក​គេ​នឹងបានចូល​រួម​កម្មវិធី​​អប់រំ​បញ្រ្ជាប​ ទាក់ទង​នឹងបញ្ហា​បរិស្ថាន​ សុវត្ថិភាព​​ចរា​ច​រ​ណ៍​ និង​អនាម័យ​ចំនួន​​២​ដង​​ក្នុងមួយ​សប្តាហ៍​។ ដូច្នេះ​សកម្មភាព​អប់រំ​បញ្រ្ជាប​ចំនួន​​១០០ដង​ នឹងត្រូវ​ធ្វើ​ឡើង​​ដោយ​បណ្ណាល័យ​ចល័ត​នេះក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​

1​សេចក្តី​ប្រកាស​ព៌តមាន​ដដែល​បានឲ្យដឹង​ថា​ ក្នុងមួយ​ដងកម្ម​វិធី​អប់រំ​បញ្រ្ជាប​​មាន​សកម្មភាព​ជាច្រើន​ដូចជា​ ការនិទាន​​រឿ​ង​​ដោយ​បណ្ណា​រក្ស​ចល័ត​ ការអាន​រឿង​​ដោយ​សេរី​ ការអាន​សាលាក​បត្រ​ព័ត៌មាន​ ការចែក​ក្រដាស​ផ្សព្វផ្សាយ​ពីបញ្ហា​​បរិ​ស្ថាន​ដល់​សាធារណៈ​ជន​ ការឆ្លើយ​សំណួរ​ ការ​បញ្ចាំង​វីដេអូ​ខ្លីទាក់​ទង​នឹងប្រធាន​​បទ​​អប់រំ​ ឥរិយាបថ​ល្អក្នុង​ការ​ការពារ​បរិស្ថាន​ ការ​រក្សា​អនាម័យ​ ​និង​ការខ្ចី​សង​​សៀវ​ភៅ​ជាដើម។​ បណ្ណាល័យ​ចល័ត​មាន​​បណ្ណា​រក្ស​ម្នាក់​ និងជា​ធម្មតា​មាន​និស្សិ​ត​ស្ម័គ្រ​​ចិត្ត​២​នាក់​ ​ដើម្បី​ជួយដល់​សកម្មភាព​អប់រំ​​បញ្រ្ជាប​ ហើយ​រថយន្ត​ចល័ត​មានផ្ទុក​​សៀវ​ភៅ​ និង​សម្ភារៈ​អប់រំ​ជាច្រើន​។

អង្គការ​ស៊ីប៉ា​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​បារាំងមួយ​ ដែលមាន​បុគ្គលិក​ខ្មែរ​​ចំនួន​៤០នាក់​ និង​មាន​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​។ ជាង២០​ឆ្នាំកន្លង​មកនេះ​អង្គ​ការ​ស៊ីប៉ា​បាន​ និង​កំពុងបន្ត​ចូលរួម​បំពេញ​សកម្មភាព​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ តាម​
​រ​យៈ​ការ​លើក​កម្ពស់​វិស័យ​អំណាន​ ការបោះពុម្ព​ផ្សាយ​សៀវភៅ​ជាភាសា​ខ្មែរ​ និង​ចែក​ចាយ​​ទៅគ្រប់​ខេត្តក្រុង​ទាំង២៥​ ដោយ​ទទួលបានការ​ឧបត្ថម្ភ​ថវិកា​ពីអ្នក​ផ្តល់​​អំណោយ​​ឯកជន​ (ដូចជា​ក្រុមហ៊ុន​អាកាស​យានដា្ឋន​កម្ពុជា​)​ មូលនិធិ​នានា​ស្ថាប័ន​​ដៃគូ​ ដូច​ជា​ EU​ ជាដើម​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative