ក្មេងតាមថ្នល់​​​នៅ​ភ្នំពេញ៣០%​ហិតកាវ

នៅប្រទេស​កម្ពុជា ចំនួនអ្នកហិត​កាវភាគ​ច្រើនជាកុមារ និងក្មេង​ជំទង់ ដែលមាន​អាយុពី៧​ទៅ១៥ឆ្នាំ។ ពួកគេជា​ក្មេងអនាថារស់នៅ​តាមចិញ្ចើម​ថ្នល់ អ្នកខ្លះទៀត​ជាកុមារ ដែលរស់នៅ​ក្នុងសហគមន៍ ប៉ុន្ដែពួកគេ​ធ្វើការនៅ​តាមចិញ្ចើម​ថ្នល់ ដូចជា​រើសអេត ចាយ វាយសារ៉ា​ស្បែកជើង លក់កា​សែត យាមកង់​ម៉ូតូជា​ដើម។ តាមការ​អះអាង​បញ្ជាក់ថា ការប្រើប្រាស់​កាវនេះ កើតឡើង​ដោយ ពួកគេខ្លួន​ឯងផ្ទាល់ និងតាមការ​អូសទាញ​របស់មិត្ដភក្ដិ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាវជាវត្ថុ​រាវស្អិតៗ មានក្លិន​ឆួល វាជាវត្ថុមួយ​គ្រោះថ្នាក់ ធ្វើឱ្យ​ញៀន ឬ​ស្រវឹង។ គេមិនមែន​ផលិតវា​សម្រាប់​មនុស្សប្រើ ប្រាស់ជា​អាហារ ឬជាថ្នាំ​ជំនួយកម្លាំង​ទេ គឺសម្រាប់​យកទៅ​បិទតុ ទូ ឬសម្រាប់​ប៉ះកង់ និងម៉ូតូ​ឯណោះ​វិញទេ។ តាម​របាយការណ៍របស់ អង្គការ​មិត្ដសំឡាញ់​បានបង្ហាញថា គិតចាប់​ពីឆ្នាំ២០០៤ មកដល់​ឆ្នាំ២០០៥ អត្រា​នៃកុមារ​ដែលប្រើ ប្រាស់កាវ​នៅទីក្រុង​ភ្នំពេញមាន ការថយចុះ​ពី៥០% មកនៅត្រឹម​៣០%។

មូលហេតុ ដែលនាំ​ឱ្យកុមារ​ហិតកាវ

កុមារដែល​ប្រើប្រាស់កាវ​ភាគច្រើន ជាកុមារដែល​មានជីវភាព​ខ្សត់ខ្សោយ កុមារ​អនាថា និងជាកុមារ​ដែលរស់​ដោយការប្រ កបរបរ​ចិញ្ចឹមជីវិត​នៅតាមចិញ្ចើម​ថ្នល់ ដូចជារើស​អេតចាយ ដើរវាយ​សារ៉ាស្បែក​ជើងជាដើម។ ការប្រើប្រាស់​កាវនេះ ភាគ​ច្រើនគឺ ប្រើតាមរយៈ​ការអូសទាញ​ពីមិត្ដភក្ដិរបស់​ពួកគេផ្ទាល់ ឬជាក្រុម​បងធំបងតូច​ជាដើម។ មានហេតុផល​មួយចំនួន ដែលធ្វើឱ្យ​ពួកគេប្រើ ប្រាស់​កាវ ភាគច្រើនពួក​គេយល់ថា កាវនៅ​ពេលដែល​ហិតទៅ វានាំឱ្យពួក​គេស្រមើ​ស្រមៃ ជួនកាលគេ​ស្រមើស្រមៃ​ឃើញឋាន​នរក ឋានសួគ៌ា។ កាវធ្វើឱ្យ​ពួកគេ​សប្បាយ ក្លាហាន​រកលុយ ធ្វើឱ្យពួកគេ​គ្មានការខ្មាស​អៀន និងហ៊ាន។ នៅពេល​គេចូលលួច​របស់ទ្រព្យ​អ្នក ដទៃ ធ្វើឱ្យគេ​មិនសូវ​ខ្លាច។

ជាក់ស្ដែង​កុមារា ហេង ប្រុស អាយុ១១ឆ្នាំ មានមុខរបរ​ជាអ្នក​សុំទាន ប្អូនត្រូវ​ចំណាយ​លុយពី​១.០០០ ទៅ១.៥០០​រៀល ក្នុង​១ថ្ងៃ ដើម្បីទិញ​កាវហិត។ ប្អូនបាន​លើកឡើង​ថា “ កាវធ្វើឱ្យ​ខ្ញុំសប្បាយ កាវនៅពេល​ហិតទៅ វាធ្វើឱ្យខ្ញុំ​ស្រមើស្រមៃ​ឃើញចាប់ ផ្កាយ”។ ចំណែក​ប្អូនស្រី ភាព គន្ធា អាយុ១៩​ឆ្នាំ ប្អូនស្រីបាន​ធ្វើចំណាកស្រុក​ពីខេត្ដកំពង់ស្ពឺ បានបន្លំខ្លួន​ជាក្មេងប្រុស ដើម្បីរក​ស៊ីជាអ្នក រើសអេត​ចាយ និងសុំទាន​ជាមួយក្មេង​ប្រុសៗ។ ប្អូនស្រីបាន​ប្រើប្រាស់​កាវ តាមការអូស​ទាញរបស់​មិត្ដភក្ដិ ដែលរស់​នៅតាម​ចិញ្ចើម ថ្នល់​ដូចគ្នា ដោយមិត្ដភក្ដិ​របស់ប្អូនបាន​ប្រាប់​ហេតុផលថា កាវនេះឆ្ងាញ់​ណាស់ ធ្វើឱ្យមាន​កម្លាំងរកស៊ី មិនធ្វើឱ្យ​ងងុយដេក​ទេ។ លើសពី នេះ វាធ្វើឱ្យ​សប្បាយ និងធ្វើឱ្យ​អ្នកញៀន​មិនគិតថា ជាអ្នកគ្មាន​ផ្ទះសម្បែង​ទេ។

ផលវិបាក​នៃការហិត​កាវ

កាវធ្វើឱ្យ​មានគ្រោះថ្នាក់​យ៉ាងខ្លាំង ចំពោះ​សុខភាព។ នៅពេល​ប្រើប្រាស់​ច្រើនទៅ ធ្វើឱ្យ​ស្រវឹង ដើរមិន​ដឹងខ្លួន អារម្មណ៍ រវើរវាយ​ខ្លាំង ជួនកាល​ឡាន ឬម៉ូតូបុក​ស្លាប់ដោយ​មិនដឹងខ្លួន។ ជួនកាល​ទៀត ដើរលើកដៃ​លើកជើង​ឡើងលើ​ប្រៀបដូចជា​មនុស្ស វិកល​ចរិត។ នៅពេល​ដែលប្រើ​ប្រាស់វា​យូរទៅ ធ្វើឱ្យប៉ះពាល់​រាង្គកាយ​ធ្ងន់ធ្ងរ ពិសេស​ផ្លូវដង្ហើម។ ជួនកាល​ទៀតអាចកើត​មានជាជម្ងឺ ណែន ដើមទ្រូង ចង់ស្ទះ ឬគាំង​បេះដូង ដែលអាច​នាំឱ្យមាន​ការបាត់បង់​ជីវិតបាន។ អ្នកដែល​ហិតកាវ មានច្រមុះ​មិនល្អ្អទេ ច្រើនតែ រលាក​ច្រមុះ ហើយដក​ដង្ហើមឮសូរ​ក្រឺតក្រត និងធុំក្លិន​កាវជាប់​ជានិច្ច។

រូបភាពទស្សនាវដ្តីសុខភាពយើង

ច្បាប់ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន

នៅក្នុងច្បាប់​ស្ដីពីការត្រួត​ពិនិត្យគ្រឿង​ញៀន មាត្រា៨៦​បានចែងថា ជនដែល​ដឹងច្បាស់​ពីហេតុផល ហើយនៅ​តែផ្ដល់ឱ្យ​អនិ តិជនហិត​ស្រូបនូវជាតិ​គីមីពុល​ណាមួយ​ដែលមាន​ចុះនៅក្នុង​បញ្ជីកំណត់ ដោយប្រកាស​របស់រដ្ឋមន្ដ្រី​ក្រសួងសុខា​ភិបាល ត្រូវផ្ដន្ទា​ទោស ដាក់ពន្ធ​នាគារពី១ ទៅដល់​៥ឆ្នាំ និងផ្ដន្ទា​ទោសពិន័យ​ជាប្រាក់ពី​៥.០០០.០០០ (ប្រាំ​លានរៀល) ដល់​១០.០០០.​០០០ (ដប់​លាន រៀល)។

នៅក្នុង​មាត្រា៤១ បានចែង​ផងដែរថា ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនា​គារពី១ ដល់​៥ឆ្នាំ និងផ្ដន្ទា​ទោសពិន័យ​ជាប្រាក់ពី ៥.០០០​.០០០ (ប្រាំលាន​រៀល) ដល់​១០.០០០​.០០០រៀល (ដប់​លានរៀល) ឬផ្ដន្ទា​ទោសណា​មួយក្នុងទោស​ទាំង២ ដល់ជន​ណាញុះ ញង់ ដោយ​មធ្យោបាយ​ណាមួយ​ក៏ដោយ ទោះដោយ​ផ្ទាល់ ឬដោយ​ប្រយោល ឱ្យប្រើប្រាស់​ខុសច្បាប់ នូវគ្រឿង​ញៀន ដែលបណ្ដាល​ឱ្យ មានគ្រោះ​ថ្នាក់ធ្ងន់​ធ្ងរ ឬសារធាតុ​ដែលមាន​ឥទ្ធិពលដូច​គ្រឿងញៀន​នេះ។

មាត្រា​៣៦ ត្រូវផ្ដន្ទា​ទោសដាក់​ពន្ធនាគារពី​១ខែ ដល់​១ឆ្នាំ ឬពិន័យ​ជាប្រាក់ពី​១.០០០.​០០០ (មួយលា​នរៀល) ដល់ ៥.០០០​.០០០រៀល (ប្រាំ​លានរៀល) ឬផ្ដន្ទាទោស​ណាមួយក្នុង​ចំណោមទោស​ទាំង២នេះ ជនណា​ចែក ឬផ្ដល់​គ្រឿង​ញៀន ដែល បណ្ដាល​ឱ្យមានគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​ទៅឱ្យជនណា​ម្នាក់ដើម្បី​ប្រើប្រាស់​ផ្ទាល់ខ្លួន។

ដំបូន្មានគួរ​ប្រតិបត្ដិ

លោក អ៊ូច​ប៉ាត់ អមត្ថៈ បានឱ្យ​ដំបូន្មានដល់​កុមារ ក៏ដូចជា​យុវវ័យថា ប្អូនៗមិន​ត្រូវហិត​ស្រូប ឬប្រើប្រាស់​កាវទេ។ ប្អូនត្រូវ យល់ថា កាវមិនមែន​ជាវត្ថុល្អទេ វាបំផ្លាញ​សុខភាព​មនុស្ស ហើយប៉ះ​ពាល់យ៉ាង​ខ្លាំង ពិសេសផ្លូវ​ដង្ហើម។ ប្អូនត្រូវ​គិតថាកាវ មិនមែន ផលិត​ឡើង សម្រាប់ឱ្យ​មនុស្សយក​មកប្រើប្រាស់​ដើម្បីសុខភាព​ល្អទេ។ វាធ្វើឱ្យប្អូនៗ​បាត់បង់​ឱកាសក្នុង​ការសិក្សា បាត់បង់​ថវិកា និង អនាគត។ គ្រោះថ្នាក់​សំខាន់បំផុត វាធ្វើឱ្យយើង​មានអារម្មណ៍​រវើរវាយខ្លាំង ហើយអាច​ឱ្យយើងទទួល​គ្រោះថ្នាក់ រហូតដល់​បាត់បង់ជីវិត​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative