មន្ត្រីអាជ្ញាធរអេដស៍​ ​អំពាវនាវ​​ឲ្យ​បញ្ឈប់​​ជាបន្ទាន់​​នូវ​ការ​ចាក់​​អ័រម៉ូន​​ដើម្បី​​ក្លាយខ្លួន​ជា​ស្រី​

អគ្គលេខាធិការ​​អាជ្ញាធ​រ​​ជាតិ​​ប្រយុទ្ធ​​និង​ជំងឺអេដស៍​ បាន​អំពាវ​នាវ​​ឲ្យ​ក្រុម​​បុរស​​ស្រឡាញ់​បុរស​ ឬ​ក្រុម​​ស្រី​ស្រស់​​នោះ​​បញ្ឈប់​​ជាបន្ទាន់​​នូវ​រាល់​ការ​ចាក់​​អ័រម៉ូន​​ដើម្បី​​ធ្វើខ្លួន​​ឲ្យ​ក្លាយជា​​ស្រី​ដោយ​​គ្មាន​ការ​អនុញ្ញាត​​ពី​គ្រូពេទ្យ​​ច្បាស់លាស់​​ព្រោះ​​រាល់​​ទង្វើ​ទាំង​នោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សុខភាព​​ធ្ងន់ធ្ងរ ។

2ការអំពាវនាវ​​របស់​លោក​ តែង គ​ន្ធី​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​​ប្រចាំ​ត្រីមាស​​ក្រុមការងារ​​បច្ចេកទេស​​ថ្នាក់ក្រោម​​ជាតិ​ ស្តី​ពី​​ក្រុម​បុរស​​ស្រឡាញ់​បុរស​ និង​​ក្រុម ស្រី​ស្រស់​​កាលពី​ ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០១៥​។

លោក​បាន​​ឲ្យ​ដឹងថា​ ​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​អេដស៍​​ទើប​​ទទួល​បាន​​ដំណឹង​​ថ្មី​មួយ​​ដែល​គួរ​​ឲ្យ​ព្រួយ​បារម្ភ​​នោះ​ គឺ​ក្រុម​​ប្រុស​​​ស្រឡាញ់​​ប្រុស​ ឬ​ក្រុម​​ស្រី​ស្រស់​​មួយ​ចំនួន​​បាន​ចាក់​​អ័​រមូ​​ន​​ដោយ​ខ្លួន​ឯង​ ដើម្បី​​ឲ្យ​ខ្លួន​គេ​ក្លាយ​ជា​ស្រី​​ដោយ​គ្មាន​​ការ​អនុញ្ញាត​​ពី​គ្រូពេទ្យ​ ច្បាស់លាស់​​ហើយ​​ជាពិសេស​​គឺ​​ការចាក់​ប្រេង​​ចាន់​ ចាក់​ទឹក​ដូង​ នៅលើ​ថ្ពាល់​​ឬ​នៅលើ​​ដើមទ្រូង​​ដើម្បី​​ធ្វើ​ឲ្យ​​សរីរាង្គ​កាយ​ ទាំងនោះ​​ឡើង​​ធំ​​ដូចជា​ស្ត្រី​​ពិត​ប្រាកដ​ ដែល​កត្តា​​ទាំងនោះ​​វា​អាចធ្វើ​​ឲ្យ​ប៉ះពាល់​​ដល់​​សុខភាព​​ធ្ងន់ធ្ងរ​ ទាំង​ការ​ឆ្លង​​មេរោគ​​អេដស៍​ និង​​មេរោគ​ផ្សេង​ៗ​ទៀត។

លោក​ តែង គ​ន្ធី ​បាន​ឲ្យ​ដឹង​​ទៀតថា​ ការ​ធ្វើ​សកម្មភាព​​បែប​នេះ​​ធ្វើ​ឲ្យ​ក្រុម​ស្រី​ស្រស់​​មួយចំនួន​​បាន​រង​​ផល​ប៉ះពាល់​​ហើយ​ គឺ​​អ្នកខ្លះ​​ហើម​ថ្ពាល់​ ហើម​ដើមទ្រូង​ និង​​ខ្លះទៀត​​ប្រេះ​​ស្បែក​​ជា​​បន្ត​បន្ទាប់​​ដូច្នេះ​ហើយ​​​លោក​​បានស្នើ​​ឲ្យ​ក្រុម​​ស្រី​ស្រស់​​ទាំងអស់​​បញ្ឈប់​​សក​ម្ម​ភាព​​បែប​ខាង​លើ​នេះ​ជា​បន្ទាន់។​ លោក តែង គ​ន្ធី​ បាន​​បញ្ជាក់​ថា​ ដំណោះ​ស្រាយ​​ជា​ជំហាន​​ដំបូង​​មន្ត្រី​​ជំនាញ​​មន្ទីរ​សុខាភិ​បាល​ និង​​អាជ្ញាធរ​​មូលដ្ឋាន​ ​ត្រូវ​អប់រំ​​ពួកគាត់​​ឲ្យ​យល់​ច្បាស់​​ពី​ផល​ប៉ះពាល់​​ទាំងនេះ​ និង​ត្រូវ​ចុះ​​ទៅដល់​​គ្រប់​ទី​កន្លែង​​លក់​ថ្នាំពេទ្យ​​​ទាំងអស់​ មិន​​ឲ្យ​ផ្តល់​​សេវា​​ខាងលើ​​ជូន​ពួកគាត់​​ទេ​ពី​ព្រោះ​​តាម​ប្រភព​ព័ត៌មាន​​ថា​ កន្លែង​​លក់​ថ្នាំ​ពេទ្យ​​មួយ​ចំនួន​​បាន​លួច​​ផ្តល់​​សេវា​​នេះហើយ​​ប្រសិន​បើជា​​កន្លែង​​លក់​ថ្នាំពេទ្យ​​ណា​នៅ​តែ​លួច​​ប្រព្រឹត្ត​​ខុស​ទៅ​នឹង​ការ​ណែនាំ​​របស់​​មន្ត្រី​​ជំនាញ​ និង​អាជ្ញាធរ​​ដែនដី​​នោះ​​សមត្ថកិច្ច​ និង​​អាជ្ញាធរ​​ត្រូវតែ​​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative